យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណនេះ ចិនបានបង្កើនក្បាលគ្រាប់ដល់ទៅជាង៥០០គ្រាប់គិតត្រឹមខែឧសភា ឆ្នាំនេះ ដែលលើសពីអ្វី ដែលបានកំណត់ទុក។ បើគេធៀបនឹងរបាយការណ៍មុន ទីក្រុងប៉េកាំងមានក្បាលគ្រាប់ប្រតិបត្តិការបានត្រឹមតែជាង៤០០គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២១។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងការកើនឡើងចំនួនក្បាលគ្រាប់នេះ របាយការណ៍បន្ថែមទៀតថា កងទ័ពជើងទឹកចិន មាននាវាចម្បាំង និងនាវាមុជទឹកសរុបចូលគ្នា៣៧០គ្រឿង កើនឡើងពី៣៤០គ្រឿងកាលពីឆ្នាំមុន។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ អាមេរិកមើលឃើញសាធារណរដ្ឋប្រជាមានិតចិន បន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែរបស់ខ្លួន។ មន្ត្រីរូបនេះបន្តថា អ្វីដែលចិនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ធៀបនឹងអ្វីដេលធ្លាប់បានធ្វើពីមុន គឺខុសគ្នាឆ្ងាយណាស់ទាំងទំហំ និងបរិមាណ។
របាយការណ៍នេះបានបញ្ជាក់ពីការព្រួយបារម្ភនៃសម្ពាធរបស់ក្រុងប៉េកាំង ទៅលើកោះតៃវ៉ាន់ដែរ ដែលប៉េកាំងចាត់ទុកជាខេត្តមួយរបស់ខ្លួន។
គួររំលឹកថា សហរដ្ឋអាមេរិក មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែសរុបប្រហែល៣,៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រអាមេរិក មានប្រហែល១,៤១៩គ្រាប់ ត្រូវបានដាក់ពង្រាយ។ វីឯរុស្ស៊ីមានអាវុធនុយក្លេអ៊ែប្រហែល១,៥៥០គ្រាប់ ត្រូវបានដាក់ពង្រាយ ក្នុងចំណោមឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែសរុបចំនួន៤,៤៨៩គ្រាប់។ នេះបើយោងតាមសហព័ន្ធក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក៕