ផ្សារមូលបត្រ​កម្ពុជា

ក្រុមហ៊ុនថ្មីមួយ​មកពីវិស័យថាមពល ត្រៀមចូលប្រមូលទុនពីផ្សារមូលបត្រកម្ពុជាជិត ៣លានដុល្លារ


Pestech Cambodia នឹងក្លាយជាក្រុមហ៊ុនថ្មីមួយទៀត និងជាក្រុមហ៊ុនដំបូងគេក្នុងវិស័យថាមពលអគ្គិសនី ដែលចូលបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា។ តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុននេះ បានឲ្យដឹងថា ខ្លួនត្រៀមនឹងចូលប្រមូលទុនពីផ្សារមូលបត្រកម្ពុជាជិត៣លានដុល្លារអាមេរិក តាមយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន ប្រមាណជិត៤លានហ៊ុន។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍

ឯកឧត្តម ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​ស្វាគមន៍ចំពោះវត្តមាន​របស់​ក្រុមហ៊ុន​ ​Pestech Cambodia ដែល​មកពី វិស័យថា​មពលអគ្គិសនីនេះនិងបាន​បញ្ជាក់ថា វាជាការ​​ដើរ​ស្របទៅនឹង​គោលដៅ​ទាក់ទាញ​ក្រុមហ៊ុនមកពី​គ្រប់វិស័យ ឲ្យចុះបញ្ជី​នៅ​លើទីផ្សារមូលបត្រ​កម្ពុជា ដើម្បីឲ្យ​ទីផ្សារមួយនេះ កាន់តែពេញលេញ និងអាច​តំណាង​ឲ្យ​សេដ្ឋកិច្ចប្រទេសកម្ពុជា។

ឯកឧត្តម ហុង សួរ​បន្ថែមថា ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន​ Pestech​ គឺចេញមកពី​វិស័យថាមពល​អគ្គិសនី ដែលជាវិស័យ​ថ្មីមួយ ប្លែកពីមុន សម្រាប់​ផ្សារមូលបត្រ​កម្ពុជា និងរំពឹងថា​​ក្រុមហ៊ុននេះ ទទួលបាន​ការចាប់​អារម្មណ៍ និងគាំទ្រពី​សំណាក់​វិនិយោគិន និងសាធារណជន។

បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ ក្រុមហ៊ុន Pestech បានបញ្ជាក់ថា គ្រោងនឹង​បោះផ្សាយ​លក់​ភាគហ៊ុន​ក្នុងតម្លៃ​ ៣,១២០រៀល ឬ ៧៦សេនដុល្លារ​ក្នុងមួយភាគ​ហ៊ុន ហើយក្រុមហ៊ុននេះ គ្រោង​នឹងធ្វើកម្មវិធី​ Roadshow ​​តាមប្រព័ន្ធ​អនឡាញ នៅថ្ងៃទី ២៧ ខែកក្កដានេះ មុននឹងឈានដល់ ការចុះបញ្ជី​ជាផ្លូវការ នៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ។ តាមផែនការ ក្រុមហ៊ុន Pestech Cambodia គ្រោងនឹង​ប្រមូល​ដើមទុនជិត ៣លាន​ដុល្លារអាមេរិក ដោយបោះផ្សាយ​លក់មូល​បត្រ​កម្មសិទ្ធិ ប្រមាណ​ជិត ៤លានភាគហ៊ុន។

អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា អះអាងថា ដោយសារតែ​វិបត្តិកូវីដ១៩ បានផ្លាស់ប្តូរ​បរិបទការងារ​ដែលធ្លាប់ធ្វើ​ពីមុនមក ដោយមានការរុញ​ច្រាន​កម្មវិធី ​Roadshow ទៅកាន់ប្រព័ន្ធ​អនឡាញ ទោះបីជាវា​មានបញ្ហា​ប្រឈម​បន្តិចក្តី តែវាជារឿងល្អ ដែលអាចធ្វើបាន​នៅពេលនេះ មិនចាំបាច់រង់​ចាំរហូតដល់ បញ្ហាមេរោគ​ឆ្លងកូវីដ-១៩ បញ្ចប់នោះទេ ព្រោះថា មេរោគឆ្លងនេះ វាអាចអូស​បន្លាយ​រយៈពេលយូរ ដូច្នេះ យើងត្រូវរៀន​រស់នៅ​ជាមួយវា និងបត់បែន​ទៅតាមនោះដែរ។

ឯកឧត្តម ហុង សុហួរបន្តថា ការប្រមូល​ទុនរង្វង់ ៣លានដុល្លារ​អាមេរិក អំឡុងពេល​មាន​វិបត្តិនេះ អាចនិយាយ​បានថា ជាទំហំទឹកប្រាក់​មួយសមរម្យ សម្រាប់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍ​ដំណើរការ​ការងារ របស់ខ្លួន​ឲ្យកាន់តែ​ប្រសើរ ហើយអ្វីដែល​ពិសេសនោះ គឺក្រុមហ៊ុន Pestech​ នឹងកាន់តែ​មាន​ភាពងាយស្រួល​ក្នុងការបំពេញ​នីតិវិធី បោះផ្សាយ​លក់ភាគហ៊ុន​បន្ថែម​ទៀត​នាពេលក្រោយ។

គួរជម្រាបដែរថា គិតមកទល់ពេលនេះ ផ្សារមូលបត្រ​កម្ពុជា ទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជីលក់​ភាគហ៊ុន​ចំនួន ៦ក្រុមហ៊ុន​ហើយ ដោយក្រុមហ៊ុន ​Pestech នឹងក្លាយ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុនថ្មី​មួយបន្ថែមទៀត​​ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា ក៏រំពឹង​នឹងទទួល​បានក្រុមហ៊ុន​ចុះបញ្ជី​លក់ភាគហ៊ុន ចំនួន​ ២បន្ថែមទៀតនៅ​មុនដំណាច់​ឆ្នាំនេះដែរ៕

None



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់

ធនាគារអេស៊ីលីដា និងគ្រឹះស្ថានឃេស អ៊ិននើវេសិន នៅថ្ងៃទី ២៣ ខែកក្កដានេះ បានប្រកាសជាសាធារណៈអំពីការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់…

អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ប្រាក់កម្ចី​បានកាន់តែច្រើន!

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា គំនិតផ្ដួចផ្ដើមបង្កើតឲ្យមានសាជីវកម្មធានាឥណទាននៅកម្ពុជា ឬហៅថា Credit Guarantee ជាជំហានវិជ្ជមានម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ