សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ញើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភីប្រមាណ ៦ពាន់នាក់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញវឌ្ឍនភាពនៃវស័យអប់រំនៅកម្ពុជា និងកត្តាមួយចំនួនដែលវិនិយោគិនបរទេស តែងតែគិតពិចារណាមុននឹងពួកគេសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តស្នើ និងជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដ្បិតថាការពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សង្គម និងសេដ្ឋកិច្ច ប៉ុណ្ណោះទេ តែក៏ធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញការវិនិយោគពីបរទេស ថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បញ្ហាធនធានមនុស្ស និងតម្លៃអគ្គិសនី គឺជាកត្តាចម្បង ដែលក្រុមវិនិយោគបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសជប៉ុន គិតគូខ្លាំងជាងគេ មុននឹងពួកគេសម្រេចចិត្តថាវិនិយោគនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ ទាក់ទិននឹងបញ្ហាតម្លៃអគ្គិសនីនៅកម្ពុជា ត្រូវបានសម្ដេច ហ៊ុន សែន អះអាងថា មិនសូវជាបញ្ហាប្រឈមខ្លាំង ប៉ុន្មាននោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនមានការដំឡើងថ្លៃអគ្គិសនី នោះទេ ដ្បិតបណ្ដាប្រទេសមួយចំនួនក្បែរខាងកម្ពុជា សុទ្ធតែមានការដំឡើងថ្លៃអគ្គិសនី ក៏ដោយចុះ។ ដូច្នេះ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្លាំង គឺការពង្រឹងគុណភាពធនធានមនុស្ស។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានកត់សម្គាល់ទៀតថា រាល់សកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ។ ក្នុងនោះ ការវិនិយោគដោយវិនិយោគិនក្នុងស្រុកមានខ្ពស់ជាងគេដល់ទៅជាង៥០%នៃការវិនិយោគសរុប។ ដោយឡែកការវិនិយោគ ដោយវិនិយោគិនចិនវិញ គឺមានចំណែក៤៥% នៃការវិនិយោគសរុប និងឈរនៅលំដាប់ខ្ពស់ជាងគេក្នុងចំណោមវិនិយោគិនបរទេសដែលបានវិនិយោគនៅកម្ពុជា។ រីឯ វិនិយោគិនថៃ ឈរនៅលំដាប់ទី២ និងវិនិយោគិនជប៉ុនវិញឈរនៅលេខរៀងទី៣។ ដោយឡែក គិតតាំងទសវត្សរ៍ឆ្នាំ៩០ មកដល់ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដោយក្រុមហ៊ុនជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុប ជិត៣ពាន់លានដុល្លារ។ ក្នុងនោះ រួមមាន គម្រោងវិនិយោគផ្សារទំនើប គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្ត គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យជាដើម៕