សេដ្ឋកិច្ចពិភពលោក

វិបត្តិអតិផរណាទាញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីវិបត្តិកូវីដ១៩មក


សេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទីពីរឆ្នាំនេះ បានកត់ត្រាពីកំណើនអវិជ្ជមានប្រចាំត្រីមាស ជាលើកដំបូង រាប់ចាប់តាំងពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩បានចាប់ផ្តើមកាលពី២ឆ្នាំមុន។ កំណើនសេដ្ឋកិច្ចសកលអវិជ្ជមានដូចនេះ ដោយសារតែមានការកើនឡើងនៃអត្រាអតិផរណាយ៉ាងខ្លាំងនៅប្រទេសលោកខាងលិច និងគួបផ្សំជាមួយការរឹតបន្តឹងវិធានការកូវីដ១៩ស្មើសូន្យ នៅក្នុងប្រទេសចិនផងដែ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អតិផរណាទាញទម្លាក់សេដ្ឋកិច្ចសកលជាលើកដំបូងចាប់តាំងកូវីដ១៩!

យោងទៅលើទិន្នន័យមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ចមកពីក្រុមហ៊ុន SMBC Nikko Securities លោក Yoshimasa Maruyama បានប៉ាន់ប្រមាណថា GDP សកលលោកបានធ្លាក់ចុះអស់ ២,៧% គិតពីខែមេសាដល់ខែមិថុនាឆ្នាំ២០២២។

អ្នកជំនាញអះអាងថា សហរដ្ឋអាមេរិក អាឡឺម៉ង់ ចក្រភពអង់គ្លេស និងចិនបានមើលឃើញពីកំណើនអវិជ្ជមាន ស្របពេលដែលសហរដ្ឋអាមេរិកឥឡូវនេះកំពុងស្ថិតក្នុងមាត់ជ្រោះដែលអាចរអិលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកជំនាញអះអាងដូច្នេះ ដោយយោងទៅតាមនិយមន័យ GDP របស់អាមេរិកដែលបង្ហាញថាពីការធ្លាក់ចុះសម្រាប់ពីរត្រីមាសជាប់ៗគ្នា។ ចំណែកធនាគារកណ្តាលអង់គ្លេសវិញ បានព្យាករណ៍កាលពីដើមខែនេះថា ចក្រភពអង់គ្លេសនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចអំឡុងខែតុលាដល់ខែធ្នូ ហើយនឹងជួបប្រទះនឹងការធ្លាក់ចុះកំណើនរហូតដល់ឆ្នាំ២០២៣។

ដោយឡែក នៅក្នុងការស្ទង់មតិរបស់ Nikkei លើអ្នកសេដ្ឋកិច្ចក្នុងវិស័យឯកជនចំនួន១០រូប មាន៣រូបរំពឹងថា សហរដ្ឋអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ឬនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែល៦រូបទៀតបានព្យាករណ៍ដូចគ្នា សម្រាប់ប្រទេសដែលចាយប្រាក់អឺរ៉ូ។

បើគេមើលលើយក្សសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកវិញ គឺប្រទេសជប៉ុន ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានកើនឡើង ២,២% នៅត្រីមាសទី២ឆ្នាំនេះ។ ទោះបីនេះជាកំណើន៤ត្រីមាសជាប់ៗគ្នាក្តី ប៉ុន្តែអត្រានេះ គឺមានតិចតួចប៉ុណ្ណោះ ដែលបានរួមចំណែកកើតចេញពីការចំណាយតាមផ្ទះ និងពលរដ្ឋ ខណៈមួយភាគធំជួយជំរុញដោយវិស័យឯកជន។ ទន្ទឹមនឹងនេះ កំណើនដែលមានសក្តានុពល គឺនៅតែមានកម្រិតទាប។ ការនាំចេញរបស់ជប៉ុនកំពុងស្ថិតក្នុងកំរិតទាបស្រាប់ ហើយ ប្រសិនបើតម្រូវការពីបរទេសកាន់តែធ្លាក់ចុះទៀត វាអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ជប៉ុន ដាំក្បាលចុះតែម្តង។

គួរជម្រាបថា ការព្យាករណ៍ទាំងនេះធ្លាក់ចុះមក ចំពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិច និងសេវាកម្មឌីជីថល ចាប់ផ្តើមមានតម្រូវការយឺត។ តម្រូវការនាំចូលឧបករណ៍អេឡិចត្រូនិច និងសេវាកម្មឌីជីថល ដែលធ្លាប់ដើរតួនាទីសំខាន់សម្រាប់ជួយសេដ្ឋកិច្ចងើបចេញពីវិបត្តិកូវីដ១៩។

ជាក់ស្តែង ការនាំចេញកុំព្យូទ័រយូរដៃនៅទូទាំងពិភពលោកបានធ្លាក់ចុះប្រហែល ១៥% ក្នុងឆ្នាំនេះ ខណៈពេលដែលស្មាតហ្វូនបានធ្លាក់ចុះ ៩%កាលពីត្រីមាសទី២។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បើយើងមើលលើតំបន់ចាយប្រាក់អឺរ៉ូ តំបន់នេះកំពុងរងអតិផរណាខ្លាំងជាងគេ។ អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានឡើងដល់កំណត់ត្រាកំពូលកាលពីខែកក្កដាគឺក្នុងអត្រា ៨,៩%។

សូមជម្រាបថា អតិផរណាកំពុងក្លាយជាបន្ទាត់ក្រហមកំណត់ ថាតើសេដ្ឋកិច្ចសកលនឹងឆ្លងហួសបន្ទាត់គ្រោះថ្នាក់មួយនេះកាន់តែជ្រៅ ឬយ៉ាងណា។ ទាំងនេះគឺត្រូវរង់ចាំមើលលើភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ជាសំខាន់ និងស្ថានការណ៍ក្តៅនៅផ្នែកផ្សេងទៀតក្នុងពិភពលោក។ អតិផរណា ក៏កំពុងក្លាយជាម៉ែត្រវ៉ាស់ស្ទង់ សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១ ក៏ដូចជាសហភាពអឺរ៉ុប ថាតើទាំងពីរនាក់នេះ នឹងដើរតួជាអ្នកដឹកនាំទីផ្សារសកលបានទៀតដែរទេ ស្របពេលដែលគេព្យាយាមរើខ្លួនចេញពីការពឹងផ្អែកក្នុងវិស័យថាពលលើប្រទេសរុស្ស៊ី និងពលកម្មតម្លៃថោករបស់ប្រទេសចិននោះ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែនផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនថៃ CP ALL ឲ្យធ្វើការវិនិយោគផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា

ព័ត៌មាន
នៅចំពោះមុខថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនយក្ស CP ALL របស់ថៃ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននេះ ឲ្យធ្វ…

ធនាគារកណ្ដាលហ្វីលីពីននឹងដំឡើងអត្រាការប្រាក់គោល ០.៥% បន្ថែមទៀតនៅសប្ដាហ៍ ដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
ធនាគារកណ្តាលហ្វីលីពីននឹងអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលដែលអនុម័តកាលពីខែកក្កដា ដោយត្រូវដំឡើងអត្រាការប្រាក់គោលក្នុងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ