ដោយសារតែថ្លៃដឹកជញ្ជូន និងម្ហូបអាហារឡើងកាន់តែខ្ពស់នោះ អតិផរណានៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦,៤% នៅក្នុងខែកក្កដា ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ ជាហេតុធ្វើឱ្យធនាគារកណ្តាលហ្វីលីពីនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំងផងដែរ។
ធនាគារកណ្ដាលហ្វីលីពីនបានអនុវត្តការដំឡើងអត្រាការប្រាក់០.១៥%ចំនួនពីរលើករួចមកហើយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដាធនាគារកណ្ដាលនេះបានដំឡើងរហូតដល់ ០.៧៥%ដោយគ្មានការគ្រោងទុកជាមុន ហើយវាគឺជាការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០២មក។
ការស្ទង់មតិកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហារបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា អ្នកសេដ្ឋកិច្ចជិត ៧០% ពោលគឺចំនួន ១១ នាក់ក្នុងចំណោម ១៦ នាក់បានព្យាករថាធនាគារកណ្ដាលហ្វីលីពីន BSP នឹងដំឡើងអត្រាការប្រាក់គោល ០.៥០% ថែមទៀត ដោយធ្វើឲ្យអត្រាការប្រាក់ឡើងដល់ ៣.៧៥% នៅក្នុងកិច្ចប្រជុំរបស់ធនាគារកណ្ដាល ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ហើយអ្នកសេដ្ឋកិច្ច ៤នាក់ទៀតបានរំពឹងថានឹងមានការដំឡើង ០.២៥% ទៀតខណៈដែលអ្នកសេដ្ឋកិច្ចម្នាក់បាននិយាយថា នឹងគ្មានការដំឡើងអ្វីទៀតនោះទេ។
អ្នកសេដ្ឋកិច្ចភាគច្រើនរហូតដល់ ៦០% ពោលគឺ១០នាក់ក្នុងចំណោម ១៦ នាក់នេះបានព្យាករពីការកើនឡើងអត្រាការប្រាក់គោល ០,២៥% ថែមទៀត នៅក្នុងកិច្ចប្រជុំនៅខែកញ្ញា ដែលនឹងធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់ ៤% ដូចកាលដែលធនាគារនេះបានធ្វើនៅមុនពេលជំងឺកូវីដ១៩បានផ្ទុះឡើងនៅប្រទេសហ្វីលីពីន។
សេដ្ឋវិទូចំនួន ៧ នាក់បានព្យាករថា អត្រាការប្រាក់នឹងឡើងដល់ ៤,២៥% ឬខ្ពស់ជាងនេះនៅចុងឆ្នាំ២០២២ ចំណែកអ្នកសេដ្ឋកិច្ច ៦ នាក់ទៀតបានរំពឹងទុកថា អត្រាការប្រាក់នឹងឡើងដល់៤% ខណៈដែលសេដ្ឋវិទូ៣នាក់ទៀតបាននិយាយថា អត្រាការប្រាក់នឹងឡើងត្រឹមតែ ៣,៧៥% ឬទាបជាងនេះ។
លោក ហ្វ៊ីលីប ម៉េដាឡា (Felipe Medalla) ទេសាភិបាលធនាគារកណ្ដាលហ្វីលីពីន ធ្លាប់បាននិយាយថា វាទំនងជានឹងដំឡើងអត្រាការប្រាក់ ០,២៥ ឬ ០,៥០% នៅក្នុងខែសីហានេះ ព្រោះពួកគេគិតថា ការកើនឡើងអតិផរណាខ្ពស់ជាងការរំពឹងទុកនោះ បានជំរុញឱ្យធនាគារកណ្ដាល ត្រូវចាត់វិធានការឱ្យបានកាន់តែលឿនផងដែរ។
សូមរំលឹកថា ធនាគារកណ្ដាលហ្វីលីពីន បានដំឡើងការប្រាក់ចំនួន ១,២៥ % រួចមកហើយគិតចាប់តាំងពីខែឧសភាមកទល់នឹងពេលនេះ៕
អត្ថបទ៖ សុខ ជា