លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ថា មកទល់នឹងពេលនេះ នៅទូទាំងប្រទេសមានប្រជាពលរដ្ឋចំនួនជាង ១ម៉ឺន២ពាន់គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
លោក ឃុន សុខា បានបញ្ជាក់ថា «នេះជាជំនន់ទឹកភ្លៀងសុទ្ធសាត ដោយសារយើងរងឥទ្ធិពលពីព្យុះទី១៤និង១៥ ជាប់ៗគ្នាហ្នឹង បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនខ្លាំងនៅប៉ែកខាងលិចនៃភាគឦសាន ហើយមិនទាន់ដឹងថាបញ្ចប់ពេលណាទេ ទាល់តែតាមដានការព្យាករឧត្តុនិយមសិន ព្រោះថា ឥឡូវនេះវា កំពុងតែស្ថិតនៅក្នុងសម្ពាធទាបនៃនៃខ្យល់ព្យុះទី១៥ ដែលតាមការប៉ាន់ស្មានអាចបន្តទៅ២ថ្ងៃខាងមុខទៀត»។
ក្នុងចំណោមខេត្តទាំង៣ ខេត្តបាត់ដំបង បានរងគ្រោះដោយសារទឹកជំនន់នេះ ធ្ងន់ធ្ងរជាងគេ ដោយគ្របទៅដណ្តប់លើក្រុងស្រុកទាំង១៤ និងមានពលរដ្ឋប្រមាណជាងជិត២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានប្រាប់ខេមបូណូមីសថា ក្នុងចំណោមក្រុងស្រុកទាំង១៤ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះ មានក្រុងស្រុកចំនួន៧ ដែលរងគ្រោះធ្ងន់ជាងគេ។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ៖«មកទល់នឹងពេលនេះ យើងមិនអាចវាយតម្លៃលើការខូចខាត ផលដំណាំបានទេ ព្រោះថា ទឹកមិនទាន់ស្រក ដោយនាពេលគោលការណ៍របស់អាជ្ញាធរ គឺធ្វើយ៉ាងណា ត្រូវជួយសង្គ្រោះជីវិតមនុស្សសិន។ ដោយឡែក កម្ពស់ទឹកស្ទឹងសង្កែឯណេះវិញ បានស្រកចុះបន្តិចដែរ ហើយពីជម្រៅប្រមាណ ១៤,៣ម៉ែត្រ មកនៅត្រឹមតែ១៤ម៉ែត្រ ខណៈដែលចំណុចដែលត្រូវប្រកាសអាសន្នគឺ១៥ម៉ែត្រ »។
ចំណែកខេត្តពោធិ៍សាត់ តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដោយសារពេលអាជ្ញាធរខេត្តនេះ កំពុងដុតដៃដុតជើង ជួយសង្គ្រោះពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។
ក្នុងការឆ្លើយឆ្លងជាមួយក្រុមការងារខេមបូណូមីស និងចំពេលដែលចុះទៅពិនិត្យស្ថានភាពទឹកជំនន់ដែរនោះ ឯកឧត្តម ម៉ៅ ធន្ទិន អភិបាលខេត្តពោធិ៍សាត់បានប្រាប់តាមទូរស័ព្ទថា ស្ថានភាពនៅស្ទឹងពោធិ៍សាត់ បានស្រកហើយ តែក្រុមការងាររបស់លោកនៅតែបន្តសកម្មភាពចុះទៅពិនិត្យ ដើម្បីមានបញ្ហាអ្វីអាចជួយសង្គ្រោះបានទាន់ពេលវេលា។
ឯកឧត្តម ម៉ៅ ធន្ទិន បានអះអាងថា ៖«បញ្ហាដែលប្រឈមធំ គឺក្រុងពោធិ៍សាត់និងស្រុកកណ្តៀង តែស្ថានភាពនៅស្ទឹងពោធិ៍សាត់ បានស្រកហើយ តែដោយសារតែវាមានបាចទៅតាមទីវាល ហើយទីវាលទាំងអស់ហ្នឹងវាពាក់ព័ន្ធនឹងលំនៅឋានរបស់ពលរដ្ឋរបស់យើង ដែលលោកនៅតាមទីទាប ឥឡូវនេះ យើងប្រើប្រាស់កម្លាំងសរុបដើម្បីប្រមូលផ្តុំធ្វើអន្តរាគមន៍ដើម្បីប្រមូលពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព មួយទៀត យើងត្រូវរៀបចំស្បៀងអាហារសម្រាប់ពុកម៉ែយើងធ្វើកុំឲ្យខ្វះ»។
ដោយឡែក នៅខេត្តប៉ែលិន ឯណោះវិញ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជិត ៥០០គ្រសារ នៅក្នុងឃុំចំនួន២ ។ លោក ធូ ភា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានប្រាប់ក្រុមការងារខេមបូណូមីសតាមតេឡេក្រាមថា ស្ថានភាពទឹកនៅខេត្តប៉ៃលិន នាពេលនេះ បានធូរស្រាលបន្តិចហើយ។
លោក ធូ ភា បានឲ្យដឹងថា ៖« ខាងប៉ៃលិនយើងលិចប្រមាណតែ ២ឃុំទេ ហើយជម្រៅទឹកលិចមានប្រមាណមួយម៉ែត្រ ឬក្រោមនេះបន្តិច ដែលអាស្រ័យទៅតាមទីតាំង ហើយការលិចនៅក្នុងឃុំចំនួន២នេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋទេ ហើយអាជ្ញាធរត្រៀមខ្លួនរួចជាស្រេចក្នុងការជួយពលរដ្ឋពីការលិចលង់នេះ»។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំង នៅក្នុងតំបន់ ដែលបណ្តាលឲ្យអាជ្ញាធរខេត្តបាត់ដំបងបិទការធ្វើចរាចរណ៍របស់រថយន្តធំៗគ្រប់ប្រភេទ ហើយនៅថ្ងៃទី១១ តុលា ម្សិលមិញនេះ មន្ទីរសាធារណការខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងពីការបិទផ្លូវជាតិ និងផ្លូវក្នុងខេត្តរបស់ខ្លួនដែរ ព្រោះពេលស្ថានភាពជំនន់ទឹកភ្លៀង កំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់ខេត្តនេះ។
មិនមែនតែនៅតាមបណ្ដាខេត្តនោះទេ ដែលកំពុងរងគ្រោះ ព្រោះបញ្ហាទឹកជំនន់ននេះ នៅរាជធានីភ្នំពេញក៏កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ ជាក់ស្ដែង នៅយប់ថ្ងៃទី ១១ ខែតុលា ជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចលង់នៅក្នុងតំបន់ជាច្រើននៅរាជធានីភ្នំពេញ ខណៈដែលបញ្ហាការកកស្ទះសម្រាម មិនមានអ្នកប្រមូលក៏កំពុងចោទជាបញ្ហា និងកើតជាក្ដីព្រួយបារម្ភខ្លាំងមួយរបស់ពលរដ្ឋផងដែរ៕