កាលពីខែមុន លោក អេឡិន ម៉ាស្ក បានបង្ហើបឲ្យដឹងថា លោកបានទិញរូបិយប័ណ្ណ Bitcoin ក្នុងទឹកប្រាក់ ១,៥ប៊ីលានដុល្លារអាមេរិក ហើយកាលណោះ លោកក៏បានប្រកាសផងដែរថា មិនយូរប៉ុន្មានទេ ក្រុមហ៊ុន Tesla នឹងទទួលយកលុយ Bitcoin ដែលកំពុងពេញនិយមបំផុតនៅលើពិភពលោក សម្រាប់ការទូទាត់ប្រាក់ ។
គេហទំព័ររបស់ក្រុមហ៊ុនរថយន្ត Tesla មានទំព័រមួយពន្យល់អតិថិជនអំពីវិធីដែលពួកគេអាចបង់លុយទៅឲ្យក្រុមហ៊ុន Tesla ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin បាន ។ ជាធម្មតា រថយន្តប្រើអគ្គិសនីរបស់ Tesla មានតម្លៃចន្លោះពីជិត ៣ម៉ឺន៨ពាន់ដុល្លារ ដល់ ១សែន ២ម៉ឺន ៤ពាន់ដុល្លារអាមេរិក ដោយមិនទាន់បូកបញ្ចូលថ្លៃបង់ពន្ធ ។
ចំពោះប្រជាជនដែលរស់នៅក្រៅសហរដ្ឋអាមេរិកវិញ ក៏នឹងអាចទិញរថយន្ត Tesla ដោយចាយលុយ Bitcoin បានដែរ នៅចុងឆ្នាំនេះ ប៉ុន្តែ លោក អេឡិន ម៉ាស្ក មិនបានបញ្ជាក់ទេថា តើប្រទេសណាខ្លះដែលអាចធ្វើដូច្នេះបាននោះឡើយ ៕