ទោះយ៉ាងណា លោកប្រាយុទ្ធ ក៏ធ្លាប់បានប្រកាសដែរថា វ៉ាក់សាំងរបស់ចិន Sinovac មួយនេះ គឺអាចចាក់លើមនុស្សដែលមានវ័យក្រោម៦០ឆ្នាំប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេដឹងថាមានវ័យ៦៦ឆ្នាំហើយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈថៃ បាននិយាយនៅថ្ងៃចន្ទទី ២២ ខែកុម្ភៈថា វ៉ាក់សាំងកូវីដ-១៩ គឺជាបញ្ហារសើបមួយ ដែលចាំបាច់ត្រូវពន្យល់ឲ្យបានហ្មត់ចត់ ដល់សាធារណជន។
នាយករដ្ឋមន្ត្រីថៃ នាពេលកន្លងទៅក៏បានព្រមានចាត់វិធានការលើការផ្សព្វផ្សាយទាំងឡាយណាប៉ះពាល់ដល់ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។
តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខភាពសាធារណៈរបស់ថៃ បានឲ្យដឹងថាវ៉ាក់សាំងSinovac ដែលថៃបានបញ្ជាទិញពីប្រទេសចិន នឹងដឹកមកដល់ប្រទេសថៃក្នុងដំណាក់កាលដំបូងប្រមាណ២០ម៉ឺនដូស នៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលថៃមានផែនការបញ្ជាទិញវ៉ាក់សាំងចិននេះ រហូតដល់២លានដូស។
ក្រៅតែពីវ៉ាក់សាំងចិន ប្រទេសថៃ ក៏បានបញ្ជាទិញវ៉ាក់សាំងពីអង់គ្លេស AstraZeneca ផងដែរ ដើម្បីប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានរំពឹងថានឹងទទួលបាន៥ម៉ឺនដូសក្នុងជំហ៊ានដំបូងនេះ។
រដ្ឋាភិបាលថៃ មានគោលបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនរបស់ខ្លួនយ៉ាងតិច ៥០% នៃប្រជាជនសរុប នៅត្រឹមចុងឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ-១៩ ជាង២ម៉ឺន៥ពាន់នាក់ហើយ ខណៈអ្នកជាសះស្បើយមានជាង២ម៉ឺន៤ពាន់នាក់ និងស្លាប់មាន ៨៣នាក់៕