មូលនិធិពិសេស SDR ដែលពាក្យពេញហៅថា Special Drawing Rights នេះ គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។ មូលនិធិ SDRs ថ្មីរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលទើបតែអនុម័តនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។
លោកស្រី លីម សូលីន នាយិកាប្រចាំ ប្រទេសនៃអង្គការ អុកស្វាម មានប្រសាសន៍ថា “ថវិកា SDR របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ថ្មីនេះ នឹងជួយប្រទេស កំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អដើម្បីទប់ស្កាត់ការចម្លងមេរោគនេះព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន។ ទោះជាយ៉ាងណា អង្គការ អុកស្វាម អំពាវឲ្យរាជរដ្ឋាភិបាលបន្តធ្វើការការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះឱ្យបានល្អបំផុត។
របាយការណ៍ពីអង្គការ ILO បានឲ្យដឹងថា បច្ចុប្បន្ននេះ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតំណាងឱ្យជាង ៨៧% នៃសេដ្ឋកិច្ចកម្ពុជា ខណៈក្រសួងផែនការកម្ពុជាបានលើកឡើងដែរថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦ លាននាក់ កំពុងប្រឈម នឹងការបាត់បង់មុខរបររបស់ពួកគេ
នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធានាថា កម្មវិធីផ្ដល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។
បើតាមអង្គការអុកស្វាម ទស្សនវិស័យសេដ្ឋកិច្ចកំពុងមានភាពមិនប្រាកដប្រជា ហើយវិថីនៃការងើបឡើងវិញសម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសទាំងអស់ គឺវែងឆ្ងាយណាស់ និងជួបឧបសគ្គជាច្រើនសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខទៀត៕