ការហុចដៃ បោះជើង ទៅរកប្រទេសរុស្ស៊ីពីសំណាក់កូរ៉េខាងជើងនៅពេលនេះ គឺធ្វើឡើងនៅក្រោយពេលដែល អាមេរិក និង កូរ៉េខាងត្បូង កំពុងត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅសប្ដាហ៍ក្រោយនេះហើយ ខណៈកូរ៉េខាងជើងក៏បានចេញមុខមកបរិហារ លើការធ្វើសមយុទ្ធមួយនេះផងដែរ។
លោក ស៊ិន ហុងឈុល (Sin Hong-chol) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្សីបានគូសបញ្ជាក់ប្រាប់សារព័ត៌មានរុស្សី ថា របបក្រុងព្យុងយ៉ាង ចង់ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយ ក្រុងម៉ូស្កូ បន្ថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។
លោក ហុងឈុល បានគូសបញ្ជាក់ចំៗថា គេអាចឃើញ សន្តិភាព និង សុវត្ថិភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េបាន លុះត្រាតែ លែងមានវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់នោះ។ យ៉ាងណាមិញ មិនទាន់មានការឆ្លើយតបណាមួយពីវិមានក្រឹមឡាំង ឆ្លើយតបទៅនឹងការលើកឡើង របស់មន្ត្រីទូតកូរ៉េខាងជើងប្រចាំក្រុងម៉ូស្កូ រូបនេះនៅឡើយទេ។
គួរកត់សម្គាល់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រុងព្យុងយ៉ាងដូច្នេះ ធ្វើឡើងនៅបន្ទាប់ពីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានចាប់ផ្ដើមបើកការហ្វឹកហ្វឺនជាបឋមនៃសមយុទ្ធយោធារវាងគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយគ្រោងនឹងមានសមយុទ្ធទ្រង់ទ្រាយធំនៅសប្ដាហ៍ក្រោយនេះផងដែរ។
ក្រុងព្យុងយ៉ាងបានសម្ដែងការខកចិត្តចំពោះសមយុទ្ធយោធាខាងលើនេះ ដោយបានហៅការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ រវាងក្រុងសេអ៊ូល និង វ៉ាស៊ីនតោនថា ជាការគំរាមកំហែងតាមផ្លូវសង្គ្រាម ហើយបានព្រមានថា វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ គ្រាដែលពួកគេទើបតែបានតភ្ជាប់បណ្តាញទំនាក់ទំនងជាមួយគ្នាឡើងវិញ កាលពីពេលថ្មីៗនេះ។
សម្រាប់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ការធ្វើសមយុទ្ធយោធារួមគ្នា គឺជាការហាត់សម និង មានគោលបំណងសម្រាប់ការការពារសន្តិសុខសុវត្ថិភាពប៉ុណ្ណោះ មិនមែនជាការត្រៀមធ្វើសង្គ្រាមអ្វីនោះទេ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និង ក្រុងសេអ៊ូល តែងធ្វើសមយុទ្ធរួមគ្នាជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ សមយុទ្ធនឹងត្រូវចាប់ធ្វើឡើងពីថ្ងៃអង្គារទី១០ ខែសីហា តទៅ ហើយដូចសព្វមួយដង កូរ៉េខាងជើងតែងតែបញ្ចេញប្រតិកម្មប្រឆាំង និង បរិហាររិះគន់យ៉ាងខ្លាំងផងដែរ។ ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានព្រមានថា សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គឺជាការគំរាមកំហែងសន្តិសុខធំធេងណាស់ កូរ៉េខាងជើងនឹងពង្រឹងពង្រីកសមត្ថភាពការពារជាតិ និងវាយប្រហារដើម្បីជាកិច្ចការពារខ្លួន។
សូមបញ្ជាក់ថា កូរ៉េខាងជើងនៅពេញមួយឆ្នាំ២០២១នេះ នៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិង គ្រាប់មីស៊ីលរបស់ខ្លួនរហូត ដោយមិនអើពើ នឹងបម្រាមឬទណ្ឌកម្មរបស់អន្តរជាតិនោះទេ បូករួមនឹងស្ថានភាពសេដ្ឋកិច្ចជាតិរបស់ខ្លួនកាន់តែដុនដាបយ៉ាងណាក្តី៕