ឆ្លើយតប នូវការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជំរុញឱ្យកសិករដាំដុះដំណាំមៀនប៉ៃលិន នៅតាមបណ្ដាខេត្តនានា បង្កើនការថែទាំដំណាំមៀនប៉ៃលិនឡើងវិញ ដើម្បីត្រៀមប្រមូលផលសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋដែលប្រកបរបរដាំដុះមៀនប៉ៃលិន ស្ទើរតែបោះបង់ការមើលថែទាំ និងដាំដុះមៀនប៉ៃលិន ព្រោះតែជួបបញ្ហាទីផ្សារមិនអាចនាំចេញបាន។ ដើម្បីដោះស្រាយបញ្ហានេះ ជូនកសិករប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានស្នើឱ្យប្រទេសចិនជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ពិសេសផ្លែមៀនប៉ៃលិន ដែលតែងជួបបញ្ហានាពេលកន្លងមក។ សម្ដេចបានបន្តថា ភាគីចិនមិនត្រឹមតែសន្យាជួយដោះស្រាយបញ្ហាផ្លែមៀនប៉ៃលិនរបស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានយល់ព្រមនាំចូលត្រីប្រាពីកម្ពុជា ទៅទីផ្សារប្រទេសចិនថែមទៀតផង។
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា ចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិនបានបន្តថា បន្ទាប់ពីការសិក្សាវាយតម្លៃដំណើរការល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។
យ៉ាងណាក៏ដោយ ចំពោះគោលការណ៍សិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យ គឺត្រូវតែចុះពិនិត្យ និងសិក្សាផ្ទាល់ដល់ទីតាំងចំការ និងទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែ ដោយសារវិបត្តិកូវីដ១៩ អ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិនឯកភាព ក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ៕