តាមរយៈការព្យាកររបស់អង្គការ OPEC នេះ បានបង្ហាញថា តម្រូវការប្រេងសរុបនៅទូទាំងពិភពលោកនៅឆ្នាំ២០២១ នឹងកើនដល់ជាង ៩៦លានបារ៉ែលក្នុងមួយថ្ងៃ កើនប្រហែល ៦,៥% ធៀបនឹងឆ្នាំមុន ខណៈដែល ផលិតកម្មប្រេងឆៅរបស់អង្គការ OPEC ក៏មានការកើនឡើងដែរនៅក្នុងខែកុម្ភកន្លងទៅនេះ។
សម្រាប់ការផ្គត់ផ្គង់ប្រេងដែលមិនស្ថិតក្រោមអង្គការ OPEC វិញ សម្រាប់ឆ្នាំ២០២១ ត្រូវបានព្យាករថានឹងកើនបន្ថែម ៩៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ពោលគិតជាមធ្យមការផ្គត់ផ្គងអាចមានជិត ៦៤លានបារ៉ែលក្នុងមួយថ្ងៃ។
ការបង្កើនការព្យាករពីកំណើនតម្រូវការប្រេងរបស់អង្គការ OPEC នេះ គឺធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចពិភពលោកហាក់កំពុងមានសញ្ញាល្អ សម្រាប់ការងើបឡើងលឿននៃសេដ្ឋកិច្ច។ ជាក់ស្ដែងថ្មីៗនេះ សហរដ្ឋអាមេរិកទើបតែបានអនុម័ត និងដាក់ឲ្យអនុវត្តនូវកញ្ចប់ថវិកាជិត២ទ្រីលានដុល្លារអាមេរិក ដែលវាគឺជាក្ដីសង្ឃឹមដែលធ្វើឲ្យសេដ្ឋកិច្ចអាមេរិកមានសន្ទុះឡើងវិញ ហើយក៏ជាផ្នែកមួយជួយរុញសេដ្ឋកិច្ចពិភពលោកឲ្យប្រសើរឡើងផងដែរ៕