លោក សារ ចំរើន ប្រធានសហគមន៍មៀនប៉ៃលិន នៅតែមានក្ដីកង្វល់ ពាក់ព័ន្ធបញ្ហាកកស្ទះផ្លែមៀនប៉ៃលិន ក្នុងសហគមន៍របស់លោក។ លោក សារ ចំរើន មិនរំពឹងខ្ពស់នោះទេ ថា កម្ពុជា នឹងអាចនាំចូលមៀនប៉ៃលិន ទៅប្រទេសថៃ វិញ បើទោះបីពេលនេះ ចិនអនុញ្ញាតឱ្យថៃនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិនវិញក៏ដោយ។
បើតាមប្រធានសហគមន៍មៀនប៉ៃលិនរូបនេះ ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស ការនាំចេញផ្លែមៀនប៉ៃលិន ទៅទីផ្សារប្រទេសថៃ ត្រូវការពេលវេលា និងឯកសារពាក់ព័ន្ធច្រើន ទោះបី ពេលនេះចិន អនុញ្ញាតឱ្យថៃ នាំចូលមៀនឡើងវិញ ក៏ខាងកម្ពុជាមិនរំពឹងខ្ពស់ដែរថា អាចនាំចូលផ្លែមៀនប៉ៃលិន ទៅថៃបាន។
ពាក់ព័ន្ធបញ្ហានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក៏មានការយល់ឃើញ មិនខុសគ្នាប៉ុន្មានដែរ ពីលោក សារ ចំរើន ប្រធានសហគមន៍មៀនប៉ៃលិន។ ប្រធានមន្ទីរកសិកម្មរូបនេះ បានលើកឡើងថា ស្ថានភាពនៅប្រទេសថៃ ពេលនេះកំពុងមានភាពវឹកវរខ្លាំង ដូច្នេះ កម្ពុជា មិនរំពឹងថា នឹងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅថៃ នៅពេលណានោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមខែសីហាមក ផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់កសិករខ្មែរ បានជួបបញ្ហាទីផ្សារយ៉ាងធ្ងន់ធ្ងរ ព្រោះមិនអាចនាំចូលផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសថៃ។ ការណ៍នេះ បានធ្វើឱ្យផ្លែមៀនប៉ៃលិន របស់កសិករខ្មែរ ប្រកបរបរដាំដុះមៀនប៉ៃលិន នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃ ធ្លាក់ថ្លៃ និងកកស្ទះជាច្រើនតោន។
បន្ទាប់ពីមើលឃើញមៀនចាល់នៅលើទីផ្សារ និងសល់ទុំនៅចម្ការមិនមានទីផ្សារនាំចេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានសម្រេចបញ្ជាឲ្យប្រមូលទិញមៀនពីប្រជាកសិករដែលកំពុងជួបការលំបាកខ្វះទីផ្សារ។
យ៉ាងណាក៏ដោយ យុទ្ធនាការប្រមូលទិញផ្លែមៀន របស់រដ្ឋាភិបាលកម្ពុជានេះ ត្រូវបានគេមើលឃើញថា អាចដោះស្រាយបញ្ហាជូនកសិករ មួយរយៈពេលខ្លី ប៉ុណ្ណោះ។ ដំណោះស្រាយដ៏ប្រសើរជាងនេះទៀត គឺខាងសមាហគមន៍មៀនប៉ៃលិនបានឱ្យរដ្ឋាភិបាលពន្លឿន ច្បាប់នៃការនាំចេញផ្លែមៀនប៉ៃលិន ប្រទេសវៀតណាម ឬប្រទេសចិន ទើបអាចជួយស្រោចស្រង់ទីផ្សារមៀនប៉ៃលិនបានកាន់តែប្រសើរ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ ទាំងប្រទេសវៀតណាម ក៏ដូចជាប្រទេសចិន នៅមិនទាន់មានការឆ្លើយតបណាមួយ ជាមួយកម្ពុជានោះទេ ពាក់ព័ន្ធបញ្ហាទីផ្សារនាំចេញផ្លែមៀនប៉ៃលិននេះ។
សូមបញ្ជាក់ថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ ដែលជួបបញ្ហាកកស្ទះ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីជួយជំរុញទីផ្សារផ្លែមៀនប៉ៃលិន។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលកម្ពុជា រដ្ឋប្រមូលទិញផ្លែមៀនប៉ៃលិន តែពីកសិករ ប៉ុណ្ណោះ ចំពោះចម្ការធំៗ រដ្ឋមិនប្រមូលទិញនោះទេ ដូច្នេះបញ្ហាទីផ្សារ នៅជាបញ្ហារបស់អ្នកប្រកបរបរនេះ។ ក្នុងថ្ងៃដំបូង នៃយុទ្ធនាការប្រមូលទិញផ្លែមៀនពីកសិករ ក្រុមការងារទទួលបន្ទុកការប្រមូលទិញផ្លែមៀនប៉ៃលិន បានប្រមូលទិញផ្លែមៀនចំនួន ៧៥តោន ពីកសិករខេត្តបាត់ដំបង។
វិបត្តិកូវីដ-១៩ មិនត្រឹមធ្វើឱ្យផ្លែមៀនប៉ៃលិន ខ្វះទីផ្សារនោះទេ តម្លៃក៏ធ្លាក់ចុះផងដែរ។ ជាមធ្យម បច្ចុប្បន្ន តម្លៃមៀនប៉ៃលិន អាចលក់បានត្រឹម ២៥០០រៀល ទៅ ៣៥០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ខន ណារី