ការផ្ដល់នូវគំនិតពិចារណាខាងលើនេះ ដោយសារតែអ្នកឧកញ៉ា សៀ ឫទ្ធី បានកត់សម្គាល់ឃើញថា ការប្រកួតប្រជែងគ្នានៅក្នុងការវិនិយោគ ក៏ដូចជាការរកស៊ីនាពេលបច្ចុប្បន្ន បាននិងកំពុងកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាង មិនត្រឹមតែសហគ្រិន ក៏ដូចជាវិនិយោគិនក្នុងស្រុកត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយដៃគូប្រជែងនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនក៏ដូចជាវិនិយោគិនមកពីក្រៅស្រុកផងដែរ។
តើដំបូន្មានរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានលើកឡើងខាងលើនេះ មានអត្ថន័យយ៉ាងដូចម្តេច?
ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានវិនិយោគលើវិស័យជាច្រើន ពិសេស គឺវិស័យអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា ការវិនិយោគនាសម័យនេះ គេហៅថា សម័យវិនិយោគមូលធននិយម ពោលគឺអ្នករកស៊ីធំៗ តែងតែស៊ីអ្នកតូចៗ។
ក្នុងកាលៈទេសៈនេះ ប្រសិនបើសហគ្រិនក៏ដូចជាវិនិយោគិនក្នុងស្រុក មិនមានការត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតប្រជែងនេះទេ នោះពួកគេច្បាស់ជានឹងត្រូវបរាជ័យទីផ្សារមិនខានឡើយ។
តាមការពន្យល់ពីអ្នកឧកញ៉ា សៀ ឫទ្ធី នំមួយដុំតូចដែលហូបម្នាក់ឯងនោះ គឺជាអាជីវកម្ម ឬទីផ្សារដែលសហគ្រិនកំពុងធ្វើតែម្នាក់ឯងដោយមិនមានដៃគូ រីឯនំមួយដុំធំដែលហូបគ្នាច្រើននោះ គឺជាការសហការជាមួយដៃគូដែលមានសមត្ថភាព ពោលគឺជាក្រុមហ៊ុនធំៗ។
ម្ចាស់គម្រោងអគារពាណិជ្ជកម្មដ៏ធំ The Bridge និង The Peak ដដែលនេះ បានឲ្យដឹងទៀតថា ដើម្បីអាចឈរជើងរឹងមាំនៅក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងនេះ វិនិយោគិនក្នុងស្រុក ត្រូវពិចារណាឲ្យបានច្បាស់ និងរៀបចំខ្លួនឲ្យបានរួចរាល់ ថា តើអ្នកគួរតែដើរតាមផ្លូវរបស់ខ្លួនឯង ឬចាប់ដៃជាមួយគេដែលជាក្រុមហ៊ុនធំដែលមានរចនាសម្ព័ន្ធរឹងមាំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ? បើអ្នកយល់ថា មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែង ដើម្បីអាចឈជើងរឹងមាំលើទីផ្សារបានទេនោះ អ្នកគួរតែចាប់ដៃគូជាមួយគេដែលមានសមត្ថភាព មិនថា ជាដៃគូក្នុងស្រុក ឬក្រៅស្រុកនោះទេ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា ការចាប់ដៃគូជាមួយក្រុមហ៊ុនធំ នោះអ្នកនឹងទទួលបានផលចំណេញពីគេផង និងអាចរៀនសូត្របទពិសោធន៍ល្អៗពីគេបន្ថែមទៀតផងដែរ។ ចូរកុំឃើញក្រុមហ៊ុនក្រៅស្រុកធំៗចូលមក ខិតខំប្រកួតប្រជែងជាមួយគេយកឈ្នះយកចាញ់ ព្រោះជាសហគ្រិនក្នុងស្រុកដែលមានធនធានមានកម្រិត មិនងាយនឹងប្រកួតប្រជែងឈ្នះក្រុមហ៊ុនធំៗគ្រាក់ៗពីក្រៅប្រទេសបាននោះទេ។
ក្រុមហ៊ុនបរទេសធំៗចូលមក ភាគច្រើន គេមានធនធានច្រើន ដែលអាចទ្រាំទ្រទីផ្សារប្រកួតប្រជែងបានខ្លាំងជាងក្រុមហ៊ុនក្នុងស្រុក ដោយសារក្រុមហ៊ុនបរទេសធំៗទាំងនោះ មានបណ្ដាញសាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទូទាំងពិភពលោក។
អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ឃើញក្រុមហ៊ុនពីខាងក្រៅចូលមក ហើយយើងខិតខំរត់ទៅប្រកួតប្រជែងស្លាប់រស់ជាមួយគេ នោះយើងមិនអាចទៅរួចនោះទេ! សម្រាប់ក្រុមហ៊ុនបរទេសគេចូលមក គេមានធនធានច្រើនជាងយើង។ ឧទាហរណ៍៖ ក្រុមហ៊ុនបរទេសធំៗ មួយខែៗគេហ៊ានខាត១០ម៉ឺនដុល្លារ សម្រាប់គេគឺតិចតួចណាស់ ព្រោះគេមានបណ្ដាញអាជីវកម្មច្រើននៅទូទាំងប្រទេស គេមានចំណូលពីគ្រប់តំបន់។ ពួកគេមានគម្រោងផែនការច្បាស់លាស់សម្រាប់ការខាតបង់! មុខរបរខ្លះគេហ៊ានខាតបីឆ្នាំ ឬ៥ឆ្នាំ និងមានមុខរបរខ្លះទៀត គេហ៊ានខាតរហូតដល់ ៨ឆ្នាំ។ ប៉ុន្ដែ បើងាកមកមើលក្រុមហ៊ុនក្នុងស្រុកយើងវិញ បើហ៊ានខាតតែ១០ម៉ឺនដុល្លារតែ៣ឆ្នាំ ច្បាស់ជារត់ចោលស្រុកហើយ។”
អ្នកឧកញ៉ា បន្ថែមថា សម្រាប់ការខាតបង់របស់ក្រុមហ៊ុនបរទេសលើទីផ្សារនៅដំណាក់កាលដំបូង គឺពួកគេមិនខ្លាចខាតនោះទេ សំខាន់ពួកគេយល់ថា ទីផ្សារនោះនឹងមាននិរន្តរភាពនាពេលអនាគត។ យ៉ាងណាក៏ដោយ មានវិនិយោគិនខ្មែរមួយចំនួននៅមិនទាន់យល់ពីផែនការរបស់ក្រុមហ៊ុនបរទេសធំៗនៅឡើយ ដូច្នេះ ប្រសិនបើពួគគាត់ខំប្រកួតប្រជែង តែមិនមានស្វែងរកដៃគូសហការឲ្យបានល្អ នោះពួកគាត់នឹងងាយបរាជ័យក្នុងទីផ្សារ។
ទោះយ៉ាងណា ការចាប់ដៃគូនេះទៀតសោត វិនិយោគិនក្នុងស្រុក ក៏គួរតែមានការសិក្សានិងប្រុងប្រយ័ត្នខ្ពស់ ព្រោះថា បច្ចុប្បន្ន ការបើកចំហទ្វារពាណិជ្ជកម្មសម្រាប់ការវិនិយោគមកកម្ពុជា ក៏មានជនឆ្លៀតឱកាសមួយចំនួនមកធ្វើការបោកបញ្ឆោតពីការវិនិយោគនេះផងដែរ។
ជាក់ស្ដែង បើតាមការបញ្ជាក់ពីអ្នកឧកញ៉ា សៀ ឫទ្ធី មានអ្នកខ្លះ តាំងនាមខ្លួនឯងជាអ្នកវិនិយោគ ប៉ុន្ដែ តាមពិតគ្រាន់តែជាអ្នកគួកជេប៉ុណ្ណោះ និងអ្នកខ្លះទៀត គ្មានលុយតែម្ដង ហើយពួកគេចូលមកស្រុកខ្មែរគ្រាន់តែមកបោកបញ្ឆោតអ្នកវិនិយោគតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការសហការជាមួយដៃគូ ពិសេសក្រុមហ៊ុនបរទេសក្នុងការវិនិយោគ វិនិយោគិនក្នុងស្រុកគួរតែសិក្សាពីប្រវត្តិបុគ្គល ក៏ដូចជាក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ជាមុនសិន តួយ៉ាង តាមរយៈការសាកសួរព័ត៌មានលម្អិតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលជាដើម៕