ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានអះអាងទៀតថា បច្ចុប្បន្ន រោងចក្រផលិតទឹកស្អាតក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ ដែលអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ខណៈសព្វថ្ងៃនេះការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមិនទាន់អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការ១០០ភាគរយនៅឡើយទេ។
ថ្លែងនាឱកាសសន្និសីទសារព័ត៌មានស្ដីពី«បច្ចុប្បន្នភាពក្នុងផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្រ្តភ្នំពេញ» នៅថ្ងៃទី៩ មិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហាក់មិនទាន់អាចឆ្លើយតបនឹងតម្រូវការនៅឡើយទេ ពិសេសនៅតំបន់ជាយក្រុងតែម្ដង។ បើតាមឯកឧត្តម ឡុង ណារ៉ូ ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានផែនការពង្រីករោងចក្រផលិតទឹកស្អាតជាបន្តបន្ទាប់ និងមានផែនការផលិតទឹកស្អាតឲ្យបាន បាន ១លាន២សែនម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៤។
មិនត្រឹមតែមានផែនការផ្ដល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ប៉ុណ្ណោះទេ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តភ្នំពេញរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋនឹងកំណត់នូវតម្លៃទឹកឲ្យបានត្រឹមត្រូវដោយមិនឲ្យលើសពី១ពាន់រៀល ក្នុង១ម៉ែត្រគូបនោះទេ ខណៈបច្ចុប្បន្ន តម្លៃទឹកសម្រាប់ចែកចាយបន្តពីរដ្ឋាករទឹកស្វយ័ត មានតម្លៃ ២ ៥០០រៀល ទៅ៣ ៥០០រៀល ក្នុង១ម៉ែត្រគូប។ រីឯតម្លៃទឹកដែលរដ្ឋបានកំណត់ មានតម្លៃ ១ពាន់៣រយរៀល ក្នុង១ម៉ែត្រគូប។
បើតាមការអះអាងរបស់ឯកឧត្តម ឡុង ណារ៉ូ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតជាបន្តបន្ទាប់ ដើម្បីធានាឲ្យនូវការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន មានដៃគូអភិវឌ្ឍមួយចំនួន ដូចជា បារាំង ជប៉ុន និងកូរ៉េខាងត្បូង បាននិងកំពុងសិក្សានូវគម្រោងវិនិយោគរោងចក្រផលិតទឹកស្អាតនៅកម្ពុជា ពិសេសនៅតំបន់អរិយក្សត្រ និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាដើម។
ដោយឡែក សម្រាប់គម្រោងរោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសម្ថតភាពផលិតទឹកស្អាតបានប្រមាណ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករស់នៅក្រុងតាខ្មៅ និងព្រលានយន្តថ្មី ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ។
បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បច្ចុប្បន្ន មានប្រជាពលរដ្ឋនៅតំបន់មួយចំនួនរអ៊ូរទាំអំពីបញ្ហាខ្វះទឹកប្រើប្រាស់ ពិសេសចាប់អំឡុងខែមករា ដល់ខែឧសភា ស្របពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកបានជាមធ្យមប្រមាណ ៦សែនម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែតម្រូវការជាក់ស្តែង មានរហូតដល់ប្រមាណជា ៨សែន ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ប្រីប្រាស់ប្រមាណ ២សែន ម៉ែត្រគូបក្នុងមួយថ្ងៃ៕