បើតាមទិន្នន័យពី ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការចំនួន២៣ កន្លែង ដែលមានរោងចក្រចំនួន៤៩០ និងបង្កើតការងារបានចំនួន ប្រមាណជាង១៣ម៉ឺនកន្លែង។ ដោយឡែក ទីក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង ដែលមានរោងចក្រចំនួន១៧ និងបង្កើតការងារបានចំនួន ៧.៥០០ កន្លែង ក្នុងនោះ រោងចក្រ ដែលជាការវនិយោគមកពីប្រទេសជប៉ុនមានចំនួន៨ និងបង្កើតការងារបានចំនួនជាង ២ពាន់កន្លែង។
តំបន់សេដ្ឋកិច្ចពិសេសទាំងបី នៅក្នុងក្រុងប៉ោយប៉ែតនេះ មានដូចជា តំបន់សេដ្ឋកិច្ចពិសេស អូរនាង ប៉ោយប៉ែត, តំបន់សេដ្ឋកិច្ចពិសេស សានកូប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេសដែលទើបតែសម្ពោធបើកដំណើរការថ្មី គឺ ប៉ោយប៉ែត ភីភី។
ការបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី នេះ គឺធ្វើឡើងព្រមជាមួយនឹងការបើកដំណើរការរោងចក្រថ្មីរបស់ក្រុមហ៊ុន ស៊ូមីត្រូនិច មេនញ៉ូហ្វេកធើរីង (ខេមបូឌា) ឯ.ក ផងដែរ។
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា បានអះអាងថា តាមរយៈការបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក ដែលជាការវិនិយោគវិនិយោគចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របទៅនឹងគោនយោបាយអភីវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ផងដែរ។
ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ុ មីខាមី ក៏បានឲ្យដឹងដែរថា កំណើនសេដ្ឋកិច្ចខ្ពស់បរិយាកាសវិនិយោគល្អ និងទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគជប៉ុន។ លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី នឹងចូលរួមចំណែកដល់ការទាក់ទាញការវិនិយោគប្រភេទ «ថៃបូក១» បន្ថែមទៀតមកកាន់កម្ពុជា៕