ជំងឺប៉េស្ដជ្រូកកំពុងផ្ទុះកើតឡើងនៅវៀតណាម

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាប្រាប់ឲ្យ អ្នកចិញ្ចឹមជ្រូកប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺប៉េស្ដជ្រូកកំពុងផ្ទុះកើតឡើងនៅវៀតណាម


ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា អំពាវនាវឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណថ្មីៗនេះ តាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានអន្តរជាតិ បានឲ្យដឹងថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកកំពុងរីករាលរាលដាលជាថ្មីនៅប្រទេសវៀតណាម។
ការបង្ក្រាបការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាងកន្លងមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

តាមសារព័ត៌មានរ៉យទ័រផ្សាយថ្មីៗនេះថា នៅឆ្នាំនេះ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងជាង២ពាន់តំបន់ ក្នុងចំណោមខេត្ត-ក្រុង ចំនួន៥៧ របស់ប្រទេសវៀតណាម ដែលកំពុងប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក ហើយបានបង្ខំឱ្យអាជ្ញាធរវៀតណាមសម្រេចសម្លាប់ជ្រូកចោលរហូតជាង២៣ម៉ឺនក្បាលហើយគិតមកទល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺនេះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ពេលនេះជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានផ្ទុះសារជាថ្មីនៅប្រទេសវៀតណាម ហើយវាក៏បង្កជាការព្រួយបារម្ភខ្លះដែរដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា។ ប្រធានសមាគចិញ្ចឹមសត្វរូបនេះ បានអះអាងថា ដើម្បីកុំទប់ស្កាត់ជាមុននូវការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក ដល់ជ្រូកក្នុងស្រុក សមាគមបានអំពាវនាវ និងចុះណែនាំផ្ទាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូក ពីវិធីសាស្រ្តការពារជំងឺឆ្លងដ៏កាចសាហាវនេះ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ បានគូសបញ្ជាក់ទៀតថា សម្រាប់កម្ពុជាបច្ចុប្បន្ន នៅមិនទាន់រកឃើញថា មានជំងឺប៉េស្តជ្រូកអាហ្រ្វិក នោះឡើយទេ ក៏ប៉ុន្តែ ដោយសារកន្លងមក កម្ពុជាធ្លាប់បានជួបបញ្ហានេះ ដូច្នេះ កសិករត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច។

បើតាមការបញ្ជាក់របស់លោក ស្រ៊ុន ពៅ ជំងឺនេះមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកចិញ្ចឹមជ្រូក ដូច្នេះ ទើបលោកមានការព្រួយបារម្ភជាខ្លាំង និងអំពាវនាវដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទុកជាមុន ដើម្បីទប់ស្កាត់នូវបញ្ហានេះឱ្យបានទាន់ពេលវេលា និងចៀសវាងខូចខាតខ្លាំងដល់សេដ្ឋកិច្ចអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា។ ក្រសួងកសិកម្មថ្មីៗនេះ ក៏បានបិទការនាំចូលជ្រូករស់ទាំងស្រុងពីក្រៅប្រទេសផងដែរ។

ឆ្លើយតបនូវបញ្ហាខាងលើ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា ពាក់ព័ន្ធបញ្ហានេះ ខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនទាន់អាចបញ្ជាក់លម្អិតនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានច្បាស់ផនៅឡើយថា ប្រទេសវៀតណាម កំពុងមានករណីផ្ទុះជាថ្មីនូវជំងឺប៉េស្តជ្រូកពិត ឬក៏អត់។ ទោះយ៉ាងណា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តតាមដានជាបន្តទៀតលើករណីនេះ។ ដោយឡែក ពាក់ព័ន្ធសកម្មភាពការលួចនាំចូលជ្រូកខុសច្បាប់ នាពេលបច្ចុប្បន្ន ក៏កាន់តែមានប្រសិទ្ធិភាពជាងមុនដែរ។

សូមបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិក មានដើមកំណើតនៅទ្វីបអាហ្រ្វិក មុនពេលរីករាលដាលដល់ទ្វីបអឺរ៉ុប និងអាស៊ី ហើយបានសម្លាប់ជ្រូករាប់លានក្បាល ហើយបើទោះបី ជំងឺប៉េស្ដជ្រូកអាហ្រ្វិក មិនឆ្លង និងប៉ះពាល់ដល់មនុស្សក៏ពិតមែន ប៉ុន្តែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕

None



អត្ថបទបន្ទាប់


ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន

១. សូមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័សនៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ បានចាប់ផ្តើមបើកសម្ព…

ប្រទេសធំៗនៅអឺរ៉ុបរកឃើញកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់

ប្រទេសធំៗបីនៅអឺរ៉ុបរួមមាន អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី បានប្រកាសរកឃើញកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពពីប្រទេសហ្វ្រិចខាងត្បូង ឈ្មោះថា «…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ