ការលើកឡើងរបស់បុគ្គលសំខាន់ៗពីទីក្រុងម៉ស្គូ បានកើតឡើងស្របពេលដែលមេដឹកនាំនៃសម្ព័ន្ធយោធាណាតូកំពុងប្រមូលផ្តុំគ្នានៅប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចពិភាក្សា ដើម្បីសម្រេចថា ត្រូវផ្តល់ឱ្យទីក្រុងកៀវនូវយុទ្ធភណ្ឌធុនធ្ងន់ ឬក៏អត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វាហាក់ដូចជាមិនមែនជារឿងថ្មីនោះទេ ដែលថា វោហាសាស្រ្តនុយក្លេអ៊ែរតែងតែបន្លឺឡើងពីបុគ្គលមួយចំនួនក្បែរខ្លួនលោកពូទីន ដែលត្រូវបានគេមើលឃើញថា មានបំណងរារាំង និងបំភិតបំភ័យណាតូកុំឱ្យផ្តល់សព្វាវុធបន្ថែមដល់អ៊ុយក្រែន ជាពិសេសរថក្រោះធុនធ្ងន់តែម្តង។ បើទោះ វាជាវោហាសាស្ត្រមែនពិត ក៏គេមិនត្រូវមើលរំលងនៃស្ថានការដ៏ផុយស្រួយនៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចនុយក្លេអ៊ែរ គឺសហរដ្ឋអាមេរិក និងរុស្ស៊ីនេះដែរ។
តាមរយៈសារតេលេក្រាមដែលត្រូវបានបង្ហោះដោយអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានសរសេរថា៖ «ការបរាជ័យនៃមហាអំណាចនុយក្លេអ៊ែរនៅក្នុងសង្រ្គាមធម្មតាមួយ អាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរបាន»។ លោកថា៖ «មហាអំណាចនុយក្លេអ៊ែរមិនដែល ហើយក៏មិនព្រមទទួលបរាជ័យក្នុងជម្លោះធំៗជាដាច់ខាត បើពុំនោះទេ វាសនារបស់គេនឹងចប់ដូចគ្នា»។
លោក Medvedev បាននិយាយថា ណាតូ និងមេដឹកនាំការពារជាតិផ្សេងទៀត ដែលនឹងត្រូវជួបប្រជុំគ្នានៅមូលដ្ឋានទ័ពអាកាស រេមស្តេន(Ramstein) ក្នុងប្រទេសអាឡឺម៉ង់នៅថ្ងៃសុក្រទី២០ ខែមករានេះ គឺជាការប៉ុនប៉ងប្រើយុទ្ធសាស្ត្រចង់កម្ចាត់រុស្ស៊ីក្នុងសមរភូមិអ៊ុយក្រែន។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះពួកគេក៏ត្រូវគិតពិចារណាអំពីហានិភ័យដ៏មហន្តរាយផងដែរ។
ស្របពេលជាមួយគ្នា ប្រធាននៃសាសនាគ្រិស្ត អរតូដក់ (Orthodox) របស់ប្រទេសរុស្ស៊ីបាននិយាយដែរថា៖ «ការព្យាយាមបំផ្លាញប្រទេសរុស្ស៊ីនឹងមានន័យថា ជាចុងបញ្ចប់នៃពិភពលោក»។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្ដីប្រធានសាសនារូបនេះថា៖ «បច្ចុប្បន្ននេះជាពេលវេលាគួរឲ្យព្រួយបារម្ភ ហើយពួកគេត្រូវយល់ថា បំណងណាមួយក្នុងការចង់បំផ្លាញរុស្ស៊ីនោះ គឺជាពេលចុងក្រោយនៃពិភពលោកដូចគ្នា»។
ដោយឡែក លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាឱ្យមេដឹកនាំណាតូ និងមេដឹកនាំសហភាពអឺរ៉ុបរក្សាភាពស្ងប់ស្ងាត់របស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរជម្រាបថា នៅថ្ងៃសុក្រទី២០ខែមករានេះ មេដឹកនាំនៃក្រុមប្រទេសចំនួន១១នៃអង្គការសម្ព័ន្ធយធាណាតូរួមមានចក្រភពអង់គ្លេស និងប៉ូឡូញផងដែរ នឹងជួបប្រជុំគ្នា ស្តីពីការផ្តល់ជំនួយយោធាបន្ថែមលើអ៊ុយក្រែន។ ក្នុងនោះ ការប្រមូលផ្តុំគ្នានៅឯមូលដ្ឋានយោធាអាល្លឺម៉ង់ ត្រូវបានក្រុមមន្ត្រីសន្យាថានឹងផ្តល់ឱ្យទីក្រុងកៀវនូវមីស៊ីល ប្រព័ន្ធការពារដែនអាកាស កាំភ្លើងប្រឆាំងយន្តហោះ កាំភ្លើងយន្ត ការហ្វឹកហាត់ឧបករណ៍យោធា និងសព្វាវុធជាច្រើនទៀត។
តាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វាឡេស(Ben Wallace) បាននិយាយថា ចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែនក៏ដូចជាមីស៊ីលប្រភេទ Brimstone ចំនួន ៦០០ ដើមផងដែរ។ លើសពីនោះ ប្រទេសប៉ូឡូញក៏កំពុងបញ្ជូនកាំភ្លើងប្រឆាំងយន្តហោះ S-60 ជាមួយនឹងគ្រាប់រំសេវចំនួន៧ម៉ឺនគ្រាប់ទៀត។ ប៉ូឡូញបន្តសង្កត់ធ្ងន់ថា ខ្លួនក៏ត្រៀមនឹងបញ្ចូនរថក្រោះធន់ធ្ងន់ប្រភេទ Leopard 2 ផលិតដោយអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនដែរ ពោលគឺរង់ចាំតែលទ្ធផលក្រោយកិច្ចប្រជុំថ្ងៃសុក្រនេះប៉ុណ្ណោះ៕