ពីមួយឆ្នាំទៅមួយឆ្នាំ កេរ្តិ៍ឈ្មោះមជ្ឈមណ្ឌលកម្សាន្ត ផាកវ៉េ ត្រូវបានធ្លាក់ស្រុតចុះជាបណ្តើរៗដោយសារតែមានអ្នកជំនួសមុខមាត់ជាច្រើន ពោលគឺ ផ្សារទំនើបថ្មីៗធំៗ មណ្ឌលកម្សាន្តទំនើបៗរីកដុះដាលជាច្រើនស្អេកស្កះ នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលដែលបាត់ភាពល្បី មជ្ឈមណ្ឌលកម្សាន្ត ផាកវ៉េ ជំនួសដោយបណ្តុំទីតាំងជួលសម្រាប់ធ្វើជាការិយាល័យធ្វើការ អាជីវកម្ម កន្លែងហាត់ប្រាណ មួយចំនួនផ្សេងទៀត។
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលកម្សាន្ត ផាកវ៉េ ត្រូវបានបិទទ្វារ ជម្រាបលាអ្នកទាំងអស់គ្នា ដោយអគារចាស់បច្ចុប្បន្ន នឹងត្រូវវាយកម្ចេចចោល នាពេលឆាប់ៗខាងមុខនេះហើយ ដើម្បីប្រែក្លាយមុខមាត់ថ្មី ឲ្យកាន់តែស្រស់ថ្លា ទំនើប ទាន់សម័យនឹងគេ ជាមួយនឹងម្ចាស់វិនិយោគថ្មីដែលសាធារណជនប្រាកដជាស្គាល់ច្បាស់ហើយ គឺ អាណាចក្រជំនួញ ជីបម៉ុង គ្រុប។
មជ្ឈមណ្ឌល កម្សាន្ត ផាកវ៉េ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង ទិញ ដើម្បីវិនិយោគធ្វើអគារស្នាក់ការកណ្តាលក្រុមហ៊ុន ជីប ម៉ុង គ្រុប និង អគារពាណិជ្ជកម្មខ្ពស់ចម្រុះ ដើម្បីបម្រើដល់សេចក្តីត្រូវការចាំបាច់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការឲ្យដឹងពីក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបានប្រាប់ សារព័ត៌មាន ខេមបូណូមីស។
សូមជម្រាបផងដែរថា នៅក្នុងរយៈពេលមិនដល់មួយខែផង ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង ដែលសាធារណជនទូទៅទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០ភាគរយ និងមានឥទ្ធិពលដ៏ខ្លាំងមួយនៅក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកធំៗប្រមាណ ១០ ដែលកំពុងមានឥទ្ធិពលខ្លាំង ក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា បានបើកយុទ្ធនាការវិនិយោគគម្រោងធំៗ យ៉ាងតិចប្រមាណ ៥ នៅក្នុងរាជធានីភ្នំពេញ៕