គម្រោងដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៃរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណនេះ គឺបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសាកល្បងបើកបររថភ្លើងនេះកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ បានទទួលជោគជ័យ។
បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអាចផ្ទុកមនុស្សបាន១០០នាក់ទាំងឈរ និងអង្គុយ ដោយផ្តល់សេវាមួយថ្ងៃទី៣ជុំ ស្មើ៦ជើងទៅមក។ រថភ្លើងដឹកអ្នកដំណើរនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Royal Railway ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា។
ទំព័រហ្វេសប៊ុកខាងលើ បានសរសេរបន្តថា ការដាក់ឲ្យដំណើររថភ្លើងនេះ គឺដើម្បីកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល។
តាមពិតទៅ ផ្លូវដែកកម្ពុជា (ភ្នំពេញ-ប៉ោយប៉ែត) នឹងត្រូវសាងសង់ឲ្យបានរួចរាល់នៅបំណាច់ឆ្នាំ២០១៨ ដោយនៅសល់ប្រវែង១៤០គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងតែជួសជុល និងស្ថាបនា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងនាពេលកន្លងមក។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់ប្រកាសថា ផ្លូវដែកដែលតភ្ជាប់ពីប៉ោយប៉ែតដល់រាជធានីបាងកក ក៏បានត្រូវសាងសង់តភ្ជាប់រួចរាល់ហើយដែរ។
គេរំពឹងថា នៅពេលផ្លូវដែកអន្តរជាតិមួយនេះ សង់រួចរាល់ហើយជាស្ថាពរ ដោយភ្ជាប់ពីក្រុងបាងកកដល់ទីក្រុងភ្នំពេញ នោះ ការដឹកទំនិញទៅមករវាង កម្ពុជា-ថៃ នឹងកាន់តែសកម្មបន្ថែមទៀត ខណៈ បច្ចុប្បន្ន ការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតែតាមរយៈផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកប៉ុណ្ណោះ៕