ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា អ្នកទាំង២៦នាក់នេះ មាន២៥នាក់ គឺអាយុចាប់ពី២៥ឆ្នាំ ដល់៣២ឆ្នាំ និងមានម្នាក់ វ័យចំណាស់ជាងគេ អាយុ៦៥។ អ្នកទាំងនេះ មាន១៤នាក់មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ បន្ទាយមានជ័យ០៤នាក់ ស្វាយរៀង០២នាក់ សៀមរាប០២នាក់ កំពង់ចាម០១នាក់ ត្បូងឃ្មុំ០១នាក់ បាត់ដំបង០១នាក់ និងក្រុងព្រះសីហនុ០១នាក់។
គួរកត់សម្គាល់ថា បុរស២៥នាក់ ដែលមកពីប្រទេសអេហ្ស៊ីប និងរុស្សី បានបន្តជើងហោះហើយនៅប្រទេសម៉ាឡេស៊ី ដោយជើងហោះហើរនេះមានអ្នកសរុប១៤៤នាក់ ស្រី០៧នាក់ ដែលសុទ្ធតែជនជាតិខ្មែរ។ នៅក្នុងនោះមកពីប្រទេសអេហ្ស៊ីប៣៥នាក់ រុស្សី១០០នាក់ និងម៉ាឡេស៊ី០៩នាក់ផងដែរ។ ចំណែកអ្នកឆ្លងម្នាក់ទៀត ជាបុរសជនជាតិខ្មែរ មកពីប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរត្រង់ ដោយបូករួមនឹងដំណើរផ្សេងទៀតសរុប១១០នាក់ ស្រី៤៦នាក់ និងមានក្មេង១៦នាក់ ដែលរួមមានជនជាតិខ្មែរ៣៨នាក់ អាមេរិក១៩នាក់ ស៊ុយអែត ០៦នាក់ កូរ៉េ០៨នាក់ បារាំង២៣នាក់ កាណាដា០២នាក់ អង់គ្លេស០១នាក់ អូស្ត្រាលី០២នាក់ អូបេគីស្តង់០១នាក់ ទួកគី០១នាក់ វៀតណាម០១នាក់ អាហ្វ្រិកខាងត្បូង០១នាក់ ចិន០១នាក់ និងជនជាតិប៉ូឡូញ០៣នាក់។
នៅក្នុងសេចក្តីជូនព័ត៌មានដដែលបានឲ្យដឹងទៀតថ ក្រៅពីមានករណីឆ្លងថ្មី២៦នាក់ហើយ ក៏នៅមានករណីជាសះស្បើយបុរស០៤នាក់ផងដែរ ដែលមាន០៣នាក់មកពីប្រទេសអារ៉ាប៊ីតសាអូឌីត និង០១នាក់ មកពីប្រទេសឥណ្ឌូនេស៊ី។
បច្ចុប្បន្នអ្នកទាំង២៦នាក់ ដែលមានវិជ្ជមានកូវីដ-១៩ បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ខណៈអ្នករួមដំណើរមកជាមួយទាំងអស់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ ដោយអ្នកមានលទ្ធភាពនៅសណ្ឋាគារ និងអ្នកគ្មានលទ្ធភាពស្នាក់នៅមណ្ឌលចត្តាឡីស័ក នៅបញ្ជាការដ្ឋានទ័ពអាកាស និងវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១៩៧នាក់ ខណៈដែលអ្នកចំនួនអ្នកជាសះស្បើយមាន១៤០នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលចំនួន៥៧នាក់៕