តាមការចុះផ្សាយដោយសារព័ត៌មានAP រដ្ឋមន្ត្រីការពារជាតិប្រទេសមាជិកណាតូមួយនេះ លោក Mariusz Blaszczak បានឱ្យដឹងថា កងទ័ពទាំងមួយម៉ឺននាក់នេះ នឹងត្រូវដាក់ពង្រាយទៅតំបន់ព្រំដែនដែលជាប់ជាមួយនឹងបេឡារុស្ស។ ការប្រកាសនេះកើតឡើងបន្ទាប់ពីពីរសប្តាហ៍មុន យោធាប៉ូឡូញក៏ទើបតែបញ្ជូនទាហានប្រមាណ២ពាន់នាក់ទៅកាន់តំបន់ព្រំដែនភាគខាងកើតនោះម្តងរួចទៅហើយ។ ក្នុងន័យនេះ ទាហានប៉ូឡូញដែលពង្រាយនៅព្រំដែនគឺកើនឡើងទ្វេដងដល់១២,០០០នាក់ ក្នុងពេលមិនដល់មួយខែ។
រដ្ឋាភិបាលប៉ូឡូញ និងប្រទេសផ្សេងទៀតដែលជាសមាជិកណាតូ ស្ថិតនៅតាមបណ្តោយភាពខាងកើតជាប់ជាមួយនឹងប្រទេសបេឡារុស្សនិងរុស្ស៊ី បានចោទប្រកាន់ប្រធានាធិបតីបេឡារុស្ស លោកអាឡិចសាន់ឌឺ លូកាសិនកូ ដែលជាមនុស្សជិតស្និទ្ធជាមួយលោកពូទីនថាបានបើកផ្លូវឱ្យមានការធ្វើចំណាកស្រុកចូលមកកាន់ប៉ូឡូញ ដើម្បីធ្វើ«សង្គ្រាមកូនកាត់»ក្នុងគោលបំណងបង្កើតអស្ថិរភាពក្នុងប្រទេសលោកខាងលិច។
ស្របពេលជាមួយគ្នា ប្រទេសប៉ូឡូញក៏មានការព្រួយបារម្ភផងដែរ អំពីវត្តមានរបស់ក្រុមទាហានស៊ីឈ្នូលវ៉ែកនើ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីមានការបះបោររយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ីកាលពីខែមិថុនាបានបរាជ័យ។ ស្ថានការណ៍បាននិងកំពុងមានសភាពតានតឹងឡើងទៀត បន្ទាប់ពីកាលពីសប្តាហ៍មុន ឧទ្ធម្ភាគចក្រយោធាបេឡារុស្សពីរគ្រឿងបានហោះរំលោភចូលក្នុងដែនអាកាសប៉ូឡូញ ដែលទីក្រុងវ៉ាសូវីថា ជាទង្វើបង្កហេតុដោយចេតនា។
ជាមួយនឹងការបោះឆ្នោតសភានៅប្រទេសប៉ូឡូញដែលគ្រោងធ្វើនៅថ្ងៃទី១៥ខែតុលាខាងមុខនេះ គណបក្សកាន់អំណាចបច្ចុប្បន្នរបស់ប៉ូឡូញបានហៅស្ថានការណ៍នេះថា ប៉ូឡូញកំពុងប្រឈមនឹងការគំរាមកំហែងសន្តិសុខជាតិមិនធ្លាប់មានពីមុន។ បើតាមន្រ្តីអង្គការណាតូមួយរូបបាននិយាយកាលពីដើមសប្តាហ៍នេះថា បេឡារុស្សបានចាប់ផ្តើមសមយុទ្ធយោធានៅជិតព្រំដែនរបស់ខ្លួនជាមួយប៉ូឡូញ ដែលសម្ព័ន្ធមិត្តយោធាលោកខាងលិចកំពុងតាមដានការវិវត្តន៍យ៉ាងដិតដល់ ប៉ុន្តែអង្គការយោធានេះមើលមិនឃើញពីការគំរាមកំហែងណាមួយនៅឡើយទេ៕