ប្រទេសថៃ

កម្ចីមិនដំណើរការនៅថៃធ្លាក់ចុះ៣ត្រីមាសជាប់ៗគ្នា ប៉ុន្ដែពលរដ្ឋជាប់បំណុលនៅតែមានក្នុងកម្រិតខ្ពស់ខ្ពស់


ធនាគារកណ្តាលប្រទេសថៃបានប្រកាសកាលពីថ្ងៃ២០កុម្ភៈថា ប្រាក់កម្ចីមិនដំណើរការដែលគ្រប់គ្រងដោយធនាគារថៃ បានធ្លាក់ចុះក្នុង៣ត្រីមាសជាប់ៗគ្នា ខណៈដែលធនាគារកណ្តាលថៃក៏កំពុងបន្តវិធានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ។ ប៉ុន្ដែ គេមើលឃើញថា ការជំពាក់បំណុលរបស់ពលរដ្ឋនៅក្នុងប្រទេសថៃ នៅតែមានខ្ពស់គួរឲ្យបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព៍ត៌មានជប៉ុន NIKKEI។
ប្រទេសថៃកំពុងបារម្មណ៍ពីបំណុលដែលមិនបានសងត្រឡប់មកវិញចំនួនជាង ១៤ ពាន់លានដុល្លារ!

តម្លៃនៃប្រាក់កម្ចីដែលមិនដំណើរការនៅក្នុងប្រទេសថៃ ពោលគឺ កម្ចីដែលខកខានសងដល់ទៅ ៣ខែនោះ មានតម្លៃសរុប ១៤ពាន់៥រយលានដុល្លារ គិតត្រឹមចុងខែធ្នូឆ្នាំ២០២២ ដែលទិន្នន័យនេះធ្លាក់ចុះពី ១៤ពាន់លានដុល្លារកាលពីខែកញ្ញាឆ្នាំ២០២២។

សមាមាត្រនៃប្រាក់កម្ចីដែលមិនដំណើរការ ធៀបទៅនឹងចំនួនប្រាក់កម្ចីសរុបបានធ្លាក់ចុះមកត្រឹម ២,៧% នៅឆ្នាំ២០២២ ខណៈកាលពីឆ្នាំ២០២១ធ្លាប់មាន ២,៩%។ ការថយចុះនេះ គឺដោយសារការផ្តល់ប្រាក់កម្ចីបានកើនឡើង ពីត្រីមាសមុនៗ។ ប៉ុន្តែកំណើនប្រាក់កម្ចីប្រចាំឆ្នាំមានត្រឹមតែ២,១% ប៉ុណ្ណោះ ដែលបានថយចុះពី ៦,៥% ក្នុងឆ្នាំ ២០២១។

បើយោងតាមតួលេខប្រចាំត្រីមាស ដែលចេញផ្សាយដោយធនាគារថៃកាលពីថ្ងៃចន្ទ បំណុលដែលកាន់កាប់ដោយក្រុមគ្រួសារថៃមានចំនួនជាង ៤៣៥ពាន់លានដុល្លារ ហើយតួលេខនេះគឺស្មើនឹង ៨៧% នៃផលិតផលក្នុងស្រុកសរុប។ កំរិតបំណុលគ្រួសារនៅថៃប៉ុណ្ណេះ គឺមានខ្ពស់ខ្លាំងណាស់ បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់។ យ៉ាងណាមិញ តួលេខនេះបានធ្លាក់ចុះបន្តិចហើយ បើគេធៀបនឹងកម្រិតខ្ពស់បំផុតដែលធ្លាប់កើនដល់ជិត ៩២%នៃGDP កាលពីឆ្នាំ២០២១ បង្កដោយជំងឺរាតត្បាត កូវីដ១៩ និងអតិផរណាកាន់តែខ្ពស់ទៅៗ អត្រាខ្ចីប្រាក់ក៏កាន់តែមានខ្ពស់ជាបន្តបន្ទាប់។

យោងតាមលោក Suwannee Jatsadasak ជំនួយការអភិបាលរងទទួលបន្ទុកត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុនៅធនាគារថៃបាននិយាយថា ប្រជាជនអាចនឹងរងផលប៉ះពាល់ដោយតម្លៃនៃការរស់នៅកើនឡើង ស្របពេលដែល អត្រាការប្រាក់ក៏កើនឡើងផងនោះ។

យោងតាមប្រភពដដែល ប្រជាជនថៃបានជំពាក់ធនាគារ និងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀតជាមធ្យមជាង ១ម៉ឺនដុល្លារក្នុងមនុស្សម្នាក់ ជាមួយនឹងការទូទាត់ប្រចាំខែ ជាង ៣០០ដុល្លារ ខណៈដែលប្រាក់ឈ្នួលប្រចាំខែរបស់ពលរដ្ឋទាំងនោះ មានជាមធ្យមត្រឹមជាង ៤០០ដុល្លារប៉ុណ្ណោះ។

យោងតាមការស្ទង់មតិប្រចាំឆ្នាំ២០២២ ដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបង្ហាញថា មានជិត១០០% នៃអ្នកដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេគឺមានជំពាក់បំណុល ពោលគឺមានការកើនឡើងជាងឆ្នាំមុនៗនៅទៅទៀត។ ក្នុងនោះដែរ មានអ្នកត្រូវបានស្រង់មតិ ដល់ទៅ ៨0% និយាយថា ពួកគេមិនមានលទ្ធភាពក្នុងការគ្រប់គ្រងលើការចំណាយប្រចាំថ្ងៃរបស់ពួកគេនោះទេ។ យ៉ាងណាមិញ ធនាគារពិភពលោក ក៏ដូចជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានបានព្រមានអំពីហានិភ័យ នៅពេលការរៀបចំរចនាសម្ព័ន្ធសមាមាត្រនៃប្រាក់កម្ចីមានភាពយឺតយ៉ាវនៅចុងឆ្នាំ២០២៣នេះ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនចាក់បញ្ចូលសាច់ប្រាក់ជិត ២៩ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធធនាគារ ខណៈអត្រាការប្រាក់នៅថេរ

ធនាគារប្រជាជនចិន ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិន បានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន ដោយមិនផ្លាស់ប្តូរសម្រាប់ អស់រយៈពេលប្រាំមួយខែជាប់…

ក្នុងនាមប្រធានG20 ឥណ្ឌានឹងប្រើអំណាចទន់អ្វីខ្លះ ក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នាសប្តាហ៍នេះ?

ប្រទេសឥណ្ឌាដែលធ្វើជាប្រធាន G20 នៅក្នុងឆ្នាំ២០២៣នេះ គ្រោងនឹងប្រើប្រាស់កិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៅសប្តាហ៍នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ