កោះភូគុកត្រូវបានវៀតណាមប្រសិដ្ឋនាមថា ជាកោះលក្ខណៈទីក្រុង(Island City) ដំបូងរបស់វៀតណាម បានឆក់យកគម្រោងវិនិយោគមកពីវិស័យជាច្រើនរួមមាន ទេសចរណ៍បដិសណ្ឋារកិច្ច វិស័យសេវាកម្មកម្សាន្ដ កន្លែងស្នាក់នៅបែបប្រណិត ដែលនេះសុទ្ធតែជាវិស័យសំខាន់ៗជួយរុញច្រានកោះភូគុកឲ្យក្លាយជាក្រុងរណបទី២របស់វៀតណាម។ នេះបើតាមការអះអាងរបស់អាជ្ញាធរកោះភូគុក។
ក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលបានរួមចំណែកឲ្យកោះមួយនេះជឿនលឿនដូចបច្ចុប្បន្នរួមមាន ក្រុមហ៊ុន Vingroup, Sungroup, BIMgroup, CEOgroup, MIKgroup, និង ក្រុមហ៊ុន Milltol។ លើសពីនេះទៀត ជាមួយនឹងព្រលានយន្តហោះនិងកំពង់ផែលើកោះនេះផ្ទាល់ បានបង្កើនសកម្មភាពពាណិជ្ជកម្ម សេវាកម្មចំនួន ១៩%រៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
កោះភូគុកស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តជាប់មាត់សមុទ្រ គៀនហ្សាង របស់វៀតណាម ដែលចំណូលថវិកាជាតិ ដែលទទួលបានពីកោះនេះតែឯងមានចំនួនលើស ៤០%នៃចំណូលថវិកាសរុប ដែលទទួលបានពីខេត្ត គៀនហ្សាងទៅទៀត។
សូមបញ្ជាក់ថា វៀតណាមបានដាក់ផែនការរវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម រួមមានវិស័យទេសចរណ៍ កសិកម្មបច្ចេកវិទ្យាបែបទំនើប វិស័យដឹកជញ្ជូន រោងចក្រថាមពលអគ្គិសនី ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃសំណល់ ការនេសាទ ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាមួយនឹងការថែរក្សាសុខភាពដែលមានគុណភាពខ្ពស់។