ការអះអាងបែបនេះ ធ្វើឡើងក្រោយសម្តេចមើលឃើញពីកំណើននៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេលជិត៤ខែ ដែលសម្រេចបានប្រមាណ៥៣% នៃផែនការប្រមូលចំណូលប្រចាំឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានជាង២ពាន់លានដុល្លារ កើនលើសផែនការដែលបានកំណត់ជាង២៤%។
នាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹកនិងអត្តពលិកមុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនៅព្រឹកថ្ងៃទី២៨ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីគម្រោងដំឡើងប្រាក់បៀរវត្សរ៍ជូនមន្ត្រីរាជការក្រោយខកខានដំឡើងពីរឆ្នាំកន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ប្រសិនបើគ្មានផលប៉ះពាល់ធ្ងន់ធ្ងរបណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទេនោះ កម្ពុជាអាចមានលទ្ធភាពដំឡើងប្រៀរវត្សរ៍ជូនមន្ត្រីរាជការនៅឆ្នាំក្រោយនេះ។ ប៉ុន្ដែ សម្តេចមិនទាន់អាចបញ្ជាក់បានទេថា ការដំឡើងនេះអាចធ្វើបានក្នុងកម្រិតណានោះទេ។
ការវាយតម្លៃ និងអះអាងបែបនេះរបស់សម្តេច គឺបន្ទាប់ពីមើលឃើញពីសន្ទុះនៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានដារក្នុងរយៈពេលជិត៤ខែកន្លងមកនេះមានការកើនឡើងលើសការរំពឹងទុក។ បើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ គិតត្រឹមថ្ងៃទី២៧ ខែមេសា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន៥៣% នៃផែនការប្រមូលចំណូលប្រចាំឆ្នាំរបស់ខ្លួន។ នៅត្រីមាស១ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ពាន់២៦០លានដុល្លារអាមេរិក ឬស្មើ៤៥% នៃផែនការ មានការកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹកនិងអត្តពលិកមុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការផែនការក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានបង្កកថវិកាជាតិចំនួន៣០ពាន់លានរៀលឬស្មើនឹងជាង៧លានដុល្លារក្នុង១ឆ្នាំសម្រាប់រយៈពេល៤ឆ្នាំ ដើម្បីត្រៀមចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចំណាយថវិកាចំនួន២៨ម៉ឺនដុល្លារឧបត្ថម្ភដល់មន្ត្រីថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកមុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមសរុបចំនួន៥៦០នាក់ ដោយម្នាក់ៗទទួលបាន៥០០ដុល្លារអាមេរិក។ សម្តេចបានជំរុញឲ្យកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ខិតខំប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពបទបញ្ជា និងគោលការណ៍ Fair Play នៃការប្រកួតឲ្យបានខ្ជាប់ខ្ជួន។ ជាពិសេសចៀសវាងការប្រើប្រាស់ល្បិចកល និងសារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។ ជាមួយគ្នានេះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំជើងយន្តហោះពិសេសសម្រាប់ដឹកថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម៕