ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុន៣ខែដំបូងឆ្នាំ២០២០នេះ នៅតែបង្ហាញពីកំណើនល្អ និងនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា បើទោះបីជាកម្ពុជាក្នុងពេលជាមួយគ្នាកំពុងរងផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ក៏ដោយចុះ ក៏កម្ពុជានៅតែរក្សាបានចំណាត់ថ្នាក់ខ្ពស់ ស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន។
ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានគូសបញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុននាពេលនេះជារឿងល្អសម្រាប់កម្ពុជាដែលក្នុងអំឡុងនៃវិបត្តិកូវីដ ១៩ នៅតែរក្សាបានកំណើនល្អ ខណៈនៅប្រទេសជប៉ុនមិនទាន់ជួបនឹងវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរនៅឡើយ ដូច្នេះហើយបានជាមានតម្រូវការទិញទំនិញជាបន្តបន្ទាប់ពីកម្ពុជា។
ឯកឧត្តមបន្ថែមទៀតថា ជប៉ុនជាប្រទេសមួយដែលមានភាពច្បាស់លាស់ ដោយទំនិញភាគច្រើនដែលកម្ពុជាបាននាំចេញទៅជប៉ុនគឺធ្វើឡើងស្របតាមកិច្ចសន្យាទិញលក់ទំនិញដែលបានព្រមព្រៀងគ្នាកន្លងមក។
ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបញ្ជាក់ថា គិតមកដល់ត្រឹមខែមីនានេះ ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ១១១ លានដុល្លារ ដែលតួលេខនេះគឺទាបជាងកម្ពុជានាំចេញទៅជប៉ុនដែលមានទឹកប្រាក់ប្រមាណជាង ៤៧៥ លានដុល្លារ។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណបានឲ្យដឹងទៀតថា ជាការកត់សម្គាល់ក្នុងរយៈពេលនេះដែរអ្នកវិនិយោគជប៉ុនក៏កំពុងរង់ចាំមើលពីស្ថានភាពផលប៉ះពាល់ដោយសាជំងឺកូវីដ ១៩ នៅកម្ពុជា ដោយពួកគាត់ម្នាក់ៗរក្សាភាពស្ងប់ស្ងាត់មួយរយៈរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ខណៈក្តីកង្វល់នេះមិនត្រឹមមានតែនៅកម្ពុជាប៉ុណ្ណោះទេ ប្រទេសផ្សេងៗទៀតដូចជានៅសហគមន៍អឺរ៉ុប និងអាមេរិកជាដើមសុទ្ធតែបង្ហាញពីកង្វល់ដូចគ្នា។ ប៉ុន្តែយ៉ាងណាក្នុងកាលៈទេសៈនេះប្រទេសចិនអាចនឹងមានប្រសើរឡើងវិញចេញពីស្ថានភាពកូវីដមុនគេ និងបន្ទាប់មកគឺជប៉ុន។
សូមជម្រាបផងដែរថា ផលិតផលសំខាន់ៗដែលកម្ពុជាបាននាំចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម។តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ក្នុងពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជនៃប្រទេសជប៉ុន ប្រទេសកម្ពុជា និងជប៉ុន បានប្តេជ្ញា នឹងបន្ដពង្រឹង និងពង្រីកទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្ពោះទៅរកការរីកចម្រើនជាមួយគ្នាផងដែរ។
តាមរបាយការណ៍ពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETROទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានជាង ១,៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង៧% ខណៈជប៉ុននាំចូលមកកម្ពុជាវិញ មានជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជាង ៣៣%៕