
កាលពីខែកក្កដា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញបានសម្រេចផ្ទេរការគ្រប់គ្រងវិនិយោគបំពាក់និងជួសជុលថែទាំប្រព័ន្ធអំពូលភ្លើងសាធារណៈ ទៅឲ្យក្រុមហ៊ុនឯកជនមួយ ឈ្មោះ ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ (PPD E&C)។
ហើយចាប់តាំងពីពេលនោះមកទល់នឹងបច្ចុប្បន្ន ការប្ដូរអំពូលភ្លើងថ្មី ដែលជាប្រភេទអំពូលភ្លើងសន្សំសំចៃថាមពល សម្រេចបានជាង ១ម៉ឺន ៤ពាន់អំពូលហើយ។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក ក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការជួសជុល ដោះដូរបង្គោលភ្លើង និងបំពាក់អំពូលប្រភេទ LED នៅតាមមហាវិថីធំៗ ក្នុងរាជធានី និងតាមដងវិថីថ្មីជាច្រើនទៀត។

ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនលោកឧកញ៉ាក៏បានរៀបចំតុបតែងអំពូលអគ្គិសនីនៅទីតាំងសំខាន់ៗ ដូចជា វិមានឯករាជ្យ វត្តភ្នំ សួនច្បារសម្តេចហ៊ុន សែន រូបសំណាកសម្តេចសង្ឈ ជួន ណាត ទីតម្កល់ព្រះបរមរូប ព្រះបរមរតនកោដ្ឋ និងកន្លែងផ្សេងៗទៀត។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែមថា អ្វីដែលពិសេស គឺការផ្លាស់ប្តូរអំពូលថ្មីនេះ នឹងជួយសន្សំសំចៃថាមពលអគ្គិសនីបានរហូតដល់ ៤៥ ទៅ ៥០ភាគរយ ដែលនេះជាការចូលរួមចំណែកក្នុងការស្តារនិង អភិវឌ្ឍរាជធានីភ្នំពេញឲ្យមានការជឿនលឿនដូចបណ្តាប្រទេសក្នុងតំបន់។

សូមជម្រាបផងដែរថា ការផ្តល់សិទ្ធិប្រតិបត្តិការគម្រោងនេះគឺក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ ត្រូវចំណាយទុនវិនិយោគរយៈពេលវែង ប្រមាណ ២០លានដុល្លារ ហើយក្រុមហ៊ុននេះមានសិទ្ធិអនុវត្តគម្រោងនេះរយៈពេល ២០ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០៣៦៕