វិស័យអាកាសចរណ៍កម្ពុជា

ជើងហោះហើរត្រង់ទៅមកកម្ពុជា-ម៉ាឡេស៊ីកើនដល់៧លើកហើយក្នុងមួយថ្ងៃ


គិតមកទល់ពេលនេះ ការហោះហើរត្រង់ពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី និងពីម៉ាឡេស៊ីមកកម្ពុជា បានបង្កើនជើងហោះហើររហូតដល់៧លើកហើយក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតរបស់ម៉ាឡេស៊ី ដែលទើបតែបានទើបតែបើកសម្ពោធជើងហោះហើររបស់ខ្លួន​មក​កាន់កម្ពុជាកាលពីពេលថ្មីៗនេះ។
យន្ដហោះរបស់ក្រុមហ៊ុន Malindo Air ដែលបានចុះចតនៅអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ
ដោយ

អ្នកជំនាញ​នៅក្នុង​វិស័យ​អាកាសចរណ៍ បានអះ​អាងថា ការតភ្ជាប់​ជើងហោះ​ហើរ​ត្រង់ពី​ទីក្រុង​កូឡាឡាំពួរ​ មករាជធានី​ភ្នំពេញ​នេះ នឹងជួយ​ជំរុញឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង និងបង្កើន​ការទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងៗ​ជាច្រើនទៀត ឲ្យបង្កើន​ជើងហោះហើរ​ត្រង់របស់​ខ្លួនមក​កម្ពុជា​ផងដែរ។ 

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ Malindo Air ដែល​ទើបតែបាន​សម្រេចបើក​ជើងហោះហើរ​ត្រង់ទៅមក​ពីទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី មកកាន់រាជធានី​ភ្នំពេញនេះ បានអះអាងថា នឹងធ្វើការ​ហោះហើរ​១ថ្ងៃ១លើក​ ជារៀងរាល់ថ្ងៃ ជាមួយ​នឹងយន្ដ​ហោះ​ប្រភេទ Boeing 737-800 ដែល​អាចផ្ទុក​អ្នកដំណើរ​បានរហូតដល់​១៨០នាក់។ 

នាយក​ផ្នែកទំនាក់ទំនង​សារធារណៈ ​នៃក្រុមហ៊ុន Malindo Air លោក Raja Sa’adi Bin Raja Amrin បាន​លើកឡើង​ថា កម្ពុជា គឺជាប្រទេស​ទី១៧​ហើយ ដែលក្រុមហ៊ុន​អាកាសចរណ៍​មួយនេះ បានប្រតិបត្តិការ​ជើងហោះហើរ​របស់ខ្លួន ដោយគិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មួយនេះ មានអាយុ​កាលត្រឹម​តែជិត៥ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែមាន​យន្ដហោះ​សរុបរហូត​ដល់៤៥គ្រឿង​សម្រាប់ដឹក​អ្នកដំណើរទៅមក​ជិត២០​ប្រទេស។ 

លោកបន្ថែមថា ក្រុមហ៊ុន​បានសិក្សា​ពីទីផ្សារ​កម្ពុជាយូរ​មកហើយ  ហើយក៏ទន្ទឹង​រង់ចាំ​ការចូល​ទីផ្សារកម្ពុជា​នេះយូរហើយ​ដែរ ព្រោះ ទីផ្សារកម្ពុជា គឺមានភាពល្អ​ប្រសើរ​យ៉ាងខ្លាំងសម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍។

បើពិនិត្យ​មើលទៅ​លើស្ថិតិ​នៃអ្នក​ធ្វើដំណើរ ឃើញថា ប្រជាជន​ម៉ាឡេស៊ីបាន​ធ្វើដំណើរ​កម្ពុជា ច្រើនជាង​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​ទៅម៉ាឡេស៊ី ហើយ​ភាគច្រើន​ពួកគាត់​មក​កម្ពុជា​ដើម្បី​ធ្វើការ​ទិញទំនិញ ​និងដើរ​កម្សាន្ដ​ជាដើម។​ 

នាយកផ្នែក​ទំនាក់​ទំនង​សាធារណៈ​ក្រុមហ៊ុន Malindo Air រូបនេះ បាន​បន្ថែម​ទៀតថា ត្បិតថា​បច្ចុប្បន្ន​ក្រុមហ៊ុន Malindo Air ទើបតែ​មានមាន​យន្ដហោះ​មួយគ្រឿង​សម្រាប់ផ្ដល់​ការហោះ​ហើរទៅមករវាកម្ពុជា និង​ម៉ាឡេស៊ីក៏​ដោយ ប៉ុន្ដែ​លោកក៏បាន និងកំពុង​សំឡឹង​ឃើញពី​សក្ដានុពល​នៃការ​ហោះហើរត្រង់​ទៅកាន់​ខេត្ត​សក្ដានុពល​ផ្សេងទៀត​របស់​កម្ពុជា ដូចជាខេត្ត​សៀមរាប និងខេត្ត​ព្រះសីហនុ​ជាដើម។

ទោះយ៉ាងណា​​ក៏ដោយ លោកថា ក្រុមហ៊ុន​នឹងតាម​ដានពីតម្រូវការ​ជើងហោះ​ហើរ​ជាក់ស្ដែង​ជាមុនសិន ​ហើយប្រសិន​បើមានតម្រូវការ​មានការ​កើនឡើង​ ស្របទៅតាម​គោលដៅ​ពង្រីក​ជើងហោះហើរ​របស់​ក្រុមហ៊ុន នោះក្រុមហ៊ុន​លោកនឹង​ពិចារណា​ពង្រីក​ជើងហោះ​ហើរ​ពីកូឡាឡាំពួរ ​ទៅខេត្តសក្ដានុពល​ផ្សេងទៀត​របស់​កម្ពុជា។

លោក អេរិច ដឺឡូប៊ែល អគ្គនាយកអាកាសយាន្ដដ្ឋានកម្ពុជា​

យ៉ាងណា​ក៏​ដោយចុះ ក្រុមហ៊ុនអាកាស​ចរណ៍​ម៉ាឡេស៊ី​ចាស់​វស្សា​មួយ ​គឺ Air Asia ​ដែលបាន​ហោះហើរ​ត្រង់​មកកម្ពុជា​ ជា​យូរឆ្នាំ​មកហើយ​នោះ ក៏បាន​ពង្រីកជើង​ហោះហើរ​ត្រង់ពី​ម៉ាឡេស៊ី មកកាន់​កម្ពុជា​ក្នុងទិសដៅ​ជាច្រើនផ្សេងគ្នា​ផងដែរ ដូចជាការ​ហោះត្រង់​ទៅមក​ទីក្រុង​កូឡាឡាំពួរ-ភ្នំពេញ កូឡាឡាំពួរ​-សៀមរាប និងកាល​ពីប៉ុន្មាន​ខែមុននេះ ក៏ទើប​តែបន្ថែម​ជើងហោះហើរ​ត្រង់ទៅ​មក​ពីកូឡាំ-ខេត្តព្រះសីហនុ​ផងដែរ។

ដោយក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ Air Asia នឹងធ្វើការ​ហោះហើរត្រង់​ទៅមក​ពី​កូឡាឡាំពួរ មកខេត្តព្រះសីហនុ ឲ្យបាន​៤ដងក្នុង១សប្ដាហ៍​ ហើយរំពឹងថា​នឹងអាចបន្ថែម​ជើងហោះហើរ​ឲ្យបានរហូត​ដល់៧ដង​ក្នុង១សប្ដាហ៍​នៅពេល​ខាងមុខ ជាមួយនឹងក្ដី​សង្ឃឹម​ទទួលបាន​ភ្ញៀវធ្វើ​ដំណើរ​ប្រមាណ១០ម៉ឺន​នាក់​ក្នុងមួយ​ឆ្នាំ៕​

ជាមួយគ្នានេះ​ដែរ លោក អេរិច ដឺឡូប៊ែល អគ្គនាយក​អាកាសយាន្ដ​ដ្ឋាន​កម្ពុជា បានលើក​ឡើងថា ការទទួល​បានជើងហោះហើរ​ត្រង់ទៅមក​ពីកូឡាឡាំពួរ​មករាជធានីភ្នំពេញ​របស់ក្រុមហ៊ុន ​Malido Airនេះ គឺការផ្ដល់​នូវជម្រើស​កាន់តែប្រសើរ​ឡើងសម្រាប់​អ្នកធ្វើដំណើរ​ ហើយក៏ជា​ការបង្ហាញ​ពីចំណុច​ពិសេស​របស់កម្ពុជា​ ដើម្បី​តភ្ជាប់ជើង​ហោះហើរ​កាន់តែច្រើន​ថែមទៀត​ទៅកាន់​ពិភពលោក​ផងដែរ។

លោកបន្ថែមថា បើរាប់បញ្ចូល​ទាំងក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malindo Air ដែលទើបនឹង​បាន​បើកជើង​ហោះហើរ​ត្រង់ទៅ​មក​ភ្នំពេញ-កូឡាឡាំពួរនេះ ជាសរុបជើងហោះហើរ​ត្រង់ទៅមក​កម្ពុជា​ម៉ាឡេស៊ី មានចំនួន៧​លើកហើយ​ក្នុងមួយថ្ងៃ។​

ទន្ទឹមនឹងនេះ បើនិយាយ​ពីចំនួនក្រុម​ហ៊ុនអាកាសចរណ៍​ដែលបាន​ប្រតិបត្តិ​ការ​ជើងហោះហើរ​ មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សរុប មានជាង​៤០ក្រុមហ៊ុន​ហើយមកទល់​ពេលនេះ​ ពោលគឺជាការ​តភ្ជាប់បណ្ដាញ​ជើងហោះហើរ​ ប្រកបដោ ភាពធំទូលាយ។​

លោក អេរិច បន្តែមទៀត​ថា តាមរយៈការទទួល​បានជើងហោះហើរ​ត្រង់របស់​ Malindo Air អ្នកធ្វើ​ដំណើរ​អាចហោះហើរ​ទៅមក​កូឡាឡាំពួរ​-រាជធានីភ្នំពេញ ​បានរហូតដល់៧​លើកក្នុង​មួយថ្ងៃ។ ​

ក្នុងនោះ បើតាមទិន្នន័យពីរបាយការណ៍ទាក់ទងនឹងចំនួនអ្នកធ្វើដំណើរអន្តរជាតិមកកាន់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ឃើញថា ជនជាតិម៉ាឡេស៊ី​ គឺស្ថិតក្នុង​ចំណោមអ្នក​ធ្វើដំណើរអន្តរជាតិ​ទាំង៥ ​ដែលធ្វើដំណើរ​ឆ្លងកាត់​អាកាសយាន្ដដ្ឋាន​អន្តរជាតិ​ភ្នំពេញច្រើន​ជាងគេ។ ​

សូម​បញ្ជាក់​ដែរថា កាលពីឆ្នាំ២០១៦​កន្លងទៅ អ្នកធ្វើដំណើរ​ឆ្លងកាត់​អាកាស​យាន្ដដ្ឋាន​ទាំងអស់​នៅកម្ពុជា​មានរហូត​ដល់៧​លាននាក់។ ​ក្នុងនោះ អ្នកធ្វើ​ដំណើរ​ជាជនជាតិ​ម៉ាឡេស៊ី ដែលបាន​ធ្វើដំណើរ​ឆ្លងកាត់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មានប្រមាណ​ជាង១៥​ម៉ឺននាក់។

ដោយឡែក នៅឆ្នាំ២០១៧​នេះ អ្នកធ្វើដំណើរ​ឆ្លងកាត់អាកាស​យាន្ដដ្ឋាន​នៅកម្ពុជា​ត្រូវបាន​រំពឹងថា នឹងកើន​ដល់​៨លាននាក់៕

None



អត្ថបទបន្ទាប់


រថភ្លើងចម្ងាយខ្លីពីស្ថានីយរថភ្លើងទៅព្រលានយន្តហោះ នឹងដឹកអ្នកដំណើរចាប់ពីខែមេសា២០១៨

រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឆ្ពោះទៅស្ថានីយ៍រថភ្លើងភ្នំពេញ នឹងបើកដំណើរដឹកអ្នកដំណើរនៅក្នុងខែមេសា ឆ្នាំ២០១៨ខា…

វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ក្នុងគម្រោង​ The Palms ត្រូវបាន​កក់​អស់​ហើយ !​

រាប់មិន​ទំាងដល់​កន្លះម៉ោង​ផង វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ដែលគ្រោង​នឹងសាងសង់​ឡើង​នៅក្បែរ​មាត់ទន្លេ ក្នុងគម្រោង​លំនៅ​ដ្ឋាន​ដ៏ប្រណីត​ The …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ