អ្នកយាមព្រំដែនរបស់ប្រទេសប៉ូឡូញបានឱ្យដឹងថា មនុស្សចំនួនជាង ៧ម៉ឺន៦ពាន់នាក់បានមកដល់ប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះដែលជាការធ្លាក់ចុះ ១២% ពីមួយថ្ងៃមុន។ ខណៈប្រទេសស្លូវ៉ាគី និងរ៉ូម៉ានីក៏បានរាយការណ៍ពីការធ្លាក់ចុះនៃចំនួនស្រដៀងគ្នានេះផងដែរ។
ជុំវិញបញ្ហាជនភៀសខ្លួននេះ អភិបាលក្រុង ហ្សាំមីសល (Przemysl) របស់ប្រទេសប៉ូឡូញបានឱ្យដឹងថា គេត្រូវការជំនួយដើម្បីរៀបចំកន្លែងស្នាក់ នៅសម្រាប់ជនភៀសខ្លួនពី ២ពាន់ ទៅ៣ពាន់នាក់ ខណៈពេលនេះ ទីក្រុងមួយនេះមានអគារសម្រាប់ទទួលជនភៀសខ្លួនហើយ ប៉ុន្តែអ្វីត្រូវជាបញ្ហាប្រឈមគឺការផ្ដល់ការងារជូនភៀសខ្លួនទាំងនោះ ដែលវាត្រូវចំណាយចន្លោះពី ជាង២លានទៅ ជាង៤លានដុល្លារអាមេរិក។ ទំហំចំណាយទាំងនេះ អភិបាលក្រុង ហ្សាំមីសល មិនអាចប្រើប្រាស់ហិរញ្ញប្បទានពីថវិកាក្រុងបានទេ ដូច្នេះវាអាចនឹងជាមូលនិធិពីសហភាពអឺរ៉ុប ឬពីរដ្ឋាភិបាលប៉ូឡូញ។
សូមជម្រាបថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានរាយការណ៍ថា មនុស្សជិត ២លាន ៦សែននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ដោយក្នុងនោះមាន ១លាន ៦សែននាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ។
ដើម្បីឆ្លើយតបនឹងលំហូរជនភៀសខ្លួនដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពិសេសនៅក្នុងសម័យទំនើបនេះ ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឱ្យប្រជាជនរបស់ខ្លួនចំនួនជាង ៤៥៦ដុល្លារក្នុងមួយខែ ដើម្បីបើកទ្វារផ្ទះរបស់ពួកគេឱ្យជនជាតិអ៊ុយក្រែនដែលរត់គេចពីការឈ្លានពានរបស់រុស្ស៊ី។ រដ្ឋាភិបាលទីក្រុងឡុងដ៍បាននិយាយថា គម្រោងថ្មីហៅថា "ផ្ទះសម្រាប់អ៊ុយក្រែន" នឹងអនុញ្ញាតឱ្យជនភៀសខ្លួនពីសង្គ្រាមមកស្នាក់នៅប្រទេសអង់គ្លេស ទោះបីជាពួកគេមិនមានទំនាក់ទំនងគ្រួសារក៏ដោយ៕