ផលិតផលម្រេចកំពតរបស់កម្ពុជា ត្រូវបានប្រទេសប៉ែកអឺរ៉ុបឲ្យឈ្មោះថា ជា«មាសខ្មៅ» ហើយដោយសារតែគុណភាពនិងរសជាតិគ្មានគូប្រៀបនេះ ក៏បានធ្វើឲ្យម្រេចកំពតអាចលក់បានក្នុងតម្លៃខ្ពស់រហូតដល់ ៤២៥ដុល្លារក្នុងមួយគីឡូក្រាម នៅប្រទេសអាល្លឺម៉ង់ ខណៈដែលម្រេចនាំពីវៀតណាមទៅលក់នៅអឺរ៉ុបមានតម្លៃត្រឹមតែ ៨ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាម។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានមានប្រសាសន៍ថា ម្រេចកំពតរក្សាបានតម្លៃខ្ពស់៣ឆ្នាំជាប់ៗគ្នា ពោលគឺម្រេចដែលលក់ចេញពីកសិដ្ឋានផ្ទាល់មានតម្លៃ ១៥ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់ម្រេចខ្មៅ និងម្រេចក្រហមមានតម្លៃ ២៥ដុល្លារ ខណៈដែលម្រេចសមានតម្លៃ ២៨ដុល្លារ។
ប្រធានសមាគមម្រេចដដែលនេះ បានឲ្យដឹងទៀថា សម្រាប់ទិន្នផលនៅឆ្នាំនេះ មិនទាន់បានប្រមូលផលអស់ទាំងស្រុងនៅឡើយទេ ប៉ុន្ដែលោកថា ឆ្នាំនេះទិន្នផលនឹងអាចកើនឡើងច្រើន ពោលគឺអាចប្រមូលផលបានប្រមាណ ១០០តោន ហើយក្នុងនោះ អាចនឹងប្រើឈ្មោះម្រេចកំពតបានប្រមាណ ៨០តោន បើធៀបនឹងឆ្នាំ២០១៦ ផលិតបាន ៧៣តោន និងបានប្រើឈ្មោះជាម្រេចកំពតបានតែ ៥៣តោនប៉ុណ្ណោះ។ ម្រេចខ្មែរភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ពិសេសប្រទេសបារាំង និងប្រទេសក្នុងតំបន់ គឺប្រទេសជប៉ុន។
ប៉ុន្តែ ខណៈដែលម្រេចកំពតហាក់នៅរក្សាបានតម្លៃខ្ពស់ ម្រេចមិនមែនកំពតដែលដាំនៅតាមបណ្ដាខេត្តផ្សេងៗ ត្រូវកសិករអ្នកដាំដុះត្អូញត្អែរថា ធ្លាក់ថ្លៃច្រើន។
លោក រដ្ឋា ជាកសិករដាំម្រេច ៣ហិកតា នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ ខេមបូណូមីស តាមទូរស័ព្ទ ថា នៅក្នុងឃុំគាត់មានអ្នកដាំម្រេចស្ទើរតែ ៩០ភាគរយ ខ្លះមួយហិកតា ពីរហិកតា និងអ្នកខ្លះ ដីធំបន្តិច ដាំដល់ទៅដប់ម្ភៃហិកតា។ លោកថា ឆ្នាំនេះម្រេចផ្ដល់ផលល្អជាងឆ្នាំទៅមិញ ប៉ុន្តែ តម្លៃបែរជាធ្លាក់ចុះខ្លាំង។
លោក រដ្ឋា បញ្ជាក់ថា ៖ «ឆ្នាំទៅមិញ ពេលឡើងថ្លៃខ្លាំង ម្រេចលក់បាន ១គីឡូ ៣ម៉ឺន ៤ពាន់រៀល ប៉ុន្តែ ឆ្នាំនេះ ធ្លាក់ចុះនៅត្រឹម ១ម៉ឺន ៤ពាន់ ឬ ១ម៉ឺន ៥ពាន់រៀលប៉ុណ្ណោះ»។
លោកសូមអំពាវនាវដល់សមាគមអ្នកដាំម្រេច ឬរាជរដ្ឋាភិបាល ជាពិសេស សូមជួយធ្វើយ៉ាងណាជួយរឿងតម្លៃម្រេចនៅខេត្តត្បូងឃ្មុំនេះផង ព្រោះថា ឈ្មួញដែលភាគច្រើនបំផុតមកពីវៀតណាម បានទម្លាក់ថ្លៃម្រេច ដែលនាំឲ្យពួកគាត់លក់មិនចំណេញ ឬថែមទាំងខាតដើមក៏មាន។ លោកថា នៅឃុំដារ ស្រុកមេមត់ កសិករដាំម្រេចភាគច្រើនខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកធ្វើដើមទុនដាំម្រេច។
ត្បិតថា ម្រេចកំពតមានតម្លៃខ្ពស់លើទីផ្សារក៏ពិតមែន ប៉ុន្ដែ បរិមាណផលិតនៅខេត្តមួយនេះ ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងបណ្ដាខេត្តផ្សេងៗទៀត។
ជាក់ស្ដែង ខេត្តដែលមានការដាំដុះ និងមានទិន្នផលម្រេចច្រើនជាងគេបំផុតនោះ គឺខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្ន ក៏មានអង្គការ ក៏ដូចជារាជរដ្ឋាភិបាលកំពុងសិក្សា និងគ្រោងបង្កើតឲ្យមានជាម៉ាកសមូហភាពសម្រាប់ផលិផលម្រេចនៅទូទាំងប្រទេស ដែលគេរំពឹងថា វានឹងជួយពង្រីកទីផ្សារ ក៏ដូចជាតម្លៃកាន់តែប្រសើរជាងមុន និងងាយក្នុងការទទួលបានជាងការស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ។
គួរបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ កម្ពុជាទើបបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រចំនួនពីរប៉ុណ្ណោះ គឺម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ខណៈដែលប្រទេសក្នុងតំបន់អាស៊ានដូចជា ថៃមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រច្រើនជាងគេ មានចំនួនរហូតដល់ ៨៩ម៉ាក ម៉ាឡេស៊ីមាន៧៣ម៉ាក វៀតណាមមាន ៥៥ម៉ាក និងឥណ្ឌូនេស៊ី មាន ៥២ម៉ាក៕