យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ១១៣នាក់នោះ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងមាន១០៣នាក់ ជាអ្នករស់នៅរាជធានីភ្នំពេញ ក្រៅពីនេះ មាននៅខេត្តព្រះសីហនុ០៣នាក់, ខេត្តកណ្តាល ០៣នាក់ ,ខេត្តស្វាយរៀង០៣ និងកំពត០១នាក់។ នៅក្នុងនោះដែរ ក៏មានអ្នកជាសះស្បើយមានចំនួន៩០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
ដោយឡែកចំពោះករណីស្លាប់វិញ គឺជាបុរសជនជាតិខ្មែរ០២នាក់ ដោយម្នាក់ អាយុ៦៨ និងម្នាក់ទៀតអាយុ៤៩ ឆ្នាំ រស់នៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០៧មេសា ម្សិលមិញនេះ ហើយក្រសួងសុខាភិបាលបញ្ជាក់ថា ស្លាប់ដោយសារតែជំងឺកូវីដ១៩។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣០២៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៥នាក់និងស្លាប់បាត់បង់ជីវិតចំនួន២៤នាក់៕