ធនាគារអភិវឌ្ឍន៍សិង្ហបុរី បានអះអាងថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ មេរោគកូវីដ១៩ នឹងកាន់តែធ្ងន់ធ្ងរ ហើយអូសបន្លាយពេលកាន់តែយូរ ដែលធ្វើឲ្យ សេដ្ឋកិច្ចសឹង្ហបុរី ធ្លាក់ចុះរហូតដល់ទៅ ដក ៥.៧% នៅក្នុងឆ្នាំ ២០២០នេះ។
ជាងនេះទៅទៀត ការកាត់បន្ថយការងារ បានកើនឡើងដល់ ៤ម៉ឺន ៥ពាន់កន្លែង ខ្ពស់ជាងពេលណាៗទាំងអស់ ខណៈអត្រាអត់ការងារធ្វើរបស់ប្រជាជនក្នុងស្រុកអាចកើនដល់៤.២%។
លោក អាយវ៉ីន សៀស សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារ DBS បានប្រាប់ឲ្យដឹង ថា បើសិនជា សិង្ហបុរី មិនអាចគ្រប់គ្រងបញ្ហានៃការរីករាលដាលឆ្លងមេរោគកូវីដ១៩ ក្រោយការបិទទីក្រុងជាលើកទី២នេះបានទេ នោះប្រាកដកណាស់ សេដ្ឋកិច្ចសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ ដក ៧.៨% ឯណោះ។
ហើយការដែលថ្នាក់ដឹកនាំសឹង្ហបុរីបន្តបិទទីក្រុង រហូតដល់ដំណាច់ខែ ឧសភា នេះ គឺដោយសារតែមានការផ្ទុះឡើងនូវ ករណីឆ្លងជាច្រើនករណី នៅក្នុងកន្លែងស្នាក់នៅរបស់កម្មករបរទេស ដែលបានជម្រុញឲ្យ ករណីឆ្លងមេរោគកូវីដ១៩ នៅប្រទេសសិង្ហបុរី កើនឡើងខ្ពស់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខ ៥ នៅតំបន់អាស៊ី។
គួររម្លឹកដែរថា រដ្ឋាភិបាលសិង្ហបុរី បានបញ្ចេញកញ្ចប់ថវិកាជាង ៦៣ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ អាជីវកម្មជាច្រើន ដែលមានភាពទន់ខ្សោយផ្នែកហិរញ្ញវត្ថុ និងបុគ្គលិក កម្មកររបស់ពួកគេ។
ហើយមុនការផ្ទុះឡើងនូវ រលកទី ២ នៃមេរោគកូវីដ១៩ ចាប់ពីដើមខែ មេសានេះមក ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ធ្លាប់បានព្យាករណ៍ម្តងរួចទៅហើយថា GDP របស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះ ចន្លោះពី ដក ៤% ដល់ ដក ១% សម្រាប់ឆ្នាំ ២០២០នេះ តែយ៉ាងណា ពុំទាន់មានការព្យាករណ៍ជាថ្មីម្តងទៀតទេ គិតមកទល់ពេលនេះ។
សូមបញ្ជាក់ថា ប្រធានអង្គការសុខភាពពិភពលោក WHO ក៏បានព្រមានជាថ្មីដែរថា បញ្ហាជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះ មិនងាយនឹងបញ្ចប់នោះទេ ហើយគ្រប់គ្នា ត្រូវតែមានវិធានការ និងសកម្មភាពច្បាស់លាស់ ដើម្បីទប់ស្កាត់រលកទី ២ នៃមេរោគកូវីដ១៩។
យោងតាមតួលេខចុងក្រោយ គិតត្រឹមថ្ងៃទី ២៨ ខែមេសា ករណីឆ្លងមេរោគកូវីដ ១៩ ទូទាំងសកលលោក បានកើនដល់ជាង ៣លានករណី នឹងបានសម្លាប់មនុស្សជាង ២០ម៉ឺននាក់ ក្នុងនោះប្រទេសសិង្ហបុរី មានករណីឆ្លងជាង ១,៤ម៉ឺនករណី៕