តាមរយៈការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រាជរដ្ឋាភិបាលបង្ក្រាបដីបានជាង៦ហិកតាយកមកគ្រប់គ្រងវិញ។
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ក្រោយមានការបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំលើអ្នកទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបកាលពីពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋទទួលបានដីជាង៦ម៉ឺន៣ពាន់ហិកតាយកមកគ្រប់គ្រងវិញ។ បើតាមការបញ្ជាក់របស់ឯកឧត្តមរូបនេះ ដីទាំងជាង៦ម៉ឺនហិកតានេះទទួលបានពីការប្រគល់ដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ១ម៉ឺន៥ពាន់គ្រួសារ។
ក្រោយដាក់ចេញបញ្ជាឲ្យអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធបើកយុទ្ធនាការបង្ក្រាបពលរដ្ឋដែលទន្ទ្រានដីជុំវិញបឹងទន្លេសាបខុសច្បាប់រួចមក សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ បានបញ្ជាឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វាស់វែងកាត់ឆ្វៀលដីមួយចំនួននៅតំបន់បីឲ្យប្រជាពលរដ្ឋកាន់កាប់វិញ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីជុំវិញបឹងទន្លេជិត២ម៉ឺន៥ពាន់ហិកតាប្រគល់ជូនពលរដ្ឋជិត២ពាន់គ្រួសារកាន់កាប់ និងអាស្រ័យផង។ ក្នុងនោះដីជាង១ម៉ឺន១ពាន់ហិកតាត្រូវបានចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋជាង១ម៉ឺន២ពាន់គ្រួសារកាន់កាប់ ខណៈដីជាង១ម៉ឺន៣ពាន់ហិកតា រដ្ឋបានផ្តល់សិទ្ធិកាន់កាប់ និងអាស្រ័យផលដល់ពលរដ្ឋជាង៥ពាន់៣រយគ្រួសារ។
គួរបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋទាំងនោះរស់នៅទីនោះយូរឆ្នាំ និងបានបង្កើតជាភូមិ ឃុំ ស្រុក និងវត្តអារ៉ាមជាដើមដែលអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានដីកាន់កាប់ និងអាស្រ័យផង។ ប៉ុន្តែពលរដ្ឋដែលទើបកាប់ទន្ទ្រានដីព្រៃលិចទឹកថ្មីៗ ដើម្បីធ្វើជាកម្មសិទ្ធិខ្លួននោះ រដ្ឋាភិបាល មិនប្រគល់ឲ្យកាន់កាប់នោះទេ ត្រូវរឹបអូសយកមកវិញ។
បើតាមការគួសបញ្ជាក់របស់សម្តេចតេជោ បឹងទន្លេសាប ត្រូវបានបែងចែកជាបី គឺតំបន់ប្រជាជនរស់នៅ ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ និងតំបន់មួយទៀត រដ្ឋាភិបាលបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល ប៉ុន្តែជាកម្មសិទ្ធិរបស់រដ្ឋ។ ចំណែកតំបន់មួយទៀតជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សជាដាច់ខាត៕