លោកឧកញ៉ា សួ សុខថេង ជាវិនិយោគិនចិនដែលបានវិនិយោគលើគម្រោង ឌឹ ផាកវេ (The Park way)នៅកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន ឌឺ ផាកវេ គ្រុប(The Park way Group)ផងនោះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីពិព័រណ៍ច្នៃប្រឌិតគំនូរលើចង្កៀងគោមកាលពីពេលថ្មីៗនេះថា បើទោះជាកម្ពុជា និងពិភពលោក បាននិងកំពុងរងនូវវិបត្តិកូវីដ-១៩ ក៏ដោយ តែគម្រោងសាងសង់អគារពាណិជ្ជកម្មអភិវឌ្ឍចម្រុះកម្ពស់ ៣០ជាន់ របស់ក្រុមហ៊ុននៅតែប្រព្រឹត្តិទៅដោយរលូន។
លោកឧកញ៉ា សួ សុខថេង បានបញ្ជាក់ថា «នៅក្នុងអំឡុងពេលនៃការជួបវិបត្តិកូវីដនេះដែរ គឺថា យើងបានខិតខំពុះពារនូវឧបសគ្គជាច្រើនរហូតដល់ការទទួលបានលទ្ធផលដ៏ល្អប្រសើរដូចថ្ងៃនេះ ព្រោះថា ទាំងយើងនិងក្រុមហ៊ុនទទួលម៉ៅការសាងសង់ បានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដែលអាចជួយឲ្យគម្រោងនេះសម្រេចបានទៅតាមកាលបរិច្ឆេទ»។
បើតាមវិនិយោគិនចិនរូបនេះ គម្រោង ឌឹ ផាកវេ (The Park way)នេះ មានទីតាំងនៅខណ្ឌទួលគោក សាងសង់នៅលើផ្ទៃដីជាងមួយហិកតា បែងចែកជា៣អគារ នៅក្នុងនោះអគារទី១ ជាអគារការិយាល័យមានកម្ពស់៣៦ជាន់, អគារទី២ ជាអគារខុនដូរសម្រាប់ស្នាក់នៅ មានកម្ពស់២៦ជាន់ និងអគារទី៣មានកម្ពស់៣០ជាន់ ដោយមានរៀបចំជាសណ្ឋាគារចំនួន៥ជាន់ ពីជាន់ទី១ ដល់ជាន់ទី៥ ក្រៅពីនេះ គឺរៀបចំ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកំសាន្ត ក្លឹបកីឡា អាងហែលទឹកជាដើម។
យ៉ាងណាមិញ ចំពោះទឹកប្រាក់ក្នុងការវិនិយោគលើគម្រោងឌឹ ផាកវេ (The Park way)នេះវិញ មិនត្រូវបានម្ចាស់គម្រោងបង្ហើបប្រាប់ឲ្យបានជាក់លាក់នោះទេ។
សូមជម្រាបថារហូតមកទល់នឹងពេលនេះ គម្រោងអគារពាណិជ្ជកម្មអភិវឌ្ឍចម្រុះមួយនេះលក់ដាច់ប្រមាណជា៧០%ហើយ ដោយម្ចាស់គម្រោងនេះ រំពឹងថា នឹងលក់ឲ្យដាច់១០០%មុននឹងគម្រោងរួចរាល់និងសម្ពោធជាផ្លូវការនាដំណាច់ឆ្នាំនេះ៕