Advertisement
Advertisement
Advertisement
កូវីដ១៩ នៅ​កម្ពុជា - ផល​ប៉ះពាល់លើ​សណ្ឋាគារ

សណ្ឋាគារ​នៅ​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​ទេសចរណ៍​មួយ​ចំនួន បិទ​ស្ទើរ​ទាំងអស់; បុគ្គលិក​​ត្រូវ​បាន​​​កាត់បន្ថយ​ឬ​ព្យួរ​ការងារ​​​បណ្តោះ​អាសន្ន


ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បង្ក​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំ​ឲ្យ​​អាជីវកម្ម​ផ្នែក​សណ្ឋាគារ ​នៅ​ក្រុង​ព្រះសីហនុ សៀមរាប និង​រាជ​ធានី​ភ្នំពេញ ត្រូវ​បិទ​ទ្វារ​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ និង​ជំរុញ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទាំងនោះ ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​បុគ្គលិក ឬ​ព្យួរ​ការងារ​បុគ្គលិក ជា​បណ្តោះ​អាសន្ន។
សណ្ឋាគារ និងកាស៊ីណូ ណាហ្គា វើល (អគារពណ៌មាស) ត្រូវបានបិទទ្វារ​ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស តាម​ទូរសព្ទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០នេះ ថា ទោះបី​ជា​បញ្ហា​ការរីករាល​ដាល​ជំងឺ​កូវីដ-១៩ បាន​ធូរ​ស្រាល​បន្តិច​មែន ប៉ុន្តែ មិន​មាន​ន័យ​ថា ធ្វើ​ឲ្យ​អាជីវកម្ម​ផ្សេងៗ ជាពិសេស ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​អាច​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​ទាំង​ស្រុង​​បាន​នោះ​ទេ។

លោក​ លូ ម៉េង បាន​ថ្លែង​​ថា «អ្វី​ដែលយើង​មើល​ឃើញ ត្រឹមដូច កែប កំពត ដែល​ភ្ញៀវ​ខ្មែរ​យើង ដូច​អ្នក​ភ្នំពេញ​អី​ទៅ​ដើរលេង​ហ្នឹង ឃើញ​មាន​សណ្ឋាគារ ផ្ទះ​សំណាក់​អី​ល្អ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ តំបន់​ដូច​នៅ​កំពង់សោម ដូច​នៅ​ភ្នំពេញ ដូច​នៅ​សៀមរាប​ហ្នឹង បញ្ហា​ហ្នឹង​វាធំ ដោយសារ​អ្នក​ដែល​វិនិយោគ​សណ្ឋាគារ​ហ្នឹង​ធំ ព្រោះ​ដោយសារ​វិនិយោគ​លើ​អគារ​ផង ដីធ្លី​ផង និង​បុគ្គលិក​ដែរ ដូចនេះ​វា​នៅ​បន្ត​ប៉ះពាល់​ធំ​ដដែល»។

លោកបានបន្ថែមថា «ខ្ញុំ​មិន​មាន​តួលេខ​ជាក់ថា បិទ​ប៉ុន្មាន​ បើក​ប៉ុន្មាន​ទេ តែ​បើតាម​ខ្ញុំ​ដឹង​ត្រួសៗ សណ្ឋាគារ​នៅ​ភ្នំពេញ​បិទ​ស្ទើរ​ទាំង​អស់​ហើយ ប្រហែល ៩០%​អី​ហើយ ហើយ​បើ​បើក​ក៏​ដូចតែ​អត់​បើក​ដដែល​ហ្នឹង ព្រោះ​ភ្ញៀវ​មាន​តែ​មួយ​បន្ទប់ ពីរ​បន្ទប់​អី​ហ្នឹង ភាគ​ច្រើន បិទ​សឹងតែ​ទាំង​អស់​ហើយ»។

យ៉ាងណា​មិញ ចំពោះ​ការកាត់​បន្ថយ​បុគ្គលិក ឬ​​ព្យួរការងារ​បុគ្គលិក អាច​ជួយ​សម្រាល​បាន​តិចតួច​ទេ អ្វី​ដែល​សំខាន់​នោះ គឺ​ការជួល​ទីតាំង​និង​អគារ​សម្រាប់​អាជីវកម្ម​នេះ គឺ​ម្ចាស់​ទីតាំង​ទាំងនោះ​មិន​បាន​បន្ធូរ​បន្ថយ​សោះ ធ្វើឲ្យ​ម្ចាស់​សណ្ឋាគារ​មិន​អាច​ទ្រាំទ្រ​ទៀត​បាន ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​តាំងដើម​ខែ​មីនា រហូត​មក​ទល់​នឹង​ពេលនេះ។ នេះ​បើ​តាម​លោក លូ ម៉េង ដែល​បាន​បញ្ជាក់​បន្ថែម។

ចំពោះ​វិធានការ​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ឲ្យ​ក្រសួង​ទេសចរណ៍​អនុវត្ត ត្រូវ​បាន​លោក លូ ម៉េង បញ្ជាក់​ថា អាច​ជួយ​បាន​មួយ​កម្រិត​ដែរ តែ​ការ​បន្ធូរ​បន្ថយ​ពន្ធ​ផ្សេងៗ​ទាំងនោះ ជិត​ផុត​កំណត់​ហើយ ពោល​គឺ​ត្រឹម​ខែ​ឧសភា​នេះ​ឯង។ ដូចនេះ លោក​ស្នើ​ដល់​ក្រសួង​ទេសចរណ៍ សូម​បន្ត​ការអនុគ្រោះ​បន្ត​ទៀត រហូត​ដល់​ស្ថានភាពវិល​មក​រក​សភាព​ដើម​វិញ។

ជុំវិញ​ការស្នើសុំ​នេះ​ ត្រូវ​បាន​លោក តុប សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ឆ្លើយតប​ថា ក្រសួង​នឹង​ពិចារណា​មើល​សិន​លើ​បញ្ហានេះ។ 

Advertisement

លោក តុប សុភ័ក បាន​និយាយ​ដូច្នេះ​ថា ៖ «ចំណុច​ហ្នឹង យើង​បាន​ប្រកាស​​អ៊ីចឹង (ការអនុគ្រោះពន្ធ​មួយ​ចំនួន​ដល់​សណ្ឋាគារ)​ពីមុន តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ប៉ុន្តែ ការប្រែប្រួល​ថ្មី​យ៉ាង​ម៉េច​អី យ៉ាង​ម៉េច​ទៀត គឺ​យើង​អត់ទាន់​ដឹង​ទេ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​ពេល​ខាងមុខ​បន្ត​ទៀត អ៊ីចឹង​យើង​នឹង​គិតគូរ ទៅតាម​ស្ថានភាព​របស់​កូវីដ-១៩»។

ដោយឡែក ការបិទ​សណ្ឋាគារ​ជាច្រើន និង​ការកាត់​បន្ថយ​បុគ្គលិក​នៅតាម​សណ្ឋាគារ​ធំៗ​នោះ ក្រសួង​បាន​បញ្ជាក់​ថា ករណីនេះ​បាន​កើត​មាន​តាំងពី​ដំបូង​នៃ​ការរីករាលដាល​កូវីដ-១៩​មក​ម៉្លេះ ដែល​ជា​រឿង​ធម្មតា នៅពេល​វា​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​បែបនេះ។ 

ប៉ុន្តែ លោក​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​ដដែល​បាន​បញ្ជាក់​ថា បុគ្គលិក​ដែល​ធ្វើការ​នៅ​តាម​សណ្ឋាគារ​ដែល​បាន​បិទ ឬ​ផ្អាក​ដំណើរការ​ទាំង​នោះ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល លើកលែង​តែ​សណ្ឋាគារ​ដែល​មិន​មាន​ចុះ​បញ្ជី​នៅ​ក្រសួង​ទេសចរណ៍​ប៉ុណ្ណោះ៕

Advertisement



អត្ថបទបន្ទាប់


ធនាគារ​ឯកទេសវីង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដាក់ដំណើរការ​“គណនី​សន្សំ​ខ្នាត​តូច” ដើម្បី​ជួយ​​ឲ្យ​​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​បើក​គណនី​ធនាគារ​បាន

ព័ត៌មាន
ឥឡូវនេះ លោក​អ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹក​ប្រាក់​ត្រឹមតែ ៥​ដុល្លារ​ប៉ុណ្ណោះ ព្រមទាំង​ទទួល​បាន​អត្រា​ក...

ពលរដ្ឋថៃសម្រុកចេញដើរកម្សាន្តតាមផ្សារទំនើប និងភោជនីយដ្ឋាន ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យបើកឡើងវិញ

ព័ត៌មាន
ក្រោយពីកូវីដ-១៩ មានការធូរស្បើយ​ជាងមុន រដ្ឋាភិបាលថៃអនុញ្ញាតឲ្យផ្សារទំនើប និងភោជនីយដ្ឋាន បើកដំណើរការឡើងវិញ ក្នុងនោះ គេសង្កេតឃើញពលរដ្ឋថ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ