តួលេខក្នុងស្ថិតិបានកើនលើសពីការព្យាករណ៍ជាមធ្យម ៥,៩% ទៅទៀតនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារ Reuters ប៉ុន្តែគឺស្ថិតនៅក្នុងចន្លោះពី៥,៧% ទៅ ៦,៥% ដែលធនាគារកណ្ដាលហ្វីលីពីនបានព្យាករណ៍សម្រាប់ខែនេះ ខណៈដែលអតិផរណានៅក្នុងឆមាសទីមួយនៃឆ្នាំនេះជាមធ្យមគឺ ៤,៤%។
រដ្ឋាភិបាលហ្វីលីពីនបានអះអាងថា ធនាគារកណ្ដាលរបស់ប្រទេសនេះ អាចនឹងបង្កើនអត្រាការប្រាក់១%បន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីបានមើលឃើញពីអត្រាអតិផរណាកាលពីខែមិថុនា បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ។
ការដំឡើងអត្រាការប្រាក់បន្ថែម១%ទៀតនេះ នឹងធ្វើឲ្យអត្រាប្រាក់ដែលកំណត់ដោយធនាគារកណ្ដាលហ្វីលីពីននឹងមានដល់ ៣,៥% ហើយការពិនិត្យឡើងវិញនូវគោលនយោបាយហិរញ្ញវត្ថុ អាចនឹងត្រូវធ្វើឡើងនៅខែសីហាខាងមុខ។
ធនាគារកណ្ដាលរបស់ហ្វីលីពីន បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ជាបន្ដបន្ទាប់តាំងពីខែឧសភាមក ដើម្បីទប់ស្កាត់សម្ពាធអតិផរណា។
ការធ្លាក់ចុះតម្លៃប្រាក់ប៉េសូរបស់ហ្វីលីពីនមិនត្រឹមអាចជំរុញឱ្យអតិផរណាកើនឡើងនោះទេ ប៉ុន្តែវាថែមទាំងអាចទប់ស្កាត់អំណាចទិញរបស់អតិថិជនផងដែរ។ គម្លាតកាន់តែតូចរវាងអត្រាការប្រាក់ហ្វីលីពីន និងសហរដ្ឋអាមេរិកបានដាក់បន្ទុកកាន់តែខ្លាំង ទៅលើប្រាក់ប៉េសូរបស់ហ្វីលីពីនដែលកំពុងជួញដូរនៅជិតដល់កម្រិតទាបបំផុតរយៈពេល ១៧ ឆ្នាំកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារ៕
អត្ថបទ៖ សុខ ជា