បើតាមក្រុមអ្នកជំនាញ ការឈ្លោះទាស់ទែងគ្នារវាងអ្នកល្បីឈ្មោះនៅលើបណ្តាញសង្គមមិនមែនទើបនឹងកើតមាននោះទេ ប៉ុន្តែទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យភាគីអមិត្ត ឬជនអគតិឆ្លៀតឱកាសប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ដើម្បីវាយប្រហារ និងញុះញង់ឱ្យមានការបាក់បែកសាមគ្គីភាពជាតិបន្ថែមទៀតនោះទេ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានហៅទង្វើរបស់បុគ្គលល្បីៗឈ្មោះមួយចំនួនដែលបានបង្កជម្លោះតាមរយៈហិង្សាពាក្យសម្ដីនៅលើបណ្ដាញសង្គមថា កំពុងក្លាយជាគំរូដ៏អាក្រក់បំផុតដល់សាធារណជន ជាពិសេសគឺយុវជនឱ្យធ្វើត្រាប់តាម។ អ្នកជំនាញរូបនេះ បានប្រៀបធៀបបញ្ហានេះទៅនឹងជំងឺមហារីកសង្គម ដែលទាមទារឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចប្រញាប់ប្រញាល់ព្យាបាលជាបន្ទាន់។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរត្រូវតែកោះហៅបុគ្គលដែលបង្កផលប៉ះពាល់ទាំងនោះ មកដោះស្រាយដោយសន្តិវិធី និងអនុវត្តច្បាប់ជាធរមាន ដើម្បីស្ដារសីលធម៌សង្គមឡើងវិញ ដោយលោកសង្កត់ធ្ងន់ថា សង្គមត្រូវការអ្នកបង្កើតមាតិកាប្រកបដោយសេចក្ដីថ្លៃថ្នូរ មិនមែនត្រូវការបុគ្គលដែលប្រើហិង្សាពាក្យសម្តី ដើម្បីទាក់ទាញការគាំទ្រនោះឡើយ។
មិនខុសគ្នានោះទេ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងដែរថា សកម្មភាពអនាធិបតេយ្យរបស់បុគ្គលមានឈ្មោះល្បីមួយចំនួននៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ហាក់បង្ហាញពីភាពអាម៉ាស់ និងការធ្លាក់ចុះសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ ខណៈរាជរដ្ឋាភិបាលកំពុងអំពាវនាវឱ្យមានការសាមគ្គីផ្ទៃក្នុង ស្របពេលដែលមានបញ្ហាប្រឈមនៅតាមបន្ទាត់ព្រំដែន។ លោកបណ្ឌិតយល់ឃើញថា បញ្ហាផ្ទៃក្នុងរបស់បុគ្គល គួរតែដោះស្រាយគ្នាតាមផ្លូវច្បាប់ ឬដោយសន្តិវិធី ដោយមិនត្រូវយកមកហែកហួរគ្នាលើបណ្ដាញសង្គមឡើយ។
ជាងនេះទៅទៀត ស្ថាប័នអាណាព្យាបាលដូចជាក្រសួងព័ត៌មាន ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវតែមានវិធានការក្តៅ ដើម្បីបញ្ឈប់សកម្មភាពគ្មានសណ្ដាប់ធ្នាប់ទាំងនេះ ជៀសវាងការបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម។
ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានសង្កត់ធ្ងន់ថា វិបត្តិនៃការប្រើពាក្យអសុរោះនៅលើបណ្ដាញសង្គមនេះបានចាក់ឫសគល់ជាយូរមកហើយ។ លោកបានព្រមានថា ជម្លោះរវាងបុគ្គលល្បីៗឈ្មោះទាំងនេះកំពុងតែផ្ដល់ឱកាសមាសដល់ភាគីថៃ ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្រ្ត ដើម្បីបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយ និងគ្មានវិធានការច្បាប់ណាមួយឱ្យបានម៉ឺងម៉ាត់នោះទេ។ លោកបន្តថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើកំណែទម្រង់សីលធម៌ ដោយអនុវត្តជាគំរូពីថ្នាក់លើដល់ថ្នាក់ក្រោម និងត្រូវមានការអប់រំ ឬឈានដល់ការដាក់ទោសទណ្ឌចំពោះបុគ្គលទាំងឡាយណាដែលបំពានច្បាប់។
ពាក់ព័ន្ធនឹងបញ្ហាសីលធម៌ និងសុវត្ថិភាពព័ត៌មាននេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងនៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដោយបានអំពាវនាវឱ្យអ្នកបង្កើតមាតិកាទាំងអស់រួមគ្នាជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់ស្រទាប់យុវជន។ ឯកឧត្តមបានបន្ថែមថា អង្គភាពព័ត៌មាន និងអ្នកបង្កើតមាតិកាត្រូវបង្កើនការផលិតវីដេអូ ឬអត្ថបទល្អៗដែលផ្តល់ចំណេះដឹង និងវិធីសាស្ត្រសម្គាល់ព័ត៌មានក្លែងក្លាយ ដើម្បីឱ្យសាធារណជនទទួលបានប្រភពព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ និងរឹងមាំ។
គួររំឮកថា កាលពីពេលកន្លងទៅ ក្រសួងព័ត៌មាន បានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកបង្កើតមាតិកាទាំងអស់ ដោយហាមដាច់ខាតការផ្សាយមាតិកាដែលប្រាសចាកក្រមសីលធម៌ វប្បធម៌ប្រពៃណី ការរំលោភបំពានសិទ្ធិបុគ្គល និងការប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ព្រមទាំងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ ចំពោះបុគ្គលណាដែលនៅតែបន្តល្មើសច្បាប់៕
អត្ថបទ៖ ជា ម៉ារ៉ា