តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤មករាឆ្នាំ២០២១នេះបានឲ្យដឹងថា ពលករខ្មែរទាំង៨នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩នោះ មានស្រ្តី៦នាក់ ប្រុស២នាក់ ក្នុងនោះ៧នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅពេទ្យបង្អែកខេត្តបាត់ដំបង។
ដោយឡែក អ្នកធ្វើដំណើរចូលមកកម្ពុជាដែលរកឃើញថាមានផ្ទុកកូវីដ១៩ មាន២នាក់ជាជនខ្មែរមកពីសហរដ្ឋអាមេរិក ២នាក់ជនជាតិឥណ្ឌូណេស៊ីមកពីប្រទេសឥណ្ឌូណេស៊ី និងម្នាក់ចុងក្រោយជាជនជាតិជប៉ុនមកពីប្រទេសជប៉ុន។ បច្ចុប្បន្នអ្នកទាំង៥ត្រូវបានដាក់អោយសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ក្រសួងបានគូសបញ្ជាក់បន្ថែមថា អ្នកដំណើរដែលនៅលើជើងហោះហើរជាមួយអ្នកជំងឺទាំង៥ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងសណ្ឋាគារនានាក្នុងក្រុងភ្នំពេញ។
ចំណែកឯអ្នកជាសះស្បើយម្នាក់ គឺជាពលករដែលបានធ្វើដំណើរមកពីប្រទេសថៃ បច្ចុប្បន្នបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយ។
គួរកត់សម្គាល់ដែរថា ពលករខ្មែរដែលមកពីប្រទេសថៃ រកឃើញថាបានឆ្លងជំងឺកូវីដ គិតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះសរុបមានចំនួន៤១នាក់។
សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ឡើងដល់៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៧៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៤នាក់៕