កម្ពុជា មានក្ដីរំពឹងថា ផ្លែមៀនប៉ៃលិន នឹងក្លាយជាផ្លែឈើស្រស់ទី៣ ដែលអាចនាំចេញទៅប្រទេសចិន ដោយត្រង់ បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់។
ឯកឧត្តម ចាន់ ហេង អនុរដ្ឋលេធិការនៃក្រសួងកសិកម្ម បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ក្នុងការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន គឺត្រូវពេលបន្ថែមទៀត ដើម្បីឈានទៅការនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិន។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបង្ហាញពីក្ដីរំពឹងថា កម្ពុជា នឹងអាចនាំចេញផ្លែមៀន ទៅទីផ្សារចិន ក្នុងពេលខាងមុខឆាប់ៗ។ ក្នុងអំឡុងពេលនេះដែរ ដើម្បីឱ្យការនាំចេញផ្លែមៀន ទៅប្រទេសចិនបានកាន់តែឆាប់ កម្ពុជាក៏គួរបង្កើនសមត្ថភាព ក៏ដូចជា ភាពច្នៃប្រឌិតរបស់ខ្លួន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មផងដែរ។
ជុំវិញទៅនឹងបញ្ហាទីផ្សារផ្លែមៀនប៉ៃលិននេះដែរ បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង ដើម្បីជួយដោះស្រាយបញ្ហាជូនកសិករប្រកបរបរដាំដុះមៀនប៉ៃលិន ដែលបាននិងកំពុងជួបបញ្ហា កាលពីថ្ងៃទី ១៤ ខែកញ្ញាថ្មីៗនេះ សភាពាណិជ្ជកម្មចិននៅកម្ពុជាក៏បានជួបទិញផ្លែមៀន ពីកសិករខេត្តបាត់ដំបង ចំនួន ៥តោនផងដែរ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងកិច្ចចរចានៃការនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា ក៏ស្នើទៅសភាពាណិជ្ជកម្មចិន ឱ្យពន្លឿននីតិវិធីនៃការនាំចេញផ្លែមៀនកម្ពុជា ទៅប្រទេសចិន។ ទន្ទឹមនោះ ប្រធានមន្ទីរកសិកម្ម រូបនេះ ក៏បានស្នើឱ្យវិនិយោគគិនចិន ចូលមកវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តនេះ មានសក្ដានុពលខ្ពស់ផ្នែកវិស័យកសិកម្ម។
មុននឹងឈានដល់កិច្ចចរចាក្នុងការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗ កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សាជាន់ខ្ពស់ចិន អំឡុងមន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ជួយជំរុញការនាំចេញផលិតផលកសិកម្ម កម្ពុជា ទៅកាន់ទីផ្សារចិន ដើម្បីដោះស្រាយបញ្ហាជូនកសិករខ្មែរ បានជួបប្រទះនាពេលកន្លងមក។ ជាការឆ្លើយតបបញ្ហានេះ ឯកឧត្តម វ៉ាង យី ក៏បានអះអាងថា ចិននឹងនាំចូលផលិតផលិកម្មពីកម្ពុជា ឱ្យបានកាន់តែច្រើន ទៅទីផ្សារចិន។
បើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្បបាត់ដំបង រហូតមកដល់ពេលនេះ យុទ្ធនានៃការប្រមូលទិញផ្លែមៀនផ្ទាល់ពីកសិកររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជាង ២,៥ពាន់តោនហើយ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា មានផ្ទៃដីដាំដុះដំណាំមៀនប៉ៃលិន សរុប១ម៉ឺន៣ពាន់ហិកតា ដែលក្នុងនោះផ្ទៃដីអាចប្រមូលផលបានមានជិត ៧ពាន់ហិកតា ហើយបរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះ មានប្រមាណ ១១ម៉ឺនតោន៕