ព្រែកជីកហ្វូណនតេជោ

គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅខែសីហា ខាងមុខ តើអ្នកជំនាញមានការសាទរបែបណា?


គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាសាធារណៈថា នឹងបើកការដ្ឋានសាងសង់នៅអំឡុងខែសីហា ខាងមុខ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកគម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាជាតិកម្ពុជា និងពុំមែនជាគម្រោងសម្រាប់បម្រើដល់ផលប្រយោជន៍របស់បរទេសណាមួយនោះទេ។ តើអ្នកជំនាញមានការសាទរបែបណាចំពោះដំណឹងដ៏ល្អនេះ?
ព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅខែសីហា ខាងមុខ!
ដោយ

នាពិធីសម្ពោធឆ្លងសមិទ្ធផលនានានៃមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រសិនបើមិនមានការប្រែប្រួលទេ រដ្ឋាភិបាលនឹងសម្រេចយកខែសីហា ឆ្នាំ២០២៤ នេះ ដើម្បីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ បើតាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គម្រោងប្រវត្តិសាស្រ្តដ៏សំខាន់នេះនឹងមានពលរដ្ឋខ្មែរភាគច្រើនចូលរួមកសាងជាមួយ ខណៈបច្ចុប្បន្នកំពុងចរចាជាមួយក្រុមហ៊ុនចិន ដែលដាក់ទុនវិនិយោគ។ ទន្ទឹមគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងដែលមានលក្ខណៈជាតិនិយមនេះ ត្រូវតែធ្វើជាដាច់ខាត ដើម្បីផលប្រយោជន៍ជាតិខ្មែរ ទោះបីគ្មានការដាក់ទុនវិនិយោគពីខាងក្រៅក៏ដោយ។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន Linehaul Express បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះដំណឹងដ៏រីករាយជុំវិញការប្រកាសបើកដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។ បើតាមអ្នកជំនាញក្នុងវិស័យឡូជីស្ទីករូបនេះ គម្រោងព្រែកជីកហ្វូណន តេជោ នឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏មហាសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះព្រែកជីកនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែនៅភ្នំពេញឆ្ពោះទៅសមុទ្រ និងទៅកាន់ប្រទេសទី៣ ដែលនឹងធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង ដោយសារតែវាជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនបានច្រើន។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកការសម្រេចបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះថា គឺជារឿងដ៏ល្អ និងជាអ្វីដែលពលរដ្ឋចង់ឃើញសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្រ្តនេះឆាប់លេចចេញជារូបរាងតាមតែអាចធ្វើបាន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាតជំនាន់។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងព្រែកជីកនេះ បានក្លាយជាប្រភពដ៏សំខាន់សម្រាប់ពង្រឹងនូវការឯកភាពជាតិ សាមគ្គីជាតិ និងគំនិតស្នេហាជាតិ ជាតិនិយម ពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

តាមរយៈគម្រោងនេះ ត្រូវបានអ្នកសិក្សារកឃើញថា វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! ចិនសម្រេចដកបម្រាមលើក្រុមហ៊ុននាំចេញសាច់គោរបស់អូស្ត្រាលីហើយ

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា ចិនបានសម្រេចដកបម្រាមលើក្រុមហ៊ុនផលិត និងនាំចេញសាច់គោអូស្ត្រាលីធំៗចំនួន៥ បន្ទាប់ពីប្រទេសនេះបានហាមឃាត់មិនឱ្…

អ្នកជំនាញប្រជាសាស្ត្រដ៏កំពូលព្យាករថា កំណើនសេដ្ឋកិច្ចអាម៉េរិក នឹងមានសន្ទុះលឿនជាងកំណើនសេដ្ឋកិច្ចចិន នៅ១០ឆ្នាំក្រោយ

ព័ត៌មាន
អ្នកជំនាញប្រជាសាស្រ្តដ៏កំពូលមួយរូបបានព្យាករថា ចំនួនប្រជាជនដែលមានវ័យចាស់យ៉ាងឆាប់រហ័សរបស់មហាយក្សចិន នឹងក្លាយជាឧបសគ្គរារាំងកំណើនសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ