
ក្នុងចំណោមហាងជាង១០០នោះ ត្រូវបានគេឲ្យដឹងថា មានភាគច្រើនជាភោជនីយដ្ឋាននិងហាងកាហ្វេម៉ាកល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក។
លោក ឃឹម ហ្វីណង់ នាយកប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងទីកន្លែងកម្សាន្ដ ដឹ ហ៊ើរីថេច វ៉ក (The Heritage Walk) បានលើកឡើងថា កន្លែងកម្សាន្ដថ្មីមួយនេះនឹងផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរ បន្ថែមពីលើកន្លែងកម្សាន្ដផាប់ស្ទ្រីត (Pub Street) ដែលមានស្រាប់នាពេលបច្ចុប្បន្ន។
លោកបន្តថា ក្រៅពីប្រាង្គប្រាសាទនៅខេត្តសៀមរាប និង ផាប់ស្ទ្រីត ទីកន្លែងកម្សាន្ដ The Heritage Walk នឹងក្លាយជាតំបន់កម្សាន្ដដ៏ពេញនិយមបំផុតសម្រាប់ខេត្តសៀមរាប។
នាយកប្រតិបត្តិរូបនេះបានបន្ថែមថា បច្ចុប្បន្ន គម្រោងទីកន្លែងកម្សាន្ដ ដឹ ហ៊ើរីថេច វ៉ក (The Heritage Walk) នេះ បាននិងកំពុងសម្រេចការសាងសង់បានជាង ៨០%ហើយ នៅលើផ្ទៃដីទំហំជិតមួយហិកតា កម្ពស់អគារចំនួន៣ជាន់ និងក្រោមដី២ជាន់ និងគ្រោងបញ្ចប់ការសាង់សង់រួចរាល់នៅឆ្នាំ២០១៨ ខាងមុខ។

លោកបន្តថា គម្រោងទីកន្លែងកម្សាន្ដនេះគឺមានលក្ខណៈខុសប្លែកពីផ្សារទំនើបនានា ព្រោះភាគច្រើនមានលក់តែអាហារ និងរោងកុនប៉ុណ្ណោះ ពិសេសគឺភោជនីយដ្ឋានដែលមានម៉ាកល្បីៗ ដោយមិនមានលក់ទំនិញសព្វមុខដូចផ្សារទំនើបនោះឡើយ។
រហូតមកទល់ពេលនេះ គម្រោងមួយនេះទទួលបានការជួលហាងប្រមាណ៦០%ហើយ ដោយក្នុងនោះសុទ្ធសឹងជាម៉ាកភោជនីយដ្ឋាននិងហាងកាហ្វេដែលកំពុងមានឈ្មោះបោះសំឡេងនៅកម្ពុជា ដូចជា កាហ្វេ Brown កាហ្វេ Amazon កាហ្វេ KOI ហាងនំប៉័ង Tous les Jours, Domino Pizza, The Pizza Campany, Starbucks, ហាងការ៉េម Swensen និងហាងផ្សេងៗជាច្រើនទៀត ។ល។ ក្រៅពីអាហារដ្ឋាន ក៏មានរោងកុន ៥រោង របស់ Legend Cinema ដែលអាចផ្ទុកអ្នកទស្សនាបានទៅដល់ជាង ១០០០នាក់ផងដែរ។
ក្រោយពីវត្តមានទីកន្លែងកម្សាន្ដបែបទំនើបនេះ លោក ឃឹម ហ្វីណង់ សង្ឃឹមថា នឹងជំរុញដល់កំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចក្នុងខេត្តសៀមរាបកាន់តែខ្លាំងក្លាឡើង។
ជាមួយគ្នានេះដែរ លោក គួច សុខលី នាយកប្រតិបត្តិក្រុមហ៊ុន CBM Corporation ដែលត្រៀមនឹងបើកភោជនីយដ្ឋាន៤ម៉ាកផ្សេងគ្នា នៅក្នុងទីកន្លែងកម្សាន្ដ The Heritage Walk នេះ រួមមាន ហាងភីហ្សា Domino ហាងនំប៉័ង Tous Les Jours ភោជនីយដ្ឋាន Asian Kitchen និងហាងប៊ើហ្គើ Lotteria បានលើកឡើងថា ខេត្តសៀមរាបមិនត្រឹមតែជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្លាំងសម្រាប់ការវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ វត្តមានរបស់ទីកន្លែងកម្សាន្ដ The Heritage Walk គឺជាការបង្កើតឱកាសដ៏ល្អសម្រាប់ម៉ាកភោជនីយដ្ឋានល្បីៗចូលមកបើកសាខានៅខេត្តសៀមរាបកាន់តែច្រើនឡើងផងដែរ ព្រោះថា ម៉ាកល្បីៗបានសម្លឹងឃើញពីឱកាសទីផ្សារនៅខេត្តសៀមរាបនេះយូរហើយ ប៉ុន្ដែ កាលពីមុន ហាក់មានការលំបាកក្នុងការស្វែងរកទីតាំង។
ដូច្នេះ នៅពេលមានវត្តមានទីកន្លែងកម្សាន្ដបែបទំនើប The Heritage Walk នេះ គឺហាក់ដូចជាការបើកចំហទ្វារសម្រាប់វិនិយោគិនផ្នែកអាហារនិងភេសជ្ជៈឲ្យចូលមកប្រកបអាជីវកម្មនៅខេត្តសៀមរាប កាន់តែច្រើនឡើងផងដែរ។
សូមជម្រាបដែរថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរដែលបានចូលមកទស្សនារមណីយដ្ឋានអង្គរវត្ត បានកើនឡើងដល់ជាង ១លាន ៧សែននាក់ ខណៈដែលចំណូលពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ៧៥លានដុល្លារអាមេរិក៕