កាសែត ញូវយ៉កថែមស៍ សរសេរថា សប្ដាហ៍នេះ លេចចេញនូវ បារ៉ាក់ អូបាម៉ា ពីររូប។ ទីមួយ គឺលោក បារ៉ាក់ អូបាម៉ា ដែលគិតពីការងារសង្គម អង្គុយលើឆាកនៅក្នុងក្រុង Chicago ថ្លែងសុន្ទរកថាទៅកាន់និស្សិតអំពីសារសំខាន់នៃការរៀបចំចងក្រងជាសហគមន៍។
អូបាម៉ា មួយរូបទៀត គឺនឹងទទួលប្រាក់ ៤សែនដុល្លារពីក្រុមហ៊ុន Wall Street ដែលទឹកប្រាក់នេះស្មើនឹងប្រាក់ខែមួយឆ្នាំរបស់លោក អូបាម៉ា ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីនៅសេតវិមាន ជាថ្លៃសម្រាប់ការថ្លែងសុន្ទរកថានៅខែកញ្ញាខាងមុខ នៅក្នុងសន្និសីទគាំពារសុខភាពមួយ ដែលរៀបចំដោយក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគ Cantor Fitzgerald។
ដើមសប្ដាហ៍នេះ នៅសកលវិទ្យាល័យ Chicago លោក អូបាម៉ា ថ្លែងទៅកាន់និស្សិតអំពីភាពចាំបាច់ក្នុងការស្វែងរកអ្វីដែលត្រឹមត្រូវក្នុងឆាកជីវិត មិនមែនសម្រាប់តែកេរ្តិ៍ឈ្មោះ និងលុយកាក់នោះទេ។
ប៉ុន្តែ ទោះយ៉ាងណា អំពីរឿងដែលលោក អូបាម៉ា នឹងទទួលប្រាក់ ៤សែនដុល្លារសម្រាប់ការថ្លែងសុន្ទរកថាឲ្យក្រុមហ៊ុន Wall Street មួយ ត្រូវបានអ្នកនាំពាក្យរបស់លោក ថ្លែងការពារថា លោក អូបាម៉ា សម្រេចចិត្តចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទអំពីការគាំពារសុខភាពខាងមុខនេះ ពីព្រោះលោកយល់ថាវាមានសារសំខាន់ណាស់។
ប៉ុន្មានខែដំបូងបន្ទាប់ពីចប់តំណែងជាប្រធានាធិបតី លោក អូបាម៉ា ត្រូវបានគេឃើញដើរកម្សាន្តជាមួយមហាសេដ្ឋីល្បីៗ ដូចជា បង្ហោះខ្លែងជាមួយ លោក Richard Branson មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Virgin Group ជាដើម។
លោក អូបាម៉ា ទំនងជាអតីតប្រធានាធិបតីអាមេរិកទីមួយហើយ ដែលស៊ីថ្លែជាងគេសម្រាប់ការថ្លែងសុន្ទរកថា បន្ទាប់ពីបញ្ចប់តំណែងប្រធានាធិបតី។
អតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន បានក្លាយជាអ្នកមានបន្ទាប់ពីផុតអាណត្តិប្រធានាធិបតី ដោយថ្លែងសុន្ទរកថាម្ដងៗ រកបានប្រាក់ជាង ២សែនដុល្លារ ជាមធ្យម ក្នុងរយៈពេលជាង ១០ឆ្នាំមកហើយ។
អតីតប្រធានាធិបតីអាមេរិកមួយរូបទៀត លោក ចច ដាប់បិលយូ ប៊ូស ថ្លែងសុន្ទរកថាម្ដងៗ រកប្រាក់បានពី ១សែន ទៅ ១សែន ៧ម៉ឺនដុល្លារ។ កាលឆ្នាំ១៩៨៩ អតីតប្រធានាធិបតី រ៉ូណាល់ រីហ្គែន រកប្រាក់បាន ២លានដុល្លារក្នុងពេលមួយសប្ដាហ៍ ថ្លែងសុន្ទរកថានៅក្នុងប្រទេសជប៉ុន៕