ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួបលើកដំបូងរវាងអ្នកសារព័ត៌មាននិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីដើមខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយសម្ព័ន្ធអ្នកកាសែតកម្ពុជា (ខេមបូចា) សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសបារាំង (CFI)។
លោក ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្រ្ត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាននិយាយដូច្នេះថា “ដោយសារវីរុសហ្នឹង គឺជាវីរុសថ្មី អីចឹង តួនាទីសំខាន់របស់វិទ្យាស្ថានប៉ាស្ទ័រ គឺការស្រាវជ្រាវដើម្បីស្វែងយល់ឲ្យបានច្បាស់ពីការរាតត្បាតរបស់វីរុសហ្នឹងនៅស្រុកខ្មែរ ជាពិសេស យើងផ្តោតទៅលើថា តើយើងឃើញហើយចំនួនវីរុស ចំនួនករណី positive មានចំនួនតិចទេ ប៉ុន្តែ អ្វីដែលយើងសង្ស័យថា តើប្រហែលជាវីរុសហ្នឹងអាចចម្លងទៅអ្នកផ្សេងច្រើនទៀត ដែលយើងអត់ទាន់ដឹង។”
លោក ដួង វាសនា បាននិយាយបន្តថា “អ៊ីចឹង ការសិក្សាមួយដែលយើងផ្តោតសព្វថ្ងៃ គឺយើងចង់ដឹងថា តើវីរុសដែលកូរ៉ូណាវីរុស ដែលចូលមកប្រទេសខ្មែរយើងវារាតត្បាតដល់ប៉ុណ្ណា ថាតើវានៅតែចំនួន ១០០នាក់ជាងហ្នឹង ឬក៏បានឆ្លងទៅមនុស្សច្រើន ហើយដែលយើងមិនបានធ្វើតេស្តរកឃើញ។ ហ្នឹងគឺជាសំណួរមួយដែលសំខាន់នៅក្នុងពេលបច្ចុប្បន្ននេះ។”
លោក ដួង វាសនា បានអះអាងថា វិទ្យាស្ថានប៉ាស្ទ័រមិនទាន់បានជូនដំណឹង ឬក៏ដាក់ជាសំណើទៅក្រសួងសុខាភិបាលកម្ពុជាដើម្បីធ្វើការសិក្សានេះនៅឡើយទេ ហើយក៏មិនបានដឹងថា ការសិក្សានេះអាចនឹងចាប់ផ្តើមនៅពេលណាដែរ។
ក្នុងចំណោមករណីកូវីដ១៩ សរុបចំនួន ១២៦ នៅកម្ពុជាចំនួន ១២៤នាក់ បានជាសះស្បើយអស់ហើយ ដោយបច្ចុប្បន្ន មានចំនួនតែ០២នាក់ប៉ុណ្ណោះដែលស្ថិតក្រោមការព្យាបាល៕