វិនិយោគិនជប៉ុន

លោក អានុទីន កំពុងយកចិត្តយកថ្លើមវិនិយោគិនជប៉ុន ក្រោយបារម្ភក្រុមហ៊ុនជប៉ុន រើផលិតកម្មចេញពីថៃ


នាយករដ្នមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខនិយាយយកចិត្តយកថ្លើម និងលួងលោមស្អំចិត្តក្រុមហ៊ុនផលិតរថយន្តជប៉ុន ជាពិសេសក្រុមហ៊ុនយក្ស តូយ៉ូតា កុំឱ្យដកខ្សែច្រវាក់ផលិតកម្មចេញពីប្រទេសថៃ។ ការចេញមុខមកនិយាយយកចិត្តយកថ្លើមនេះធ្វើឡើងក្រោយឥណ្ឌូនេស៊ី កំពុងប្រមាញ់ដណ្តើមយកវិនិយោគិនជប៉ុន តាមរយៈការផ្តល់ការអនុគ្រោះពិសេសសព្វបែបយ៉ាង ខណៈដែលក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសថៃ កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការវាយលុកយ៉ាងគំហុករបស់រថយន្តអគ្គិសនី (EV) របស់ចិន។
វិនិយោគិនជប៉ុន
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសុត នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខច្រានចោលរបាយការណ៍ដែលថា វិនិយោគិនជប៉ុនកំពុងត្រៀមដកទុន និងរើមូលដ្ឋានផលិតកម្មចេញពីប្រទេសថៃ។ លោកបានថ្លែងក្នុងន័យអង្វរករ និងលួងលោមថា រដ្ឋាភិបាលថៃនឹងមិនបោះបង់ចោលមិត្តចាស់ឡើយ ហើយនឹងគាំទ្រឧស្សាហកម្មរថយន្តប្រពៃណីរបស់ជប៉ុនឱ្យអស់ពីលទ្ធភាព។ លោក អានុទីន បានសង្កត់ធ្ងន់ថា ជប៉ុនបានប្រើប្រាស់ថៃជាដេប៉ូចែកចាយរថយន្តធំជាជាងគេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រហូតធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ច និងឧស្សាហកម្មរថយន្តនៃប្រទេសទាំងពីរមានទំនាក់ទំនងស្អិតល្មួតស្ទើរតែមិនអាចកាត់ផ្តាច់បាន។ ទន្ទឹននឹងលោកបានសន្យាថា រដ្ឋាភិបាលថៃត្រៀមខ្លួនរួចជាស្រេចក្នុងការកែសម្រួលលក្ខខណ្ឌច្បាប់ និងលុបបំបាត់រាល់ឧបសគ្គអាជីវកម្ម ដើម្បីធានាថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត និងមិនរត់ចោលប្រទេសថៃ។
ការបង្ហាញភាពភ័យព្រួយរបស់រដ្ឋាភិបាលថៃកើតឡើងក្រោយប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ានកំពុងដាក់នុយអនុគ្រោះពន្ធយ៉ាងក្រាស់ក្រែល ដើម្បីអូសទាញក្រុមហ៊ុនជប៉ុន Toyota ឱ្យរើផលិតកម្មចេញពីថៃ ទៅបោះមូលដ្ឋាននៅប្រទេសខ្លួន គួបផ្សំការហូរចូលយ៉ាងគំហុកនៃរថយន្តអគ្គិសនី (EV) មកពីប្រទេសចិន ដែលកំពុងវាយប្រហារទីផ្សាររថយន្តប្រពៃណីរបស់ជប៉ុន នៅក្នុងប្រទេសថៃ ឱ្យធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អានុទីន បានបញ្ជាក់ថា លោកបានបញ្ជាឱ្យលោក អេកនិទិ និទិថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ឱ្យពិនិត្យ និងកែសម្រួលបទប្បញ្ញត្តិគ្រប់គ្រងវិនិយោគិនបរទេសឡើងវិញ ជាពិសេសត្រូវបង្កើតរបាំងការពារ ដើម្បីកាត់បន្ថយការចាញ់ប្រៀបរបស់ក្រុមហ៊ុនជប៉ុន ខណៈដែលជប៉ុន កំពុងរៀបចំខ្លួនឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនី។
ការចេញមុខលួងលោមរបស់ប្រមុខដឹកនាំថៃ នាពេលនេះ ត្រូវគេមើលឃើញថា គឺជាការស្តែងចេញពីភាពទាល់ច្រក និងក្តីបារម្ភយ៉ាងខ្លាំងរបស់ថៃ ចំពោះការបាត់បង់តំណែងជាមជ្ឈមណ្ឌលផលិតកម្មរថយន្តនៅក្នុងតំបន់ ខណៈដែលវិបត្តិនយោបាយផ្ទៃក្នុង និងការបាត់បង់ទំនុកចិត្តពីសំណាក់វិនិយោគិនបរទេស កំពុងទាញថៃ ឱ្យរសាត់ឆ្ងាយពីចរន្តសេដ្ឋកិច្ចតំបន់ជាលំដាប់៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រោយប្រើកម្លាំងទ័ពវាយអ៊ីរ៉ង់ មិនដួល អាម៉េរិក ងាកមកប្រើសង្គ្រាមសេដ្ឋកិច្ចដោយដាក់សម្ពាធឱ្យសម្ពន្ធមិត្ត និងចិន ជួយគាំទ្រខ្លួន

ក្រោយសង្គ្រាមប្រដាប់អាវុធអូសបន្លាយជិត៦ខែដោយមិនអាចផ្តួលរំលំសមត្ថភាពវាយបក និងជំហរដ៏រឹងមាំរបស់ទីក្រុងតេអេរ៉ង់បាន សហរដ្ឋអាម៉េរិក បានសម្រេច…

អ្នកសារព័ត៌មានជើងចាស់ថៃ ថា ថៃ កំពុងធ្លាក់ចូលក្នុងទសវត្សរ៍នៃការបាត់បង់ឱកាសជាលើកទី២

អ្នកសារព័ត៌មានជើងចាស់ថៃ មួយរូប បានលើកឡើងថា ប្រទេសថៃ នៅពេលនេះ អាចកំពុងតែបោះជំហានឈានចូលដល់ទសវត្សរ៍នៃការបាត់បង់ឱកាសជាលើកទីពីរ។ លោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ