កិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងត្រូវបានធ្វើឡើងគ្រប់ភាគីជម្លោះ មានទាំងធម៌ក្តៅ និងមានទាំងធម៌ត្រជាក់។ រីឯសម្ព័ន្ធមិត្តលោកខាងលិចវិញ ពីមួយថ្ងៃទៅមួយថ្ងៃខិតខំរិះរកវិធី និងការដាក់ទណ្ឌកម្មលើរុស្ស៊ី គោលដៅចង់ច្របាច់កសេដ្ឋកិច្ចរុស្ស៊ីកុំឲ្យដកដង្ហើមរួច ក៏ប៉ុន្តែវានៅស្ទាក់ស្ទើរមិនជ្រះស្រះឡះត្រង់ថា អឺរ៉ុបនៅពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរុស្ស៊ី ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី២៤ខែមីនានេះ ដែលជាខួបមួយខែគត់នៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈពេលនេះសហរដ្ឋអាមេរិកនិងក្រុមប្រទេសនៅអឺរ៉ុបកំពុងជួបប្រជុំកំពូលមួយ ស្វែងរកការទណ្ឌកម្មថ្មីទៀតដាក់លើរុស្ស៊ី។
សង្គ្រាមដ៏ក្ដៅគគុករវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយដល់រយៈពេល១ខែហើយ ប៉ុន្ដែ ភ្លើងសង្គ្រាមនៅតែបន្ដឆាបឆេះ អាប់អួរពេញអ៊ុយក្រែនដដែល បើទោះបីជាភាគីទាំងពីរ ខំប្រឹងចរចាជាច្រើនដងក៏ដោយ ក៏លទ្ធផលហាក់មិនមានផ្លែផ្កាសោះ ប៉ុន្ដែ ការវាយប្រហារពីរុស្ស៊ីវិញ ក៏មិនព្រមបន្ធូរដៃដែរ។ ទីក្រុងធំៗ និង សំខាន់ៗរបស់អ៊ុយក្រែន រងការបាញ់ផ្លោងស្ទើរ រាបដល់ដីទៅហើយ ពិសេសក្រុងកំពង់ផែម៉ារីយូប៉ូល និង រដ្ឋធានីកៀវ ដែលជាសមរភូមិតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញរវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី។
រុស្ស៊ីបង្កើនការវាយប្រហារកាន់តែខ្លាំង ខណៈដែលកងទ័ពអ៊ុយក្រែនកាន់តែមានទឹកចិត្តប្រយុទ្ធ
ប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងទៅៗរបស់រុស្ស៊ី កងទ័ពអ៊ុយក្រែនមិនបានបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញពួកគេកំពុងតស៊ូប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី យ៉ាងក្លាហាន នៅលើសរមភូមិ ដើម្បីការពារប្រទេសកំណើតខ្លួន។ ប្រភពព័ត៌មានរ៉យទ័រដែលបានស្រង់សម្ដីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយរូបនិយាយថា កងទ័ពអ៊ុយក្រែនមិនត្រឹមតែទប់ទល់ការរុលទៅមុខរបស់ទ័ពរុស្ស៊ីទេ ប៉ុន្តែពួកគេថែមទាំងកំពុងតស៊ូយ៉ាងស្វាហាប់ដើម្បីវាយបកដណ្តើមយកទឹកដីរបស់ខ្លួន ដែលរុស្ស៊ីបានកាន់កាប់យក ត្រលប់មកវិញទៀតផង។
ជាក់ស្តែង ទ័ពអ៊ុយក្រែនវាយដណ្តើមយកបានតំបន់មួយនៅក្បែរទីក្រុងកៀវមកកាន់កាប់វិញទៀតផង។ នេះបើតាមរបាយការណ៍មួយ ប៉ុន្តែមិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់ពីភាគីអ៊ុយក្រែននៅឡើយ។ សន្ទុះនៃកម្លាំងប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ធ្វើឲ្យមន្ទីរបញ្ចកោណអាមេរិករំពឹងថា អ៊ុយក្រែនអាចនឹងវាយដណ្តើមយកទីតាំងច្រើនពីរុស្ស៊ីបន្ថែមទៀតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
បើតាមមន្ត្រីមន្ទីរបញ្ចកោណអាមេរិកម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារតបតយ៉ាងខ្លាំងក្លា ទៅលើកងកម្លាំងរុស្ស៊ីក្នុងក្រុងអ៊ីហ្ស៊ីម(Izyum) ដែលជាទីក្រុងតូចមួយនៅភាគអាគ្នេយ៍នៃ តំបន់នៃទីក្រុងខាគីវ(Kharkiv)។
គួរជម្រាបថា អ៊ីហ្ស៊ីមនេះគឺជាក្រុងស្ថិតនៅលើផ្លូវសំខាន់មួយឆ្ពោះទៅកាន់តំបន់ដុនបាស ដែលអាចអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីនៅភាគឦសាន និងភាគអាគ្នេយ៍តភ្ជាប់គ្នា។ ប្រសិនបើកងទ័ពអ៊ុយក្រែនអាចវាយដណ្តើមយកក្រុងអ៊ីហ្ស៊ីមមកវិញមែន បានសេចក្តីថា កងទ័ពរុស្ស៊ីនឹងជួបការលំបាកក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ទោះបីជាទ័ពរុស្ស៊ីបានជាប់គាំងមិនអាចរុលទៅមុខរួច នៅក្នុងតំបន់មួយចំនួនក្តី តែកាំភ្លើងធំ និងគ្រាប់រ៉ុកកែតរបស់រុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើទីក្រុងជាច្រើនពិសេសក្រុងកំពង់ផែ ម៉ារីយូប៉ូល និងរដ្ឋធានីកៀវ ខណៈដែលជនស៊ីវិលបានរត់ទៅជ្រកកោននៅក្រោមដី។ចំនួនអ្នកស្លាប់របួស និងវិបត្តិជនភៀសខ្លួននៅអ៊ុយក្រែនកំពុងកើនឡើងកាន់តែច្រើន
មួយខែមកនេះ គ្មានឡើយរបាយការណ៍ច្បាស់លាស់ពីចំនួនទាហាន និងជនស៊ីវិល ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមនៅអ៊ុយក្រែន លើកលែងតែរបាយការណ៍ពីអង្គការសហប្រជាជាតិចុងក្រោយបំផុតមួយ គឺមានអ្នកស្លាប់ប្រមាណជិត១ពាន់នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។
គិតចាប់តាំងពីថ្ងៃទី១នៃសង្គ្រាមមកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង ៣លាន ៥សែននាក់ហើយដែលបានរត់ភៀសខ្លួនចេញពីប្រទេសកំណើត ស្វែងរកសិទ្ធិជ្រកកោននៅប្រទេសក្បែរខាង។ ក្រៅពីនោះមានពលរដ្ឋជិត៧លាននាក់ផ្សេងទៀត នៅក្នុងប្រទេស បានភៀសខ្លួនចេញពីផ្ទះទៅរកកន្លែងមានសុវត្ថិភាពផ្សេងទៀត។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានចាត់ទុកការរត់ចាកចេញពីប្រទេសរបស់ប្រជាជនអ៊ុយក្រែននេះ ថាជាវិបត្តិជនភៀសខ្លួនដែលរីកធំយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់មានពីមុនមកនោះទេនៅអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក។តើទណ្ឌកម្មអ្វីខ្លះដែលមហាអំណាចបានដាក់លើរុស្ស៊ី ហើយរុស្ស៊ីឆ្លើយតបវិញអ្វីខ្លះ?
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិនអាចធ្វើអ្វីបានឡើយ ក្រៅតែពីជួយគាំទ្រអ៊ុយក្រែនតាមការផ្គត់ផ្គង់សម្ភារៈយោធា រួមផ្សំនឹងការដាក់ទណ្ឌកម្មគាបសង្កត់លើលើម៉ូស្គូ។ ក៏ប៉ុន្តែទីក្រុងម៉ូស្គូ ក៏មិនបាននៅស្ងៀមឲ្យគេរឹតកនោះដែរ ដោយបានឆ្លើយតប តាមរយៈការដាក់ទណ្ឌកម្ម និងសម្ពាធនានាត្រឡប់ទៅវិញដូចគ្នា។
ជាក់ស្តែងចុងក្រោយនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងស្វែងរកការទូទាត់ជាប្រាក់រូប (ruble) ដែលជារូបបិយបណ្ឌរបស់រុស្ស៊ី សម្រាប់ការទិញឧស្ម័នពីប្រទេសណា ដែលប្រកាន់ជំហមិនរាក់ទាក់ជាមួយខ្លួនអំឡុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រការនេះបានបណ្តាលឱ្យតម្លៃឧស្ម័ននៅអ៊ឺរ៉ុបកើនឡើងថែមទៀត ដោយក្តីបារម្ភថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យប៉ះពាល់ដល់ថាមពលក្នុងតំបន់កាន់តែខ្លាំង។
សាររបស់លោកពូទីន គឺបាននិយាយច្បាស់ៗថា៖ ប្រសិនបើចង់បានឧស្ម័នរបស់រុស្ស៊ី គឺត្រូវទិញជាមួយរូបិយបណ្ណរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានទៅដល់ទីក្រុង Brussels សម្រាប់កិច្ចប្រជុំនៃសម្ព័ន្ធភាព G7 និងសហភាពអឺរ៉ុបហើយ នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់លោក Biden ពេលនេះក៏អាចជាការបំភ្លឺផ្លូវមួយសម្រាប់សម្ព័ន្ធមិត្តអឺរ៉ុប ដែលប្រទេសខ្លះបានពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ជុំវិញថាតើត្រូវដាក់ទណ្ឌកម្មថាមពលបន្ថែមទៀតដែរឬទេ៕