សារព័ត៌មានធំមួយរបស់វៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន Parkson Holdings ដែលជាប្រតិបត្តិករផ្សារទំនើបលក់ទំនិញដ៏ធំនៅប្រទេសម៉ាឡេស៊ី ដែលបានពង្រីកសាខាជាច្រើនកន្លែងនៅប្រទេសក្នុងតំបន់អាស៊ី បានសម្រេចបិទសាខារបស់ខ្លួនមួយទៀតហើយ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលនេះជាសាខាទី៤ហើយ ដែលក្រុមហ៊ុននេះបានបិទទ្វារ ដោយសារតែប្រតិបត្តិការអាជីវកម្មធ្លាក់ចុះ។
ផ្សារទំនើប Parkson បានចូលក្នុងទីផ្សារវៀតណាមតាំងពីឆ្នាំ២០០៥ និងបានបើកសាខារហូតដល់ ៨កន្លែង នៅទីក្រុងហូជីមិញ និងហាណូយ តែបច្ចុប្បន្ន នៅសល់តែ ៤សាខាប៉ុណ្ណោះ ដែលកំពុងដំណើរការ។
បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ក្រុមហ៊ុនដែលជាប្រតិបត្តិករផ្សារទំនើបនេះ បានខាតបង់ប្រាក់ប្រមាណ ៦០ពាន់លានដុង ឬស្មើនឹង ២,៦លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយចុះ បើតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Parkson នេះ បានឲ្យដឹងថា ការបិទផ្សារទំនើប Parkson Flemmington ដែលជាសាខាទី៤ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននោះឡើយ។
គេសង្កេតឃើញដែរថា វិស័យ E-commerce នៅវៀតណាម បានចាប់ផ្ដើមពុះកញ្ជ្រោលឡើង ជាមួយនឹងការផ្ទុះឡើងនៃអ្នកប្រើប្រាស់អ៊ិនថឹណិត និងស្មាតហ្វូន ហើយក៏មានការវិនិយោគក្រាស់ក្រែល នៅក្នុងវិស័យនេះ ផងដែរ។ លើសពីនេះ វិស័យ E-Commerce នៅវៀតណាម ក៏ត្រូវបានគេរំពឹងថា នឹងពង្រីកវិសាលភាពកាន់តែធំឡើងៗនៅក្នុងទីផ្សារ។ ការស្ទុះឡើងខ្លាំងនៃវិស័យនេះ ត្រូវបានគេចាត់ទុកថា ទំនងជាកត្តាមួយបង្កឲ្យការលក់រាយតាមបែបប្រពៃណីមានការថមថយកំណើន។
នៅឆ្នាំ២០១៦ ទីផ្សារ E-commerce វៀតណាម មានទំហំជាទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងជាទីផ្សារមួយដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក។ ចំណូលពីវិស័យលក់រាយនៅលើអនឡាញរបស់វៀតណាម ត្រូវបានគេព្យាករថា នឹងកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២០ ស្មើនឹងប្រមាណ ៥% នៃទីផ្សារលក់រាយសរុបរបស់ប្រទេសនេះ។
ដោយឡែក បើនិយាយពីផ្សារទំនើប Parkson ដែលបាននិងកំពុងសាងសង់នៅកម្ពុជាឯណេះវិញ ហាក់អូសបន្លាយពេលវេលាបើកដំណើរការជាបន្តបន្ទាប់ ខណៈដែលកាលពីពេលកន្លងទៅ ក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើបនេះ ធ្លាប់បានអះអាងថា នឹងបើកដំណើរការនៅដើមឆ្នាំ២០១៧ តែគិតរហូតមកទល់ពេលនេះ នៅមិនទាន់បើកដំណើរការនៅឡើយទេ។ ផ្សារទំនើបនេះ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយចុះ សម្រាប់កម្ពុជា ផ្សារទំនើបខ្នាតយក្ស Parkson មួយនេះ ត្រូវបានគេចាត់ទុកថា ជាគូប្រជែងដ៏ធំមួយជាមួយនឹងផ្សារទំនើប AEON ខណៈដែលផ្សារទំនើបទាំងពីរនេះ ត្រូវបានគេស្គាល់ថា ជាផ្សារទំនើបធំជាងគេខ្នាតយក្សនៅកម្ពុជា។ ក្នុងនោះ ផ្សារទំនើប AEON ក៏បាននិងកំពុងសម្រុកសាងសង់សាខាទី២របស់ខ្លួនដោយសម្រេចបានមួយភាគធំហើយ ខណៈដែលផ្សារទំនើប Pakson ក៏មានមហិច្ឆតាពង្រីកជាច្រើនសាខានៅកម្ពុជា ផងដែរ ប៉ុន្ដែ នៅឡើយសាខាទី១នៅមិនទាន់បើកទ្វារទេ ខណៈដែលការសាងសង់ តាមការសង្កេតជាក់ស្ដែង សម្រេចបានប្រហែលជាង ៩០% ហើយ។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ វិស័យលក់ដុំនិងរាយរបស់កម្ពុជា ហាក់មានភាពរីកលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺ មានកំណើនប្រមាណជិត ៨% ដែលកំណើននេះបាននាំមុខវិស័យដឹកជញ្ជូននិងគមនាគមន៍ និង ទេសចរណ៍៕