តាមគោលដៅដែលបានកំណត់រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តប្រកាសផ្តល់ការបង្វិលសងនូវពន្ធលើតម្លៃបន្ថែមដល់អ្នកវិនិយោគទុនបរទេសនៅក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគនៅក្នុងប្រទេសដែនកោះមួយនេះ ប៉ុន្តែប្រព័ន្ធពន្ធដ៏ស្មុគស្មាញរបស់ខ្លួនបានធ្វើឱ្យការដាក់ពាក្យស្នើសុំការបង្វិលសងវិញ គឺជារឿងមួយដ៏លំបាក ដែលនាឱ្យអ្នកវិនិយោគជាច្រើនកំពុងឃ្នើសចិត្ត។
ក្រៅពីបញ្ហាពន្ធ សារព័ត៌មាន Nikkei ក៏បានបង្ហើបផងដែរថា បញ្ហាភូមិសាស្រ្តនយោបាយ ដែលបណ្តាលមកពីភាពតានតានរវាងអាមេរិក និងចិន ក៏ធ្វើឲ្យប្រទេសនេះស្ថិតនៅក្នុងដង្កៀបនៃបញ្ហាចាក់ស្រេះផងដែរ។
នៅពេលនេះហ្វីលីពីនសឹងតែក្លាយជាមជ្ឈមណ្ឌលផលិតកម្មមួយទៅហើយសម្រាប់ប្រទេសចិន។ ប៉ុន្តែការកើនឡើងកំដៅចេញពីភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាចក្លាយជាប្រភពនៃជម្លោះពាណិជ្ជកម្ម ដែលបានធ្វើឱ្យសហរដ្ឋអាមេរិក និងជប៉ុន ដែលជាសម្ព័ន្ធមិត្ត បានចាប់ផ្តើមដាក់សម្ពាធទីក្រុងម៉ានីលឱ្យចាត់វិធានការ។
ប្រភពមួយនៅក្រុមហ៊ុនពហុជាតិដ៏ធំមួយនៅហ្វីលីពីន បាននិយាយថា ប្រសិនបើការខ្វះការបង្វិលសងពន្ធលើតម្លៃបន្ថែមមិនត្រូវបានដោះស្រាយទេ យើងនឹងគ្មានជម្រើសអ្វីក្រៅពីពិចារណាកាត់បន្ថយអាជីវកម្ម ឬទុនវិនិយោគចេញនោះទេ។
បញ្ហានេះត្រូវបានលើកឡើងនៅពេលដែលស្ថានទូតជប៉ុន ប្រចាំប្រទេសហ្វីលីពីន ទទួលស្វាគមន៍តំណាងក្រុមហ៊ុនជប៉ុន និងទីភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីន កាលពីខែមុន ប៉ុន្តែទីក្រុងម៉ានីល មិនទាន់បង្ហាញផែនការបោសសម្អាតបញ្ហាដើម្បីដោះស្រាយវានៅឡើយទេ។
ក្រុមហ៊ុនកសិកម្មពហុជាតិ Dole ដែលកំពុងតែប្រតិបត្តិការនាំចេញចេកពីប្រទេសហ្វីលីពីន បានអះអាងថា ខ្លួននៅមិនបានទទួលបានប្រាក់បង្វិលសងពីការយកពន្ធតម្លៃបន្ថែម១២ភាគរយ នៃផលិតផលដែលខ្លួននាំចេញនៅឡើយទេ ខណៈដែលទំហំនៃទឹកប្រាក់នោះគឺមានរហូតដល់៦៧លានដុល្លារ។
ដោយឡែកក្រុមហ៊ុនថាមពលប្រេង Chevron របស់អាមេរិក ត្រូវបានសារព័ត៌មាននៅក្នុងស្រុកនៅប្រទេសហ្វីលីពីន រាយការណ៍ថា ក៏បានតវ៉ាប្រឆាំងនឹងការបង់ពន្ធតម្លៃបន្ថែមនេះផងដែរ។
លោក ជូឡេស រីយឺហ្គោ ( Jules Riego) សហប្រធាននៃគណកម្មការសេវាកម្មហិរញ្ញវត្ថុពន្ធ និងពន្ធដារនៅសភាអាមេរិក បាននិយាយថា យើងមិនមានចំនួនពិតប្រាកដទេ ប៉ុន្តែវាហាក់ដូចជាចំណុចឈឺចាប់សម្រាប់អ្នកទាមទារសំណងស្ទើរតែទាំងអស់ ហើយវានឹងជះឥទ្ធិពលដល់ ឧស្សាហកម្មទាំងអស់ ។
មកដល់ពេលនេះក្រុមហ៊ុនជប៉ុនជាច្រើន រួមទាំងក្រុមហ៊ុនផលិត ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងក្រុមហ៊ុនពាណិជ្ជកម្ម ក៏កំពុងរង់ចាំការបង្វិលសងពន្ធលើតម្លៃបន្ថែមនេះផងដែរ។
ប្រភពនៅក្រុមហ៊ុនមួយបាននិយាយថា សូម្បីតែបន្ទាប់ពីការបញ្ជូនឯកសារត្រឹមត្រូវទៅការិយាល័យចំណូលផ្ទៃក្នុង ក៏អ្នកជំនាញពន្ធនៅហ្វីលីពីន នៅតែបន្តបដិសេធការបង្វិលសង ដោយលើកឡើងពីច្បាប់ ដែលបានសរសេរយ៉ាងច្បាស់នៅក្នុងច្បាប់ពន្ធ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត៕