កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក ខណៈសមយុទ្ធទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើម


ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី ១៣ មីនា ថា រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ ដែលបាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃអាទិត្យទី១២មីនា នៅចំពេលដែល សមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិងកំពុងត្រូវចាប់ផ្តើមដូចគ្នា។
រដ្ឋកូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួន រូបភាព San Francisco

ការសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលនេះ ត្រូវបានគេមើលឃើញថា កំពុងរុញឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាន់តែស្ថិតនៅក្នុងស្ថានភាពផុយស្រួយកាន់តែខ្លាំងមែនទែនហើយ ខណៈដែលកាលពីពេលថ្មីៗនេះ រដ្ឋឯកកោមួយនេះ ក៏បានបញ្ជាក់ប្រាប់អាមេរិកច្បាស់ៗហើយថា ការដែលអាមេរិក និងសម្ព័ន្ធមិត្ត ហ៊ានតែបាញ់ទម្លាក់មីស៊ីដែលខ្លួនសាកល្បងណាមួយនោះ គឺស្មើនឹងការប្រកាសសង្គ្រាមជាមួយគ្នាហើយ។ នេះតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឱ្យដឹងទៀតថា ការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រចំនួន២គ្រាប់ ចេញពីនាវាមុជទឹកនេះ គឺចង់បញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធប្រតិបត្តិការវាយលុកក្រោមទឹកនៃកងនាវាមុជទឹករបស់ខ្លួន ដែលជាផ្នែកមួយនៃកងកម្លាំងរារាំងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

ជាមួយគ្នានេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា យោធារបស់កូរ៉េខាងត្បូងកំពុងដាក់ឱ្យប្រុងជើងការខ្ពស់ ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ កំពុងធ្វើការជាមួយសមភាគីសហរដ្ឋអាមេរិក ដើម្បីវិភាគពីភាពជាក់លាក់នៃការបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់ព្យុងយ៉ាង។

នៅថ្ងៃចន្ទ ទី ១៣ មីនាដដែលនេះ កងទ័ពកូរ៉េខាងត្បូង និងអាមេរិកគ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល១១ថ្ងៃ ដែលមានឈ្មោះថា «Freedom Shield 23» ដែលនឹងធ្វើឡើងក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ។ យោធានៃរប្រទេសទាំងពីរបាននិយាយថា សមយុទ្ធនេះនឹងពង្រឹងជំហរនៃការការពាររួមបញ្ចូលគ្នារបស់សម្ព័ន្ធមិត្ត ហើយនឹងបង្ហាញនូវសមយុទ្ធនៅទីវាល រួមទាំងការចុះចតលើអាកាសជាដើម។

គួរជម្រាបដែរថា កូរ៉េខាងជើងមានកងនាវាមុជទឹកដ៏ធំតែមួយគត់ដែលមានឈ្មោះថា Yongung ដែលត្រូវបានសាកល្បងបាញ់មីស៊ីលផ្លោងពីរគ្រាប់។ បើតាមអ្នកវិភាគខ្លះបាននិយាយថា នាវាមុជទឹកនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កាំជ្រួច បច្ចេកវិទ្យានាវាមុជទឹក និងនីតិវិធីប្រតិបត្តិការ ក៏ដូចជាការហ្វឹកហាត់ដោយផ្ទាល់នៃកងនាវាមុជទឹក។

ប្រទេសកូរ៉េខាងជើង ដែលថ្មីៗនេះបានអំពាវនាវឱ្យមានការកើនឡើងនៃសន្ទុះក្នុងការផលិតសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែរ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងមានការឆ្លើយតបជាមួយនឹងការបាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងសមយុទ្ធរបស់ខ្លួន ដោយត្រូវបានអ្នកជំនាញមើលឃើញថា នឹងនៅតែមានការបាញ់មីស៊ីឡជាហូរហែតទៅមុខទៀត ល្គិកណាលំហាត់សមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែមានដែរនោះ៕




អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យថៃមានសេចក្តីសង្ឃឹមឡើងវិញ ខណៈភ្ញៀវទេសចរចិនកំពុងកើនឡើងខ្ពស់

វិស័យអចលនទ្រព្យ និង សកម្មភាពផ្សេងៗទាក់ទងនឹងសេវាកម្មទេសចរណ៍នៅក្នុងប្រទេសថៃបានកំពុងតែមានសេចក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមឡើងវិញហើយ ខណៈភ្ញៀ…

ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?

សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៨% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សៗដូចជា Samsung, LG និងក្រុមហ៊ុន Foxconn ជាដើម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ