នៅក្នុងសេចក្តីសម្រេច របស់សាលារាជធានីភ្នំពេញដដែលបានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅសណ្ឋាគារ ដែលទទួលអតិថិជន ចូលមកទទួលទាន អាហារ ភេសជ្ជៈ គ្រឿងស្រវឹង នៅចន្លោះពីម៉ោង៨យប់ ដល់ ៥ព្រឹក ជាកំហិត ប៉ុន្តែទីតាំងទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។
សេចក្តីសម្រេចដដែលនេះ ក៏ហាមការជួបជុំទទួលអាហារ ភេសជ្ជៈ គ្រឿងស្រវឹងនៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹកដូចគ្នាដែរ លើកលែងតែករណីមួយចំនួនដូចជា ជួបជុំក្នុងលំនៅឋានជាសមាជិកគ្រួសារ ឬទីស្នាក់ជាមួយគ្នា, នៅក្នុងពិធីបុណ្យសព ដែលអាជ្ញាធរអនុញ្ញាត, បុគ្គលិកសុខាភិបាលដែលត្រូវយកសំណាក ឬបំពេញការងារសង្គ្រោះបន្ទាន់, អាជ្ញាធរជួបជុំគ្នាដើម្បីបំពេញការងារ,និងការជួបជុំ ដែលបម្រើផលប្រយោជន៍សាធារណៈ ដោយមានការអនុញ្ញាតពីអាជ្ញាធរជាដើម។
ជាមួយគ្នានោះ អាជ្ញាធររាជធានីភ្នំពេញក៏បានផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ លើកលែងតែករណីចាំបាច់មួយចំនួនដូចជា៖
-ការធ្វើដំណើរដោយមូលហតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬអនុញ្ញាតពីអាជ្ញាធរ
-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ ឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ ដើម្បីបំពេញបេសកកម្ម
-ការធ្វើចរាចរណ៍របស់រថយន្ដដឹកទំនិញ រថយន្ដបាញ់បេតុង រថយន្ដផ្គត់ផ្គង់ការដ្ឋានសំណង់ និងរថយន្ដដឹកជញ្ជូនសម្រាម និងការដឹកជញ្ជូនអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។
នៅក្នុងករណីដែលល្មើស បុគ្គលនោះនឹងត្រូវទទួលទោស តាមច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរីករាលដាល ជំងឺកូវីដ១៩ និងជំងឺកាចសាហាវដទៃទៀត ដែលរួមមានការពិន័យជាប្រាក់ និងការដាក់ព័ន្ធធនាគារជាដើម៕