ទន្ទឹមនឹងនេះ ឯកឧត្តម ជំរុញឱ្យមានការបណ្តុះបណ្តាល និងពង្រឹងជំនាញចម្លាក់បន្ថែមដល់ជាងចម្លាក់ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត និងបង្កើនគុណភាពស្នាដៃឱ្យកាន់តែប្រសើរ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឯកឧត្តម វង្សី វិស្សុត ណែនាំឱ្យរៀបចំបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីប្រមូលផ្តុំអ្នកប្រកបរបរចម្លាក់ក្នុងតំបន់ឱ្យមានការសហការគ្នាក្នុងការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងពង្រីកឱកាសទីផ្សារ។
ឯកឧត្តមជឿជាក់ថា តាមរយៈសហគមន៍នេះវានឹងជួយបង្កើនភាពទាក់ទាញរបស់ខេត្តកំពង់ធំ តាមរយៈការភ្ជាប់សិប្បកម្មក្នុងស្រុកជាមួយសកម្មភាពទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាស្វែងយល់ពីស្នាដៃចម្លាក់ និងសក្តានុពលសិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។ ការណ៍នេះមិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមតាមរយៈការលក់ផលិតផល ការផ្តល់សេវាកម្ម និងការចំណាយរបស់ភ្ញៀវទេសចរនៅក្នុងសហគមន៍ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល និងពង្រឹងជំនាញចម្លាក់បន្ថែមដល់ជាងចម្លាក់ក៏ដូចជាដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត និងបង្កើនគុណភាពស្នាដៃឱ្យកាន់តែប្រសើរ។ ការបណ្តុះបណ្តាលនេះ ក៏គួររួមបញ្ចូលជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យម្ចាស់សិប្បកម្មមានសមត្ថភាពរៀបចំផលិតកម្ម គ្រប់គ្រងការចំណាយ ស្វែងរកទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្ម។
សូមបញ្ជាក់ថា ការជំរុញបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក គឺជាការខិតខំប្រឹងប្រែងមួយក្នុងការភ្ជាប់សិប្បកម្មប្រពៃណីជាមួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយវាអាចក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍ ដោយភ្ញៀវអាចទស្សនាស្នាដៃ ស្វែងយល់ពីដំណើរការផលិត និងគាំទ្រផលិតផលដែលផលិតដោយសិប្បករក្នុងស្រុក។
ទោះជាយ៉ាងណា ដើម្បីឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ ការរៀបចំសហគមន៍ត្រូវភ្ជាប់ជាមួយការអភិវឌ្ឍគុណភាពផលិតផល ការផ្សព្វផ្សាយ ការស្វែងរកទីផ្សារ និងការបង្កើតបណ្តាញទាក់ទាញភ្ញៀវទេសចរឱ្យបានជាក់ស្តែង។ ប្រសិនបើអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សិប្បកម្មចម្លាក់ភ្នំសន្ទុកនឹងមានឱកាសក្លាយជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានដ៏មានសក្តានុពលមួយរបស់ខេត្តកំពង់ធំ៕